តើខេត្តព្រះវិហារពិតជាមានតែប្រាសាទព្រះវិហារ ឬក៏យ៉ាងណា??
បើនិយាយអំពីប្រាសាទបុរាណ គឺមនុស្សម្នារស្គាល់ច្បាស់ណាស់ប្រាសាទតំបន់អង្គរ ប្រាសាទព្រះវិហារ ឬក៏ ក្រុមប្រាសាទសំបូរព្រៃគុក។ គ្រានេះសូមរំលងខេត្តសៀមរាប ហើយលើកយកខេត្តព្រះវិហារមកនិយាយ តើខេត្តព្រះវិហារពិតជាមានតែប្រាសាទព្រះវិហារ ឬក៏យ៉ាងណា?
ប្រាសាទព្រះខ័នកំពង់ស្វាយ ឬប្រាសាទបាកាន មានទីតាំងនៅក្នុងភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារមានចម្ងាយប្រមាណជាង ៨០គីឡូម៉ែត្រពីក្រុងព្រះវិហារ ឬក៏អាចចូលតាមផ្លូវក្រួសក្រហមចំពីមុខសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បែកចេញពីផ្លូវជាតិលេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈប្រាសាទនេះ ស្ថិតនៅខាងកើតតំបន់អង្គរគឺ មានចម្ងាយ ១០០ គីឡូម៉ែត្រ។
ប្រាសាទព្រះខ័នជាបរិវេណកំផែងព័ទ្ធជុំវិញដ៏ដំដែលមានក្រឡាផ្ទៃជិតប្រាំគីឡូម៉ែត្រការ៉េ ដែលត្រូវបានកសាងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី១ ប៉ុន្តែទទួលការកសាងនិងកែប្រែមួយចំនួនដោយព្រះមហាក្សត្រក្រោយ (ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧)។ ចម្លាក់ភាគច្រើនត្រូវទទួលរងការលួចប្លន់ ឬយកចេញបូករួមទាំងរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ដែលបានក្លាយជានិមិត្តរូបនិងត្រូវបានគេឆ្លាក់ឡើងវិញជាច្រើន។
នៅជុំវិញប្រាង្គប្រាសាទកណ្តាល ប្រាសាទព្រះខ័ន មានប្រាសាទតូចៗជាច្រើន ដូចជាប្រាសាទព្រះដំរីដែលអ្នកស្រុកតែងឈៀងចូលទៅអុជធូបដើម្បីបន់ស្រន់សុំសេចក្តីសុខ ចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រមុនពេលចូលទៅប្រាសាទព្រះខ័ន។
គេក៏ឃើញមានប្រាសាទព្រះចតុមុខ ទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាចំនួន៤ទិស ក្នុងរចនាបថក្រោយបាយ័ន (សម័យលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ រួចរាល់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនេះនៅមានប្រាសាទមួយចំនួនទៀតដូចជាប្រាសាទព្រះស្ទឹងដែលមានកំពូលជាព្រហ្មមុខបួន ក្នុងរចនាបថបាយ័ន ប្រាសាទព្រះថ្កោលដែលជាប្រាសាទលើកោះនៅចំកណ្តាលបារាយណ៍(ត្រពាំងប្រដាក)។
ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤។ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាន និងហិនយាន)។
ប្រភព៖Something by Evan