រនាតថ្មមកពីអន្លង់ត្រារាជ្យ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
រនាតថ្មមកពីអន្លង់ត្រារាជ្យ រនាតថ្មមកពីអន្លង់ត្រារាជ្យ

នៅក្នុងខែឧសភា ២០១៧ យើងបានធ្វើដំណើរជាលើកទីពីរ ដើម្បីអោយដឹងទីតំាងពិតនៃកន្លែងប្រើប្រាស់រនាតថ្ម។ វាមិនមែនជាការរុករកបែបវិទ្យាសាស្រ្តនោះទេ តែបែបទេសចរណ៏ និង និពន្ធប្រលោមលោកច្រើនជាង ។ ដូច្នេះអ្វីដែលសរសេរនៅទីនេះក៏វាមានទៅតាមនោះដែរ ពោលគឺគ្រាន់តែចង់រំលឹកថា នគរយើងក៏នៅសល់រនាតថ្មដែលជាឧបករណ៏ភ្លេងនាសម័យកាលដ៏យូរលង់មួយនឹងគេដែរ រីឯសេចក្តីលម្អិតទំាងឡាយនោះគឺជាភារៈរបស់មន្រ្តីជំនាញដែលលោកមានទេពកោសល្យនឹងពន្យល់ជូនអស់លោកអ្នក ។

ដោយតាមពិតទៅខ្ញុំមានសំណាងបានឃើញរនាតថ្មនេះដោយផ្ទាល់ភ្នែកនៅក្នុងឆ្នំា២០១៦នៅឯសារមន្ទីរជាតិ ហើយពេលនោះក៏មានវាសនាបានឃើញនិងបានស្តាប់នូវឃ្លីបវីដេអូមួយ ដែលអ្នកឯកទេសជនជាតិបរទេសបាន សាកល្បងយកសម្លេងពីសន្លឹកថ្មដ៏មិនគួរអោយជឿទំាងពីរនេះ ។ ក្រោយមកខ្ញុំត្រូវព្យាយាមដល់ខែ វិឆ្ឆិកា ឆ្នំា ២០១៨ ទើបខ្ញុំមានវាសនាទទួលបានឃ្លីបវីដេអូស្តីពីការសាកល្បងយកសម្លេងពីរនាតថ្មដ៏សែនទាក់ទាញនេះ បើទោះបីវាជាឃ្លីបផ្សេងខុសគ្នាពីអ្វីដែលខ្ញុំឃើញជាលើកដំបូង នោះក៏ដោយ។ សូមមេត្តាចូលទៅក្នុង ដើម្បីមើលនិងស្តាប់ពីការសាកល្បងទំាងនោះ ។ រនាតថ្មដែលជាឧបករណ៏ភ្លេងដ៏កម្រនិងយូរលង់មួយនេះជារឿងមួយអស្ចារ្យណាស់សំរាប់ខ្ញុំ ក៏ដូចជាសម្រាប់ខេត្តកំពង់ឆ្នំាង ក្នុងចំណោមរឿងដ៏អស្ចារ្យដទៃទៀតដែលមានក្នុងខេត្ត ដែលខ្ញុំបានគិតគ្រាន់តែមិនដឹងជាធ្វើយ៉ាងម៉េចអោយសមនឹងគំនិតខ្លួន? តាមកំនត់ហេតុ នៅក្នុងឆ្នាំ ១៩២១ គេបានទៅយករនាតថ្មពីរសន្លឹកនេះពីទីមួយដែលគេហៅថា អន្លង់រាជ្យ ជាទីកោះស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។ ឈ្មោះអន្លង់រាជ្យនេះ បើតាមឯកសារមហាបុរសខ្មែរ គឺកើតមានក្រោយរាជ្យឃុនហ្លួងព្រះស្តេចកនមកទេ ពោលគឺថានៅពេលទ័ពអង្គចន្ទរាជា វាយបកពីចំណុច វាលស្រាបអង្កាម ជិតពន្លៃនោះមក កងទ័ពប្រមាណ ១៥ម៉ឺននាក់របស់ព្រះស្តេចកនត្រូវបាក់ខូចខាតទំាងស្រុង ហើយភៀសខ្លួនតាមទីផ្សេងៗគ្នា ឯខ្លះក៏តាមទន្លេ ជាច្រកដែលខ្លួនធ្លាប់វាយសម្រុកឡើងទៅ រហូតដល់ស្តេចកនសល់តែសេនាការពារប្រមាណតែជាង២០នាក់ប៉ុណ្ណោះ ។

