អាងទឹកកំពីងពួយអតីតការដ្ឋានអ្នកទោសខ្មែរក្រហមក្លាយជាតំបន់ទេសចរណ៍

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០១៩​ | ទេសចរណ៍ | 0 |
អាងទឹកកំពីងពួយអតីតការដ្ឋានអ្នកទោសខ្មែរក្រហមក្លាយជាតំបន់ទេសចរណ៍ អាងទឹកកំពីងពួយអតីតការដ្ឋានអ្នកទោសខ្មែរក្រហមក្លាយជាតំបន់ទេសចរណ៍

អាងទឹកកំពីងពួយ ជាកន្លែងប្រមូលផ្ដុំការឈឺចាប់របស់ប្រជាជខ្មែរពីសម័យខ្មែរក្រហម និងបានបង្ខំឲ្យមនុស្សរែកដីទាំងយប់ ទាំងថ្ងៃស្លាប់រាប់ពាន់នាក់ ក្លាយជាអាងដ៏ធំល្វឹងល្វើយបែបនេះ បច្ចុប្បន្នអាស្រ័យដោយសារទីនេះមានសម្រស់ធម្មជាតិស្រស់ស្អាត និងមានទីតាំងអំណោយផលល្អផង អាជ្ញាធរ ក៏បានប្រែក្លាយជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពក្នុងការទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍មួយស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ចន្លោះភ្នំពីរ គឺភ្នំក្រពើ និងភ្នំទ្រុងមាន់។ ទីនេះមានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ត ដោយចុះពីផ្លូវជាតិលេខ៥៧ប្រមាណជា១៩គីឡូម៉ែត្រទៀត។

យោងតាមឯកសារប្រវត្តិសាស្រ្តខ្មែរសម័យកម្ពុជាប្រជាធិបតេយ្យបានបង្ហាញថា អាងទឹកកំពីងពួយ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៩៧៥-១៩៧៨ទីនេះ មានប្រជាជនខ្មែររាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិតជីវិតនៅពេលស្ថាបនាអាងទឹកនេះ។ ប្រជាជនមកពីគ្រប់ទិសទី ត្រូវបានគេកេណ្ឌមកធ្វើអាងទឹកនេះ ដូចជាសត្វធាតុ ភាគច្រើនមកពីភ្នំពេញ តាកែវ ព្រៃវែង កណ្ដាលជាដើម។

របបអាហារមិនគ្រប់គ្រាន់ ព្រមជាមួយការកាប់គ្មានប្រណីមកលើប្រជាជនខ្មែរគ្រប់រូបភាព។ បន្ទាប់ពីការសាងសង់រួចទីនេះបានក្លាយជាកន្លែងស្ដុកទឹកដីធំមួយដែលមានបណ្ដោយ៧៥០០ម៉ែត្រ ទទឺង១៩០០ម៉ែត្រដែលមានវិសាលភាពអាចផ្ទុកទឹកបានចំនួន១១០.០០០.០០០ម៉ែត្រគូប។ នៅសម័យនោះ ពួកអាវខ្មៅ ទោះបីដឹងថាប្រជាជនធ្វើស្រែបានស្រូវយ៉ាងណាក្ដី ក៏ពួកវាមិនឲ្យហូបបានឆ្អែតដែរ គឺឲ្យហូបតែបបររាវៗដូចទឹកភ្នែក ដែលជាសោកនាដកម្មមួយគួរឲ្យឈឺចាប់ ក្រោមពាក្យស្លោកដែលគេថា “ហូបតិចផ្ទះច្រើន ចម្រើនអង្គការ” ។

ទឹកទាំងនេះបានបម្រើដល់ប្រជាកសិករក្នុងផ្នែកវិស័យកសិកម្មដាំដុះបានពេញមួយឆ្នាំ។ ប្រជាជនដែលរស់នៅទីនេះ ច្រើនមានមុខរបរជាអ្នកធ្វើស្រែចម្ការ និងការនេសាទត្រី។ អាស្រ័យដោយទីនេះ មានអាកាសធាតុល្អ វាលធំធេងជាប់ជាមួយជើងភ្នំ ក៏ត្រូវបានប្រែក្លាយទីនេះ ទៅជាមណ្ឌលកម្សាន្ដធម្មជាតិផង និងទុកជាកន្លែងរំឭកអនុស្សាវរីយ៍ជូរចត់ផងសម្រាប់ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិទាំងឡាយផង។ គួរបញ្ជាក់ថា នៅបាត់ដំបងក្រៅបីអាងកំពីងពួយអាជ្ញាធរបានរៀបចំតំបន់ទេសចរណ៍ជាច្រើន ដូចជាភ្នំសំពៅ សេកសក ជាដើមសម្រាប់ទទួលភ្ញៀវមកកម្សាន្ដនៅថ្ងៃឈប់សម្រាក៕

ប្រភព៖kamnottra.com

បញ្ចេញមតិ