តើអ្នកស្គាល់ប៉ឹង​បុរស​នា​សម័យ​អង្គរដែរឬទេ??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នកស្គាល់ប៉ឹង​បុរស​នា​សម័យ​អង្គរដែរឬទេ?? តើអ្នកស្គាល់ប៉ឹង​បុរស​នា​សម័យ​អង្គរដែរឬទេ??

បើតាម​ភ័ស្តុតាង​មួយចំនួន​ដែល​យើង​អាច​នឹង​លើក​យកមក​បង្ហាញ​ពី​ភាពចំណាស់​ របស់ ​ប្រពៃណី​ខ្មែរ​ស្លៀក​ប៉ឹងដូចជា​ចម្លាក់​នៅ​ប្រាសាទបន្ទាយឆ្មារ ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​ជាដើម ។ ចំពោះ​បញ្ហា​នេះ​ ជា​ភ័ស្តុតាង​ជាក់ស្តែងហើយ​អ្វីមួយ​ដែល​នឹកស្មាន​មិន​ដល់ គឺ​ព្រះបាទ​ជយ​វ័រ្មន​ទី ៧ ដែលជា​ព្រះមហាក្សត្រ​ដ៏​ខ្លាំង​កប់​កំពូល​ស្ថាបនិក​ប្រាសាទបុរាណ​រាប់រយ​ ក្នុង​អតីត​ចក្រភព​កម្ពុជទេស ព្រះអង្គ​ក៏បាន​ស្លៀក “ប៉ឹង” ដូចជា​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ដែរ ។

នេះហើយ​ដែល​សបញ្ជាក់​ឱ្យឃើញថា ទោះបីជា​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ឥណ្ឌា​បាន​បោកបក់​មកលើ​សង្គម​ខ្មែរ​ ជំនាន់​នោះ​ក្តី ក៏​មិនអាច​លុបបំបាត់​នូវ​ប្រពៃណី​ស្លៀក​ប៉ឹ​របស់​សង្គម​ខ្មែរ​ដែរ ។ រួម​សេចក្តី​មក ទាំង​ព្រះមហាក្សត្រ ទាំង​ប្រជារាស្ត្រ​ខ្មែរ​បានឱ្យ​តម្លៃ​យ៉ាងខ្ពស់​ចំពោះ​សម្លៀកបំពាក់​ ខាងលើនេះ ។ មានន័យថា ប៉ឹង​មិនមែនជា​សញ្ញា​នៃ​ភាពអន់ថយ​នោះទេ ។

ដំបូង​យើង​គ្រាន់តែ​បាន​សង្ស័យថា ការ​ស្លៀក​ប៉ឹង​ពិតជា​បានកើត​ចេញពីខឿនវប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រ តែ​យើង​គ្មាន​ភ័ស្តុតាង​ជា​វិជ្ជមាន​ណាមួយ​ដើម្បី​បង្ហាញ​បញ្ជាក់ ។ ប៉ុន្តែ​ឥឡូវនេះ វា​ពិតជា​ដូច្នេះ​មែន ព្រោះ​យើង​បាន​ជួបប្រទះ​នូវ​បុរាណវត្ថុដូចជា​គំនូរផាត់ពណ៌​លើ​ជញ្ជាំង​ភ្នំ និង​រូប​មនុស្ស​នា​យុគ​ថ្ម​រំលីង និង​សំរឹទ្ធ​ជាច្រើន​ជា​តឹកតាង​វប្បធម៌ ។

បើ​ប្រៀបធៀប​ចម្លាក់​បុរាណ​នា​សម័យ​បុ​រេ​អង្គរ និង​សម័យអង្គរ​វិញ យើង​នឹង​ឃើញ​ការនិយម​ប៉ឹង​ត្រូវបាន​រក្សាទុក​ដដែល ។ ឧទាហរណ៍​ជាក់ស្តែង គឺ​ចម្លាក់​ព្រះ​នារាយណ៍​នៅ​ទីក្រុង​ស្រី​ទេព (ប្រទេស​ថៃបច្ចុប្បន្ន) និងព្រះ​នារាយណ៍​មួយចំនួន​នៅ​ទីក្រុង​អង្គរ​បូរី (តាកែវ) ដែលជា​មត៌ក​វប្បធម៌​នា​សម័យ​នគរ​ភ្នំ​នៅ​រក្សា​ការ​ស្លៀក​ប៉ឹង​ជា​ប្រក្រតី ។

សរុបសេចក្តី​មក ការនិយម​ប៉ឹង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ ក៏ដូចជា​ប្រជានុរាស្ត្រ​នា​សម័យអង្គរ ពុំមែន​មានន័យថា ជនជាតិខ្មែរ​មិនចេះ​ប្រើ​សំពត់ ឬ​សារុង​ចរបាប់​ធ្វើ​អំពី​សូត្រ ឬក៏​ចេះ​ស្លៀកពាក់​ខោអាវ​ដែលមាន​ពណ៌​ចម្រុះ​ឆើតឆាយ​នោះទេ ។ ប្រពៃណី​ការប្រើ​ប៉ឹង​ខាងលើនេះ គឺជា​ភស្តុតាង​វប្បធម៌​មួយ​បង្ហាញ​នូវ​លក្ខណៈ​សម្លៀកបំពាក់​របស់​ ជនជាតិខ្មែរ​ដើម​តាំងតែ​បុរាណកាល​មក។

ប្រភព៖(ម.ត្រា​ណេ)

បញ្ចេញមតិ