ប្រវត្តិខ្លះៗរបស់វត្តសង្កែ អតីតជាឃ្លាំងដាក់គ្រាប់និងជាតំបន់ហាមឃាត់សម័យខ្មែរក្រហម
វត្ត«ឥន្ទ្រាធិបតី» ឬវត្ត«សង្កែ» ស្ថិតក្នុងក្រុងបាត់ដំបង បើយោងតាមឯកសាររបស់មន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍នោះ ព្រះវិហារនៃវត្តសង្កែនេះ ត្រូវបានផ្តើមកសាងឡើងដោយលោកកឋាថន ញ៉ុញ ឬលោកម្ចាស់ព្រះកោដ្ឋ ។ វត្តនេះ គឺជាវត្តដែលធំជាងគេនៅក្នុងក្រុងបាត់ដំបង នាសម័យចៅពញា កឋាថន ឈុំ ក្នុងទសវត្សរ៍ឆ្នាំ១៩០០ ។
ស្ថាបត្យកម្មនៃព្រះវិហារ គឺជាប្រភេទសំណង់មុខដាច់ដែលបច្ចុប្បន្នកម្រនិងជួបនៅក្នុងស្រុក ។ ចំណែកតួរូបព្រះអង្គជីវ៍ ត្រូវចាស់ៗដំណាលថា ព្រះអង្គមានបារមីខ្លាំងពូកែ ដោយពេលកសាងមានបញ្ចុះនៅព្រះ(ក្រឹង) នៃព្រះវិហារ គឺសល់តាំងពីបុរាណកាលមក ។ នៅសម័យខ្មែរក្រហម គេបានយកព្រះវិហារវត្តសង្កែនេះ ធ្វើជាឃ្លាំងដាក់គ្រាប់ ហើយជាតំបន់ហាមឃាត់ ប៉ុន្តែចុងខែធ្នូ ឆ្នាំ១៩៧៨ ត្រូវកងទព័ស្ម័គ្រចិត្តវៀតណាម បានវាយលុកចូលជួយដល់កងទ័ពកម្ពុជា ដើម្បីរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្លាំងទាំងផ្លូវគោក និងអាកាស យន្តហោះ វៀតណាមបានទំលាក់គ្រាប់លើ ព្រះវិហារ វត្តសង្កែ ព្រោះដឹងថា ខ្មែរក្រហមបានយកព្រះវិហារនេះ ធ្វើជាកន្លែងទុកដាក់ឃ្លាំងស្តុកគ្រាប់គ្រប់ប្រភេទនៅក្នុងព្រះវិហារនេះ ។
ព្រះវិហារបានឆេះ និងខូចខាតទាំងស្រុង (មានរូបចាស់បន្សល់តាមឯកសារ) ប៉ុន្តែអ្វីដែលពិសេសនោះគឺតួរូបព្រះអង្គជីវ៍ ក្នុងព្រះវិហារមិនខូចខាតអ្វីឡើយ ដោយភាពខ្ទេចខ្ទាំ បានបន្សល់ទុកមក តំបន់នេះក៏នៅមិនទាន់ឲ្យប្រជាពលរដ្ឋបានចេញចូលដែរ បានត្រឹមតែមើលឃើញពីចម្ងាយ ឬនៃត្រើយម្ខាងស្ទឹងសង្កែ បន្តរហូតដល់ពេលដកកងទ័ពវៀតណាមចេញទៅវិញអស់នៅឆ្នាំ១៩៨៧ឬ១៩៨៨ដោយបានរៀបចំជា បន្តមកដល់ឆ្នាំ១៩៩៣ ទើបគេបានកសាងព្រះវិហារថ្មីដោយសាងលើទីតាំងខឿននៃព្រះវិហារចាស់ដដែល ។
