ប្រវត្តិលោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) ពេទ្យទេវតាសម្រាប់កុមារកម្ពុជា (មានវីដេអូ)
ថ្ងៃនេះយើងខ្ញុំ សូមលើកនូវជីវប្រវត្តិនិងកម្រងរូបថតមួយចំនួនរបស់លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) មកចែករំលែក ដើម្បីសម្ដែងនូវការ រំលឹកនូវគុណបក្ការៈចំពោះទឹកចិត្ត និងការលះបង់ដ៏ធំធេងរបស់គាត់ មកលើកុមារកម្ពុជារាប់លាននាក់កន្លងនេះ!
លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជនជាតិស្វីស។ គាត់ជាពេទ្យកុមារ, ជាអ្នកលេងសេឡូ, ជាអ្នកបង្កើត មន្ទីរពេទ្យកុមារនៅព្រះរាជាណាចក្រកម្ពុជា និងជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។ បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត ប៊ីត រិចន័រ ធ្វើជាអ្នកឯកទេសថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារ នៅស៊ូរិច។
បន្ទាប់មក លោក រិចន័រ បានធ្វើការឲ្យអង្គការកាកបាទក្រហមស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ជាទីដែលលោកបានធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា នាទីក្រុងភ្នំពេញ ចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥ ។ មន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ព្រះនាម នរោត្តម គន្ធបុប្ផា ដែលបានសោយទិវង្គតក្នុងព្រះជន្មនៅក្មេងវស្សានៅឡើយ (១៩៤៨-១៩៥២) ។

នៅពេលខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា លោក ប៊ីត រិចន័រ ត្រូវបានបង្ខំឲ្យចាកចេញទៅប្រទេសស្វីសវិញ ជាទីដែល លោកបានបន្តការងាររបស់លោកនៅទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និងចំណាប់អារម្មណ៍ខាងតន្ត្រី និងការកម្សាន្តលោក ប៊ីត រិចន័រ បានអភិវឌ្ឍចរិតលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡូ។ ស្របគ្នាជាមួយ មុខនាទីនេះ លោក ប៊ីត រិចន័រ ក៏បានបោះពុម្ពសៀវភៅកុមារជាច្រើន ដែលផ្អែកលើ “Beatocello” ។
នៅខែធ្នូ ឆ្នាំ១៩៩១ លោក ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញ ដែលបានកើតឡើងជាបន្តបន្ទាប់ ពីការប៉ះទង្គិចគ្នា ដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហម និងវៀតណាម។ លោកត្រូវបានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ ដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផា នៅខែមីនា ឆ្នាំ១៩៩២ លោក ប៊ីត រិចន័រ បានត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់ផ្ដើមការសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបានសម្ពោធបើកទ្វារនៅខែវិច្ឆិកា ឆ្នាំ១៩៩២ ។
មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួន ៥ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ ដែលមន្ទីរពេទ្យនេះ បានព្យាបាលអ្នកជម្ងឺដោយពុំមានការគិតកម្រៃឡើយ។ សាខាគន្ធបុប្ផាទី១ និងទី២ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទី៣ ស្ថិតនៅមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ខេត្តសៀមរាប ។ សាខាគន្ធបុប្ផាទី៤ ត្រូវបានបើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផាទី៥ ដែលត្រូវបានស្ថាបនារួចរាល់ និងបើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០០៧ ។
រហូតមកដល់ឆ្នាំ ២០១៥នេះ មន្ទីរពេទ្យ គន្ធបុប្ផា បានជួយព្យាបាល កូនចៅ ប្រជារាស្ត្រខ្មែរ ជាពិសេសអ្នកក្រីក្រដោយមិនគិតថ្លៃ បានប្រមាណជារាប់លាននាក់មកហើយ។ ជនជាតិខ្មែរទាំងមូលតែងតែបានផ្ដល់ការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះលោក និងចាត់ទុកលោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ជាឪពុកធម៌ដ៍ល្អរបស់កូនចៅប្រជារាស្ត្រខ្មែរក្រីក្រនៅទូទាំងប្រទេសទៀតផង។
លោក ប៊ីត រិចន័រ បានទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ព្រោះតែរូបលោកបានចំណាយពេលស្ទើរតែពាក់កណ្ដាលជីវិតរបស់លោកក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាយើង ដែលយើងអាចចាត់ទុករូបលោកថាជា “គ្រូពេទ្យទេវតាសម្រាប់កុមារកម្ពុជា” មួយរូប ។
ដោយផ្អែកតាមបណ្ដាំចុងក្រោយរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិត ត្រូវបានបញ្ជូនពីប្រទេស ស្វ៊ីស មកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨អាជ្ញាធរខេត្តសៀមរាបបានធ្វើការដង្ហែអដ្ឋិធាតុរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
នៅក្នុងពីធីដង្ហែនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ ដើម្បីចូលរួមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក។
នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល) ដើម្បីឧទ្ទិសជូនដួងវិញ្ញាណសាស្ត្រាចារ្យបណ្ឌិត Dr .med Beat Richner នាយកស្ថានិក មូលនិធិគន្ធបុប្ផា។
សកម្មភាពដង្ហែអដ្ឋិធាតុរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
កែសម្រួលដោយ៖ ទី សារឿន