ក្នុងចំណោមទាហានបាក់ទ័ពទំាងនោះក៏មានអ្នកថែរក្សាត្រានគរ៣នាក់ផងដែរ ។ អ្នកថែរក្សាត្រានគរនោះបានចែវទូកភៀសខ្លួនតាមកោះឯម្តុំពាមឆ្កោកនេះ ជួនជាមានខ្យល់ខ្លំាងនិងភិតភ័យផង ត្រាសម្រាប់នគរ នោះបានធ្លាក់លិចចូលទីអន្លង់ទឹកឯក្បាលកោះមួយដែលមានជម្រៅជ្រៅរហូតដល់ប្រវែងពីរផ្តៅតគ្នា(អាច២០ម៉ែត្រទេដឹង?)។ ខណះនោះសូម្បីទៅជួលចាមណាមួយអោយមុជចុះក្រោមតាមទៅយក ក៏គ្មាននរណាមួយនឹងហ៊ាន មុជចុះទៅ ម្លោះហើយអ្នកថែរក្សាត្រានគរទំាងបីនាក់នឹកថាបើខ្លួនយកត្រានគរនេះមិនបានមកវិញទេ ខ្លួនគង់នឹងស្លាប់ដដែលទេ ម្ល៉ោះហើយក៏ប្រឹងមុជទឹកតាមយករហូតដល់ស្លាប់ទំាងបីនាក់អស់ទៅហោង ។ ចាប់ពីពេលនោះមកទីនោះគេហៅថា អន្លង់ត្រារាជ្យ លុះយារៗមកក៏នៅត្រឹម អន្លង់រាជ្យ ទៅវិញ ។ សូមបញ្ជាក់ថាក្នុងអម្លុងសង្គ្រាមតស៊ូដណ្តើមអំណាចគ្នារវាងហ្លួងព្រះស្តេចកន និង ព្រះអង្គម្ចាស់ចន្ទរាជានោះ ឃើញថាកើតមានឈ្មោះសម្គាល់ទីតំាងថ្មី ឬ ក៏ឈ្មោះល្បីល្បាញ ដូចជា អ្នកតាឃ្លំាងមឿង, ទូកចង្ហាន់ហុយ, កោះហ៊ោរ វត្តព្រែកហ្លួងជាដើម ។ល។ សូមងាកមកបន្តសាច់រឿងរនាតថ្មនេះវិញ ។ តើចំណុចអ្វីខ្លះដែលធ្វើអោយខ្ញុំទាក់ចិត្តនឹងរនាតថ្មនេះម្ល៉េះ? ។ ក្នុងរូបភាពទី១និងទី២ លោកអ្នកបានឃើញរួចហើយនូវរូបរាងដែលគេហៅថារនាតថ្មនេះ។ ក្នុងភ្នែកជាមនុស្សធម្មតា មិនមែនជាអ្នកស្រាវជ្រាវ ខ្ញុំគិតថា៖ ១. រនាតថ្ម គឺបន្ទះសន្លឹកថ្មម្យ៉ាងដែលមានសម្លេងដូចជាគងនិងរនាត គ្រាន់តែឮតិចជាងប៉ុណ្ណោះ ច្នោះគេធ្វើម៉េចអោយឮខ្លំាងបាននៅទីដែលមានមនុស្សកុះករបានទៅ? ២. តាមសណ្ឋាននៃអ្នកផលិតរនាតនោះ នាំអោយយើងកំណត់បានថាវាមានក្បាលនិងកន្ទុយ ។ ការកំណត់នេះវាអាចងាយចំណាំទៅលើខ្ទង់សម្លេង ធំតូចក្នុងឧិកាសហ្វឹកហាត់ឬប្រគំយកតែម្តង ៣. សន្លឹកថ្មនេះទំនងយកចេញពីផ្ទំាងថ្មតែមួយ ព្រោះថា ថ្វីបើវាមានពីរសន្លឹកមែនពិត តែខ្ទង់សម្លេងចាប់ពីក្បាលដល់កន្ទុយគឺហាក់មានកម្រិតសម្លេងដូចគ្នា ។