ព្រះតេជគុណ អ៊ុក សុវណ្ណនី ព្រះចៅអធិការវត្តសង្កែ ដែលទើបតែទទួលការងារ ជាចៅអធិការជិត១ឆ្នាំមកនេះ បានមានសង្ឃដីកាថា តេជគុណគ្រាន់តែដឹងថា មុនឆ្នាំ១៩៩៣ មានព្រះសង្ឃ១អង្គព្រះនាម វុធ បានដឹង មិនព្រមទៅណាដោយសឹង នៅតែក្រោមបល្ល័ងព្រះដែលប្រេះស្រាំ ដើម្បីយាមរបស់មានតម្លៃរបស់វត្ត ដោយមិនទាន់មានកុដិ និងវិហារនៅឡើយ តែអកុសល់ត្រូវបាក់រាជបល្ល័ងដែលទ្រោឌទ្រោមនៅសង្កត់សុគត់នៅក្រោមបល្ល័ងព្រះនោះទៅ ហើយក៏មានតែងតាំង ចៅអធិការវត្តនេះពីពេលនោះមកមាន៤ព្រះអង្គ ដោយចាប់ផ្តើមកសាងកុដិវិហារពីពេលនោះមក ។
មានពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ហើយមានបងប្អូនខ្មែរយើងនៅក្រៅប្រទេសច្រើនបានមកលាបំណន់នោះក៏ព្រោះតែម្នាក់ៗបានបែបន់មុនពេលចេញទៅប្រទេសទី៣ឲ្យបានដល់ដូចក្តីប្រាថ្នា ជួយថែររក្សាសេចក្តីសុខពេលរត់ឆ្លងកាត់ព្រៃ និងគ្រាប់រំសេវ តាមផ្លូវឲ្យចៀសចាកផុតពីទុក្ខភ័យទាំងឡាយ ទើបដល់បានដូចក្តីប្រាថ្នា ហើយក៏ត្រឡប់មកលេងស្រុកខ្មែរវិញដោយឃើញភាពខ្ទេចខ្ទាំ ទើបមូលមតិគ្នាផ្តើមកសាងព្រះវិហារថ្មីនេះឡើងពុទ្ធបរិស័ទក្នុងប្រទេស និងសហរដ្ឋអាមេរិក បារាំង កាណាដា ថៃ អូស្ត្រាលី ស្វីស និងណូវ៉ែលសេឡង់ជាដើម។
ហើយបន្តកសាងបន្ថែមទៀតដោយសប្បុរសជនក្នុងស្រុក មានលោកឧបាសក លន់ គឹមស្រ៊ាន ដែលគោរពបូជាមានជំនឿលើព្រះអង្គ បានកសាងផ្លូវ ក្រាលការ៉ូឡាក្នុងវត្ត ក្លោងទ្វារធំប៉ែកខាងលិច រៀបចំដាំបង្គោលភ្លើងសូឡា ចំនួន៥៥បង្គោល និងកំពុងកសាងបន្ថែមដើម្ពីអូសទាញភ្ញៀវទេសចរណ៍អន្តរជាតិ ដែលកំពុងចាប់អារម្មណ៍នៅក្នុងវត្តដែលបានដឹង និងមានបន្សល់ទុកក្នុងឯកសារ ទាំងជាតិ អន្តរជាតិកន្លងមកនេះ ។ នៅប៉ែងខាងកើតព្រះវិហារដែលសាសង់ថ្មីនេះ គឺបាននៅឃើញមានសេសសល់ចេតីយ៍ចំនួន២ ដែលបានបន្សល់ទុកដោយមានចារអក្សរខ្មែរ និងថៃ នៅលើចេតីយ៍នោះផងដែរ ដោយបានយោងឲ្យដឹងថា គឺអ្នកជាប់ខ្សែស្រឡាយ ត្រូវជាចៅ ចៅទួត របស់កឋាថនឈុំ (យោងតាមបាត់ដំបងសម័យលោកម្ចាស់) កាលពីសម័យមុនៗ នៅមានការចងចាំហើយស្វែងរកដើម្បីគោរពដូនតា សុំសេចក្តីសុខសប្បាយគ្រប់ពេលវេលា ដែលកំពុងតែរកស៊ី ប្រកបការងារ និងខ្លះជាមន្ត្រីរាជការណៅក្នុងប្រទេសថៃនៅឡើយ ។
ប្រភព៖កោះសន្តិភាព