ព្រះវិហារវត្តផ្ទះកណ្តាល ព្រះវិហារព្រះពុទ្ធសាសនាមានអាយុកាល ១១១ឆ្នាំ ដែលកសាងក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ

ព្រះវិហារព្រះពុទ្ធសាសនាមួយនេះត្រូវបានចាប់ផ្តើមសង់ឡើងក្នុងឆ្នាំច ទោស័ក ព្រះពុទ្ធសករាជ២៤៥២ ត្រូវនឹងគ្រឹស្តសករាជ១៩០៨ គឺស្ថិតក្នុងដើមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ជាម្ចាស់ផែនដី។ បើយើងគិតមកទល់នឹងបច្ចុប្បន្ន ព្រះវិហារនេះមានអាយុកាល១១១ ឆ្នាំគឺគិតរាប់ពីព.ស ២៤៥២ មកទល់នឹងព.ស ២៥៦៣ (គិតដល់ថ្ងៃវិសាខបូជាខាងមុខសល់ប្រមាណ៣០ ថ្ងៃទៀត)។ សំណង់នេះត្រូវបានសង់ឡើងក្នុងព័ន្ធសីមាវត្តផ្ទះកណ្តាល ភូមិផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងជំនាន់ព្រះចៅអធិការទី៥ ព្រះនាមព្រះវិន័យសត្ថា មាន់ សិន ។
ព្រះវិហារនេះសង់បែរមុខទៅទិសបូព៌ា ដែលជាទិសកកើតនៃការត្រាស់ដឹង។ សំណង់នេះសង់ឡើងអំពីឥដ្ឋបូកដោយបាយអរ (ខឿន និងតួរព្រះវិហារ) ចំណែកឯផ្នែកដំបូលសង់អំពីឈើប្រក់ក្បឿង។ បើយើងចោលភ្នែកមើលពីទិសឦសានដូចក្នុងរូបទីមួយ យើងអាចឃើញពីភាពសមល្អឥតខ្ចោះ នៃវិជ្ជមាត្រខ្នាតដ៏សមសួននៃរចនាបថសំណង់សាសនាមួយនេះ។ វាមើលទៅហាក់ដូចជាសំណង់មួយក្នុងព្រះបរមរាជវាំងដូច្នោះដែរ។
ស្ថិតក្នុងប្រភេទវិហារជហ្វា៦ ដែលគ្មានបុស្បុកនោះ ព្រះវិហារនេះអាចឈបានយ៉ាងរឹងមាំ ជាមួយនឹងគ្រោងឆ្អឹង និងរចនាសម្ព័ន្ធនៃផ្នែកដំបូល។ គួររំលឹកថាកាលដែលព្រះវិហារនេះពុំមានបុស្បុកនោះ ដោយហេតុថា ផ្នែកដំបូលគឺសុទ្ធសឹងជាឈើ ដូច្នោះវាមានកម្រិតក្នុងការទ្រទម្ងន់ផ្នែកខាងលើ។ ម្យ៉ាងវាហាក់ដូចមិនត្រូវការកំពូលស្រួចត្រីសូល៌ឡើយ ដោយសាកសមនឹងទ្រង់ទ្រាយទាំងមូលរបស់វា ឫមិនច្រឡំនឹងសំណង់សម្រាប់ព្រះមហាក្សត្រ គឺព្រះរាជវាំង មិនដូចបច្ចុប្បន្ននេះទេ ធ្វើអ្វីចង់ខ្ពង់ខ្ពង់ដាក់តែបុស្បុក យូរៗមិនដឹងជាស្អីៗ គ្មានឋានានុក្រមច្បាស់លាស់។
ការបែងចែកស្លាបដំបូលជាពីរថ្នាក់ ដែលខ័ន្ធដោយនាគចុងចែង និងនាគសន្លឹង ដោយរំលេចបៃរកាយ៉ាងច្រូងច្រាង ជហ្វាដែលមានរាងដូចជាក្បាលនាគរាជផង ឫកន្ទុយផង វាមានលក្ខណៈសមឥតទាស់តាមក្បួនខ្នាតបុរាណខ្មែរ។ ជហ្វានេះស្ថិតក្នុងប្រភេទជហ្វាផ្ចាញ់មារ (ជហ្វាមានបីប្រភេទគឺ ផ្ចាញ់មារ សមាធិ និងបិណ្ឌបាត្រ) ដោយវាមានលក្ខណៈហក់ទៅមុខបន្តិច។ តើហេតុអ្វីបានជាត្រូវប្រើជហ្វាផ្ចាញ់មារទៅវិញ?
