ទឹក​ហូរ​ថ្ម​រអិល ​ក្នុង​ចម្ការ​កៅស៊ូ​ស្រុក​បកែវ កម្រ​មាន​អ្នក​ស្គាល់ នៅ​រតនគិរី

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
ទឹក​ហូរ​ថ្ម​រអិល ​ក្នុង​ចម្ការ​កៅស៊ូ​ស្រុក​បកែវ កម្រ​មាន​អ្នក​ស្គាល់ នៅ​រតនគិរី ទឹក​ហូរ​ថ្ម​រអិល ​ក្នុង​ចម្ការ​កៅស៊ូ​ស្រុក​បកែវ កម្រ​មាន​អ្នក​ស្គាល់ នៅ​រតនគិរី

ក្រុម​ទេសចរ​ដែល​យាត្រា​ពី​ចម្ងាយ​ភាគច្រើន​ស្គាល់​តំបន់​កម្សាន្ត​ទឹក​នានា តែ​នៅ​ក្បែរៗ ឬ​ជុំវិញ​ក្រុង​បាន​លុង​តែ​ប៉ុណ្ណោះ​។ ភាគច្រើន​ទេសចរ​ក៏ប៉ង​ទៅ​លេង​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ស​ឡោម​តែ​ម្តង ហើយ​វិល​ត្រឡប់​មក​ឆ្វែល​តំបន់​ទីប្រជុំជន​វិញ​ភ្លាម ឬ​ក៏​ឆៀង​ទៅ​ទស្សនា​តំបន់​ភូមិឋាន​បងប្អូន​ជនជាតិ ដើម្បី​បញ្ចប់​ដំណើរ​កម្សាន្ត​របស់​ខ្លួន​។ មាន​បណ្តុំ​ទេសភាព​ព្រៃ​ឫស្សី​ពណ៌​បៃតង​លាយ​ឡំ​ព្រៃឈើ​តូចៗ​ដែល​រេរាំ​ដោយ​ចរន្ត​ខ្យល់​បរិសុទុ្ធ​បក់បោក​មាន​ចម្ការចេក និង​ចម្ការ​កៅស៊ូ​អម​សងខាង ហើយ​មាន​ទីវាល​លេង​ទឹក​កម្សាន្ត​វែង​ជម្រៅ​ទឹក​រាក់ៗ ហូរ​ជ្រែក​ផ្ទាំង​ថ្ម ពេល​ចុះ​ងូត​លេង​យ៉ាង​ត្រជាក់​កាយ​អាច​ជា​ទីកន្លែង​ថ្មី​ស័ក្តិសម​សម្រាប់​ភ្ញៀវទេសចរ​មកពី​ចម្ងាយ​ណាស់ ខណៈ​សូម្បីតែ​បងប្អូន​ជា​ម្ចាស់​ស្រុក​នោះ​ក៏​មិន​សូវ​ជា​បាន​ស្គាល់​រមណីយដ្ឋាន​ទឹក​ហូរ​ថ្ម​រអិល​នេះ​ដែរ​។

