គម្រោងស្រាវជ្រាវពីរចនាសម្ព័ន្ធនៃសំណង់ប្រាសាទដែលកប់នៅក្រោមដីក្នុងរមណីយដ្ឋានកោះកែរ
កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear តាមរយៈទំព័រហ្វេសបុករបស់ខ្លួនបានធ្វើការផ្សព្វផ្សាយពីគម្រោងស្រាវជ្រាវពីរចនាសម្ព័ននៃសំណង់ប្រាសាទដែលកប់នៅក្រោមដីក្នុងរមណីយដ្ឋានកោះកែរ។ ការស្រាវជ្រាវពីរចនាសម្ព័ន្ធនៃសំណង់ប្រាសាទដែលកប់នៅក្រោមដីនេះត្រូវបានធ្វើឡើងដោយប្រើប្រាស់ម៉ាស៉ីន GRP (Ground Penetrating Radar)។
ចាប់ពីថ្ងៃទី១១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩ មន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយអ្នកស្រាវជ្រាវអន្តរជាតិមកពីសាកលវិទ្យាល័យប្រីតធីសកូឡំបី (British Colombia Universty) នៃប្រទេសកាណាដា ដឹកនាំដោយកញ្ញា Dr. Sarah Klassen ធ្វើការស្រាវជ្រាវអំពីរចនាសម្ព័ន្ធគ្រឹះសំណង់បុរាណដែលកប់នៅក្រោមដីក្នុងបរិវេណប្រាសាទធំ និងបរិវេណអតីតរាជវាំង (អណ្តូងព្រេង) ដោយប្រើប្រាស់ម៉ាស៉ីន GPR scanning។
ចំពោះលទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវធ្វើបទបង្ហាញក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ គណម្មការសម្របសម្រួលអន្តរជាតិសម្រាប់ព្រះវិហារ (ICC-Preah Vihear) ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាបនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា បើយោងតាមអត្ថបទចេញផ្សាយនៅក្នុងទំព័រហ្វេសបុករបស់មន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ប្រាសាទកោះកែរ ស្ថិតនៅភាគឦសានពីរាជធានីអង្គរ ជាអតីតទីក្រុងកោះកែរ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ទីក្រុងនេះ មានផ្លូវបុរាណ (ហៅព្រះថ្នល់ក្នុងសិលាចារឹក) ភ្ជាប់ពីទីក្រុងអង្គរ កាត់តាមប្រាសាទភ្នំសណ្តក និង ប្រាសាទអ្នកបួសលើភ្នំដងរែកបន្តទៅដល់វត្តភូក្នុងប្រទេសឡាវ ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានអះអាងថា ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤២) ការកសាងប្រាសាទនេះឡើងក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា ។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬ ផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានផៃ្ទដីទំហំ ២៥៦ គីឡូម៉ែត្រក្រឡា រួមមាន ៩៨ ប្រាសាទ ។
ប្រាសាទកោះកែរមាន ៧ ជាន់ កម្ពស់ ៣៥ ម៉ែត្រ កសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា ។
ក្រុមប្រាសាទ កោះកែរ ដែលបានរកឃើញសព្វថ្ងៃមាន ៩៨ ប្រាសាទដូចជា៖ ប្រាសាទដាវ,រំលំបី, បឹងវែង,ត្រពាំងព្រៃ,ដីឆ្នាំង,ស្រុងស្រឡៅ,លិង្គ,គុកស្រគំ,ត្រពាំងតា,សុភី,ក្រហម,អណ្តូង,អង្គខ្នា,ទឹក ក្រហម,ដំរីស,ក្ររាប់,បន្ទាយពីរជាន់,គុក,ខ្មៅ,ថ្នឹង,ធំបល័ង្គ,រហាល,ចំណេះ,សំពេច,ត្រពាំងស្វាយ, នាងខ្មៅ,ប្រាំ,បាត់,ខ្នារចិន,ឃ្លុំ,ច្រាប,ដងទង់,ប្រាង្គ,កំផែង …។ល។ ដែលប្រាសាទទាំងនោះមិនបានសង់ជាប់ៗគ្នានោះទេ ពោលគឺនៅដាច់ៗពីគ្នាចាប់ពី ១ គីឡូម៉ែត្រទៅ ៣ ឬ ៤ គីឡូម៉ែត្រ ហើយក៏មានប្រាសាទខ្លះត្រូវរងការខូចខាតបាត់បង់កប់ក្នុងដីខ្លះក៏មាន៕ អត្ថបទដោយ៖ ទី សារឿន