ក្រៅពីនេះខ្ញុំក៏គិតដែរថា បើនៅអន្លង់រាជ្យមានឧបករណ៏រនាតថ្មយ៉ាងដូច្នេះ នៅទីដទៃ, ខេត្តដទៃ, ក៏អាចមានដូចគ្នាដែរ គ្រាន់តែវាបាត់បង់ទៅតាមពេលវេលា ។ ម្យ៉ាងទៀតការរីកសាយភាយនៃឧបករណ៏ភ្លេងរនាតថ្មមកដល់ដីកោះនេះ វាមិនមែនសាមញ្ញពេកនោះទេ ព្រោះថាវាទាល់តែដីកោះនេះមានមនុស្សរស់នៅកកកុញ មានចរន្តពាណិជ្ជកម្មរីកដុះដាល ឬ ក៏ជាទីតំាងសាសនាដ៏សំខាន់ណាស់ទើបរនាតថ្មនេះមកដល់ ។ មួយវិញទៀតបើនៅទីនេះសម្បើមប៉ុណ្ណឹងហើយ នៅឯសំរោងសែនវាគួរតែសម្បើមជាងហ្នឹងទៀត ។ ហេតុអ្វីបានជាគេប្រៀបធៀប ការកំសត់និងភាពឯកោ ដូចគ្នាទៅនឹងតំបន់ឫស្សីដង្គួច? ឫស្សីដង្គួចជាកន្លែងលំហរមួយចន្លោះប្រជុំនានាមាន កោះថ្កូវ រហូតដល់អន្លង់រាជ្យ និង ភ្នំព្រៃគ្រី នៃស្រុកជលគីរី របស់ខេត្តកំពង់ឆ្នំាង ។ នារដូវរស្សាទីនេះពោរពេញដោយទឹក ឯរដូវប្រាំងវិញគឺជាព្រៃរនាម។ មកដល់ទសវត្សទី៦០ហើយ ក៏ទីនេះគេគិតថានៅមានសត្វខ្លាដើរឆ្លងកាត់ផងដែរ ។ វាទំនងជាទីមួយដែលគេលំបាកក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ច្នោះហើយសម័យមួយនោះគេក៏បោះបង់ចោលទៅ(ពេលយើងទៅដល់ តាមមាត់ព្រែកនេះ ពោរពេញដោយដើមស្បូវភ្លាំងក្រាស់ឃ្មឹក)។ ប៉ុន្តែបើយើងឡើងទៅលើបន្តិចទៀតគឺទៅដល់ទីប្រជុំជនពាមឆ្កោក និង អន្លង់រាជ្យ ហើយ។ ដូច្នោះវាងាយណាស់ដែលចម្រៀងពីដើមបានប្រៀបធៀបយ៉ាងដូច្នេះ ព្រោះថានៅជុំវិញឫស្សីដង្គួចនេះវាសុទ្ធតែជាទីប្រជុំជនដ៏សីវិល័យទំាងអស់មានជាអាទិ៏ ៖ ភ្នំត្រប់ វត្តប្រើសមាស ភ្នំព្រៃគ្រីទីប្រជុំជនស្រុកជលគីរី, ទីប្រជុំជនពាមឆ្កោក, ទីប្រជុំជនវត្តទួលវិហារដែលស្ថិតនៅលើបណ្តោយផ្លូវបុរាណដ៏ធំមួយ ហើយក្រោមបន្តិចគឺជាកំពង់ចម្លងកោះថ្កូវ ។ ល។

ប្រភព៖ខេមរវិទ្យា

បញ្ចេញមតិ