សាកអានបានដឹង!!!​តើអ្នកដឹងថា ម៉ែ បានធ្វើអ្វីខ្លះ ដើម្បីអ្នក??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩​ | អប់រំ | 0 |
សាកអានបានដឹង!!!​តើអ្នកដឹងថា ម៉ែ បានធ្វើអ្វីខ្លះ ដើម្បីអ្នក?? សាកអានបានដឹង!!!​តើអ្នកដឹងថា ម៉ែ បានធ្វើអ្វីខ្លះ ដើម្បីអ្នក??

ពន្លកនៃជីវិតកូនគឺកើតឡើងចេញពីផ្ទៃអ្នកម្តាយ ។ អ្នកម្តាយថ្នាក់ថ្នម គេងស្រម៉ៃគិត ស្រលាញ់ បារម្ភ ភ័យភិត តំាងតែ ពីរូបកូននៅក្នុងផ្ទៃរបស់លោកម្ល៉េះ ។ ក្តីស្រលាញ់របស់លោកលាក់កប់ទុកយ៉ាងជ្រាលជ្រៅ ធំធេង នឹងមិនចេះរសាយឡើយ ។ តំាងពីលោកសក់ខ្មៅ រហូតដល់ពេលនេះសក់ម៉ែក្លាយទៅជាស សម្លេងអ្នកម៉ែក៏មិនច្បាស់ដូចមុន រូបកាយក៏មិនមំាមួន រីឯសុខភាព ក៏ទ្រុធទ្រោម ហើយកូនក៏នៅឆ្ងាយៗទៀត ឱអ្នកម៉ែ តើម៉ែឈឺជាយ៉ាងណា ពិបាកយ៉ាងណា?

ម៉ែមើលថែកូនតំាងតែពីតូច ម៉ែលំបាក វេទនា អត់ទ្រំា ព្រោះតែកូនម្នាក់នេះ គ្រប់យ៉ាងម៉ែទ្រំា មិនឱ្យកូនម្នាក់នេះដឹងថាម៉ែលំបាកឡើយ លុះកូនពេញវ័យ ដឹងក្តីពេលណា ម៉ែក៏ក្លាយទៅជាជរា តើកូននៅសល់ពេលវេលាប៉ុន្មានទៀត? ម៉ែខ្លាចបាត់បង់កូន ដូច្នេះម៉ែតែងតែប្រៀនប្រដៅ ណែនំាកូន ការពារកូន ឱ្យដើរតាមគន្លងធម៌តែពេលនេះ គឺកូនទេកូនទេដែលខ្លាចបាត់បង់អ្នកម៉ែដ៏សែនល្អរបស់កូននោះ។

ម៉ែចាស់ ម៉ែឈឺ ម៉ែនៅតែម្នាក់ឯងតើម៉ែលំបាកយ៉ាងណា? ពេលនេះកូនដឹង កូនស្រក់ទឹកភ្នែកព្រោះអាណិតអ្នកម្តាយ របស់កូន អាណិតអ្នកម៉ែដែលគ្មានអ្នកណានៅមើលថែ តើគួឱ្យកូនធ្វើយ៉ាងណា កូនបានត្រឹមតែបារម្ភ ក្តុកក្តួលចិត្តអាណិតម៉ែ តែបែរជាមិនអាចនៅក្បែរម៉ែ មើលថែម៉ែ ។ ទុកពេលឱ្យកូនផងម៉ែឱ្យកូនបានមើលថែរអ្នកម៉ែដោយស្មោះស្ម័គ្រអស់ពីចិត្ត ពីថ្លើម ។ភ្នែកកូនមើលមិនឃើញ តែចិត្តកូនដឹងច្បាស់ពីសុខទុកអ្នកម៉ែ ពេលនេះម៉ែមិនរឹងមំាដូចមុនទេ សុខភាពម៉ែមិនល្អ ដូចមុនឡើយ តើនឹងឱ្យកូនចោលម៉ែម្តេចបាន? ម៉ែបីបាច់កូនរាប់ឆ្នំា តែកូនបែរជាមិនអាចមើលថែម៉ែវិញសូម្បី១ថ្ងៃ។

អ្វីៗគ្រប់យ៉ាងដែលកូនកំពុងកាន់ កំពុងមើល កំពុងសរសេរ កំពុងប្រើប្រាស់ កំពុងមាន រួមទំាងជីវិតនេះ គឺអ្នកម្តាយជាអ្នក ផ្តល់ឱ្យកូនតំាងពីកូនជីវិតតូចមួយដែលគ្មានន័យអ្វីសោះ ក៏ព្រោះក្តីសណ្តោស ស្រលាញ់របស់ម៉ែ ទើបម៉ែតស៊ូលំបាក បង្កើត ហើយចិញ្ចឹមកូនម្នាក់នេះរហូតមានថ្ងៃនេះ។ អ្នកម៉ែអស្ចារ្យណាស់ អ្នកម៉ែមហិមាណាស់ អ្នកម៉ែជាព្រះរស់ ជាជីវិតកូនគុណអ្នក ម៉ែថ្លៃខ្ពស់ឧត្ដម គ្មានអ្វីអាចប្រដូចបាននោះឡើយ ។

កំហុសតូច ធំ រឿងល្អ រឿងអាក្រក់ ម៉ែរ៉ាប់រងព្រោះតែកូន ម៉ែអត់ពិសាក៏ដើម្បីកូនបានឆ្ងាញ់អ្វីដែលម៉ែបានធ្វើ គឺគ្មានអ្នកទីពីរណាអាចធ្វើ នឹងស្មើអ្នកម៉ែឡើយ ។ អ្នកម៉ែ!!! ម៉ែគឺជាបេះដូង ម៉ែជាម្ចាស់ជីវិត ម៉ែជាមនុស្សតែម្នាក់ដែលមិនចង់បានអ្វីពីកូន គឺសុំត្រឹមកូនបានសុខសប្បាយ គឺម៉ែពេញចិត្តហើយ កូនសំណាង បានធ្វើបុណ្យរាប់រយជាតិទម្រំាបានមកកើត បានមកជ្រក ក្រោមម្លប់ដ៏ត្រជាក់របស់អ្នកម៉ែ ។

អ្វីដែលកូនចង់បាននៅពេលនេះ គឺសុំត្រឹមឱ្យអ្នកម៉ែសប្បាយចិត្ត មានសុខភាពល្អបរិបូណ៌កូននឹងព្យាយាមនៅជិតអ្នក ម៉ែ ថែអ្នកម៉ែឱ្យបានច្រើន មិនចោលម៉ែចាស់របស់កូនទៀតទេធ្វើអ្វីដែលអ្នកម៉ែសប្បាយចិត្ត មិនធ្វើឱ្យម៉ែអាប់ឱននោះឡើយ កូននឹងលើកស្ទួយអ្នកម៉ែ ដោយសេចក្តីសុខ និងភាពរីករាយ សូមជូនពរម៉ែឱ្យជួបតែសេចក្តីសុខ ចម្រើន សុខភាពបរិបូណ៌ នឹងប្រកបដោយពុទ្ធពរ ទំាងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ប្រភព៖Khmer Empire

បញ្ចេញមតិ
ស្លាក