សូមបញ្ចាក់ថា ដោយព្រះបដិមាក្នុងព្រះវិហារនេះជាព្រះបដិមារស្ថិតក្នុងលក្ខណៈផ្ចាញ់មារ គឺទ្រង់គង់លើរតនបល្ល័ង្គ មានព្រះនេត្របើក ព្រះហត្ថស្តាំសំយ៉ុងចុះទៅផែនដី និងព្រះហត្ថឆ្វេងដាក់លើព្រះបាទាពែនភ្នែន គឺជាកាយវិការទ្រង់គង់ផ្ចាញ់មារ (មើលក្នុងពុទ្ធប្រវត្តិ) ដូច្នោះហើយដូនតាខ្មែរលោកប្រើគ្រឿងបំពាក់នោះអោយត្រូវតាមលក្ខណៈពុទ្ធប្រវត្តិផង និងសិល្បៈផង។ ចំពោះហោជាងវិញរចនាឡើងអំពីឈើប្រណិតដោយផ្នែកខាងមុខឆ្លាក់រូបព្រះឥន្ទគង់លើសត្វដំរីឰរាវណ្ណដែលជាយាន្ត និងលម្អដោយក្បាច់ភ្ញីទេសយ៉ាងរស់រវើកគួរជាទីគយគន់។
(គួររំលឹកថាដំរីនេះមានភ្លុកដំរីមែនទែន ដែលមានតម្លៃជាពន់ពេក ដែលត្រូវបានចោរគាស់យកបាត់ទាំងភ្លុក និងដំរី ដែលជាចម្លាក់លៀន ដែលគួរអោយស្តាយ)។ ចំណែកឯហោជាងផ្នែកខាងក្រោយឆ្លាក់ពីគម្ពីរព្រះពុទ្ធសាសនាទាំង៣ ដែលលម្អអោយក្បាច់ទេសដូចគ្នា។ ព្រះវិហារនេះរចនាទ្វារចេញចូលទាំងអស់ ដោយខុសប្លែកពីវិហារដ៏ទៃដែលប្រើបង្អួច។ ទ្វារចំហៀង៩ តំណាងអោយមគ្គ៤ ផល៤ និព្វាន១ ឯខាងមុខ២ ក្រោយ២ តំណាងអោយជាតិ ជរា ព្យាធិ និងមរណៈ ។
សរុបទាំងអស់មាន២២ ទ្វារ។ ទ្វារទាំងនោះមានសន្លឹក និងគ្រោងអំពីឈើ រចនាឡើងដូចៗគ្នាយ៉ាងសាមញ្ញ និងមានក្បាំងខ្លែងយ៉ាងសមឥតខ្ចោះជាមួយទំហំ កំណោង និងខ្នាតចែកនឹងកម្ពស់ជញ្ជាំង។ ក្បាំងខ្លែងឆ្លាក់រំលេចដោយក្បាច់អង្គរសន្លឹកកន្ទុយហង្សរង្វេលជាចង្វាយធ្លាក់ទៅសងខាង និងមានរូបព្រះកាលនៅផ្នែកកំពូល ផ្នែកកណ្តាលជាពស់នាគរាជ និងផ្នែកក្រោមដូចជាកោដិ។
រូបភាព និងអត្ថបទ ៖ ផន គីមហ័រ ព.ស ២៥៦២