សមរាត្រី ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត មកដល់ទៀតហើយ!

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
សមរាត្រី ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត មកដល់ទៀតហើយ! សមរាត្រី ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត មកដល់ទៀតហើយ!

ទំព័រហ្វេសបុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញផ្សាយនៅពេលថ្មីៗឲ្យដឹងថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សមរាត្រី​នារដូវប្រាំង​នៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ នឹងត្រូវចំថ្ងៃទី២០ ខែមីនាខាងមុខ។ សមរាត្រីជា​វេលាដែល​ថ្ងៃនិងយប់​មានរយៈ​ពេល​ស្ទើរតែ​ស្មើ​គ្នា​។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យនឹងរះទ្បើងចំកំពូល​កណ្តាល​នៃ​អង្គរវត្ត​នាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥ និង​៥០​នាទីដល់ម៉ោងប្រហែល៧ព្រឹក នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩។

នេះជាអច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នា​រវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះគឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញ​ចម្លើយចំពោះ​សំណួរ​ដែល​សួរ​មិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?

នៅក្នុងការចេញផ្សាយនោះ ក្រសួងក៏បានធ្វើការប្រកាសសូមឲ្យសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ អញ្ជើញទស្សនាតាមការគួរ ដើម្បី​ស្វែងយល់ពីអច្ឆរិយការណ៍នេះ។ សូមបញ្ជាក់ផងដែររៀងរាល់មានព្រឹត្តិការណ៍ សមរាត្រីនេះម្ដងៗ យើងសង្កេត​ឃើញ​មានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិបានចូលរួមរង់ចាំទស្សនា និងផ្ដិតយកនូវរូបភាពដ៏អស្ចារ្យ និងដ៏កម្រនេះនៅខាងមុខ​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​កុះករ​ផងដែរ។

បញ្ចេញមតិ