ប្រាសាទភ្នំក្រោម (សៀមរាប)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
ប្រាសាទភ្នំក្រោម (សៀមរាប) ប្រាសាទភ្នំក្រោម (សៀមរាប)

ប្រាសាទភ្នំក្រោម ស្ថិតនៅលើកំពូលភ្នំក្រោម មានចម្ងាយប្រហែល១២គីឡូម៉ែត្រខាងត្បូងក្រុងសៀមរាប ខាងជើងបឹងទន្លេសាប និងមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។

ប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស.) ចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលដំណាលគ្នានឹងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក ដើម្បីគោរពដល់ព្រហ្មញ្ញសាសនា ឧទ្ទិសដល់អាទិទេពទាំង (ត្រីម៌ូតិ) គឺប៉មកណ្តាលឧទ្ទិសដល់ព្រះឥសូរ ប៉មខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និងប៉មខាងជើងឧទ្ទិសដល់ព្រះនារាយណ៍។

ប៉មបីទន្ទឹមគ្នានៃប្រាសាទនេះ សាងសង់ឡើងលើខឿនតែមួយ និងមានទំហំខុសៗគ្នាគឺ ប៉មកណ្តាលរាងការេមានទំហំ៩.៤០មx៩.៤០ម និងកម្ពស់១០ម។ ឯប៉មខាងជើងនិងខាងត្បូងប្លង់រាងការេដែរ ដែលមានទំហំ ៧.៥០មx៧.៥០ម។ បច្ចុប្បន្ន ប្រាសាទស្ថិតនៅកណ្តាល ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម ក្នុងទំហំប្រមាណ៣៤០៨ម៉ែត្រក្រឡា។

ភ្ញៀវទេសចរដែលឡើងទៅដល់ប្រាសាទភ្នំក្រោមនេះ អាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ រួមនឹងទិដ្ឋភាពជុំវិញដូចជា បឹងទន្លេសាប វាលស្រែដ៏ធំល្វឹងល្វើយ និងទិដ្ឋភាពពេលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតទៀតផង។

នាពេលរដូវវស្សាចូលមកដល់ទីទួលនានាត្រូវបានលិចស្រោចស្រពដោយជលសាទឹកទាំងនោះត្រូវបានហូរមកពីបឹងទន្លេសាបដ៏ធំល្វើងល្វើយ លិចអស់ផលដំណាំ ដីស្រែដែលនៅជុំវិញភ្នំក្រោមនោះ។ ដីចាស់ហូរចេញទៅដីល្បាប់ថ្មីក៏ហូរចូលមកជំនួសវិញធ្វើអោយដីដាំដំណាំ ស្រែចំការមានជីវជាតិគ្រប់គ្រាន់ធ្វើបងប្អូនប្រជាកសិករដែលរស់នៅជុំវិញភ្នំក្រោមនោះធ្វើផលដំណាំបានទិន្នផលខ្ពស់ មានជីវភាពធូរធារ។ រដូវទឹកស្រកមកដល់បងប្អូនប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណាំ ចំការ ស្រែស្រូវ ធ្វើអោយសម្រស់ជុំវិញភ្នំក្រោមកាន់តែមានភាពស្រស់ស្អាតទ្វេដង ពោរពេញទៅដោយភាពស្រស់បំព្រង ដែលកើតចេញពីសម្រស់ភោគផលកសិកម្មធម្មជាតិរបស់បងប្អូនប្រជាកសិករ។

សូមរីករាយទស្សនាកម្រងរូបភាពស្អាតៗនៃប្រាសាទភ្នំក្រោម ៖

ប្រភព៖ http://apsaraauthority.gov.kh

បញ្ចេញមតិ