តំបន់​រមណីយដ្ឋាន​ទឹក​ហូរ​ថ្ម​រអិល​ស្ថិត​នៅ​ភូមិ​សាលា ឃុំ​កក់ ស្រុកបកែវ ខេត្ត​រតនគិរី​មាន​ចម្ងាយ​ជិត ៤០ គីឡូម៉ែត្រ​ពី​ក្រុង​បានលុង​ដោយ​ទេសចរ​ត្រូវ​បត់​ឆ្វេង​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ឡាមិញ​នៅ​ត្រង់​ផ្លូវបំបែក​ទៅ​ផ្សារ​បកែវ ដែល​មាន​រូប​ដុំ​ត្បូងពេជ្រ​ជា​សម្គាល់​មាន​ចម្ងាយ​ប្រមាណ​ជា ៣-៤ គីឡូម៉ែត្រ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចម្ការ​កៅស៊ូ​គឺជា​ផ្លូវ​កាត់​ចូល​ទៅ​។ ម្យ៉ាងទៀត​ក្រុម​ទេសចរ​ក៏​អាច​ធ្វើ​ដំណើរ​ហួស​ទៅ​ត្រង់​ដល់​ទីសា្នក់ការ​សាលាឃុំ​កក់​ដែល​ជា​ផ្លូវ​ឆ្ងាយ​ជាង​មាន​ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ​ចេញ​ពី​ផ្លូវបំបែក​មាន​រូប​ដុំ​ត្បូងពេជ្រ​ជា​សម្គាល់​នោះ​ដែរ​។ លោក ឌិន សុភក្តិ ដែល​អាស្រ័យ​ផល​ដោយ​ប្រកបរបរ​ចិញ្ចឹមជីវិត​មាន​ការងារ​នៅ​ចម្ការ​កៅស៊ូ​ដ៏ធំ​ល្វឹងល្វើយ និង​ជា​អ្នកភូមិ​សាលា​បាន​ឲ្យ​ដឹងថា​៖ «​នៅ​ទី​នេះ​មាន​បណ្តុំ​ទេសភាព​អំណោយផល​ល្អៗ​ជាច្រើន​សម្រាប់​ការកម្សាន្ត​របស់​ក្រុម​ភ្ញៀវ តែ​ដោយសារ​មិន​មាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​នោះ ទើប​មិន​សូវ​ជា​មាន​ភ្ញៀវ​មកពី​ចម្ងាយ​បាន​ស្គាល់​ទេ ហើយ​សូម្បីតែ​អ្នកស្រុក​បកែវ​នេះ​ផ្ទាល់ ក៏​ពុំ​សូវ​ជា​មាន​អ្នក​ស្គាល់​ច្រើន​ដែរ​ទេ​។ ខណៈ​ទើប​តែ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​មាន​អ្នក​ស្គាល់​ខ្លះ ហើយ​ក៏​បាន​ប្រាប់​គ្នាតៗ និង​នាំគ្នា​មក​លេង​»​។

ខណៈ​សម្ទុះ​ភ្ញៀវទេសចរ​មក​លេង​ក៏​មិន​មាន​ទេសចរ​មក​លេង​ច្រើន​នោះ​ឡើយ នៅ​តំបន់​រមណីយដ្ឋាន​ទឹក​ហូរ​ថ្ម​រអិល​នេះ ខណៈ​ទាល់តែ​នៅ​រដូវកាល​បុណ្យទាន​ធំៗ​ទើប​មាន​អ្នក​ស្រុក​ក្បែរ​មកលេង ហើយ​ក៏​តម្រូវ​ឲ្យ​ភ្ញៀវ​ត្រូវ​វេច​ខ្ចប់​ម្ហូប​អាហារ​តាម​ខ្លួន​យក​ទៅ​ញ៉ាំ​ផង​។ លោក ឌិន សុភក្តិ ក៏​បញ្ជាក់​ដែរ​ថា​៖ «​សម្រាប់​ថ្ងៃ​ធម្មតា​មិន​សូវ​ជា​មាន​អ្នក​មក​លេង​ទេ ខណៈ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​មាន​ក្រុម​សិស្ស​សាលា​ខ្លះ​មក​ងូតទឹក​លេង​ប្រមាណ ២-៣ ក្រុម​មាន​ចំនួន ២០ ឬ ៣០ ​នាក់​តែ​ប៉ុណ្ណោះ​។ បើ​នៅ​រដូវកាល​បុណ្យទាន​វិញ​ដូចជា​ចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ​គឺ​អាច​មាន​អ្នក​មក​លេង​ចំនួន​រាប់រយ​នាក់​»​។ សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​មក​សម្រាក​លម្ហែកាយ​ទទួលទាន​អាហារ​នោះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​តែ​ការ​មកលេង​នៅ​ទី​នេះ​មិន​មាន​កន្លែង​លក់​ម្ហូបអាហារ​ទេ ដោយ​វា​នៅ​ឆ្ងាយ​ពី​ភូមិ​បន្តិច ដូច្នេះ​ភ្ញៀវ​មក​លេង​ត្រូវ​តែ​មាន​ចំណី​អាហារ​ដាក់​តាម​ខ្លួន​មក​ទើប​ជា​ការល្អ​ប្រសើរ​»៕

ប្រភព៖ភ្នំពេញប៉ុស្តិ៍៍

បញ្ចេញមតិ
ស្លាក