គុក ក្រំាងតាចាន់ អតីតកន្លែងសម្លាប់មនុស្សយ៉ាង​រង្គាលសម័យខ្មែរក្រហម

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
គុក ក្រំាងតាចាន់ អតីតកន្លែងសម្លាប់មនុស្សយ៉ាង​រង្គាលសម័យខ្មែរក្រហម គុក ក្រំាងតាចាន់ អតីតកន្លែងសម្លាប់មនុស្សយ៉ាង​រង្គាលសម័យខ្មែរក្រហម

យើងបានទៅដល់គុកក្រំាងតាចាន់ ជាមួយយាយៗដើរបុណ្យដោយឥតបានព្រាងទុកជាមុន ។ គុកសម័យខ្មែរក្រហមនេះស្ថិតនៅក្នុងឃុំ គូស ស្រុក ត្រំាកក់ ខេត្ដតាកែវ ។ តើវាកើតឡើងបានដោយរបៀបណាទៅ? តាមកំណត់បង្ហាញមួយដែលសរសេរដោយដៃជាមួយថ្នំាកំប៉ុងពណ៌ខៀវ នៅលើច្រកចូលខាង ឆ្វេងនៃពន្ធនាគារដ៏ល្បីរន្ទឺរខាងវិធីកាប់សម្លាប់ និង ធ្វើទារុណកម្មនោះ គេបានកំណត់ឆ្នំា ១៩៧២ ដល់់ឆ្នំា ១៩៧៩ ។ គឺមានន័យថា ទីនេះបើកទទួលមនុស្សដែលគេគិតថាជាមនុស្សមានទោសនោះ ចាប់តំាងតែពីឆ្នំា ១៩៧២ មកម្ល៉េះ ។

ក៏មានន័យដែរថា ទីនេះជាតំបន់រំដោះដ៏សែនសុខសាន្ដរបស់គូរបដិបក្ខនៃរដ្ឋាភិបាលសម័យសាធារណរដ្ឋ ដែលមានលោកសេនាប្រមុខ លន់នល់ ជា ប្រធានាធិបតី និង ពួកទ័ពព្រៃខ្មែរក្រហម ។ ហើយបើតាមកំណត់ត្រានានាបានបង្ហាញថា ទីនេះបានទទួលយកទំាងទាហានលន់នល់ដែលគេចាប់បាន រហូតដល់ប្រជាជនដែលគេសង្ស័យថា បានក្បត់នឹងអង្គការ និង ជាមន្ទីរឃុំឃំាងក្នុងតំបន់មួយដែលស្ថិតក្រោមការគ្រប់គ្រងដោយមេទ័ពដ៏មានអំណាចម្នាក់គឺ តាម៉ុក ។នៅចំកណ្ដាលបរិវេណ គេបានសាងស្ដូបមួយដែលតម្កល់នូវឆ្អឹងលលាដ៏ក្បាលមនុស្សជាច្រើន ។

រីឯសាលាឆាន់ក៏ទើបនឹងសង់ដែរ ដើម្បីងាយដល់អ្នកស្រុកជិតឆ្ងាយដែលចូលមកធ្វើបុណ្យទានឧទ្ទឹសដល់អ្នកដែលត្រូវបានគេសម្លាប់នៅទីនេះ ។ សឹងតែគ្រប់ជ្រុងជុំវិញ គេសង់ស្ដូបតូចៗពីឥដ្ឋ ហើយបង់លេខ ងាយចំណំាថា ត្រង់នេះ នាសម័យកាលនោះវាជាអ្វីទៅ ។ នៅឯជ្រុង ខាងជើងមានរោងបាយ និង បន្ទប់ឃុំឃំាងដ៏សែនចង្អៀត ។ នៅលើជញ្ជំាងអាគារ មនុស្សបានគូរ និង សរសេររៀបរាប់ពីការឈឺចាប់ ឬ ក៏សកម្មភាពនានាដែលកើតមានឡើងនាពេលនោះ ។ ជ្រុងខាងត្បូងគឺជាគុកក្រោមដី មានជម្រៅ៤ម៉ែត្រ ជាទម្លាប់ទីនោះគេត្រូវរុញអ្នកទោសទម្លាក់ចុះទៅ ដោយមិនផ្ដល់ម្ហូបអាហារអ្វីទំាងអស់ រហូតដល់អ្នកទោសឃ្លានដាច់ពោះស្លាប់តែម្ដង ។ ចំណែកអ្នកទោសនៅខាងក្រៅ ប្រសិនបើគេត្រូវការសម្លាប់គឺពួកកម្មាភិបាលខ្មែរក្រហមប្រើវិធីចាក់បទភ្លេង ឬ ចម្រៀងបដិវត្ដន៏តាមមេក្រូដែលគេចងនឹងចុងឈើធំមួយដោយសម្លេងកងរំពង ដើម្បីគ្របសម្លេងស្រែកឈឺចាប់់របស់អ្នកទោស ។

ថ្ងៃដែលយើងទៅដល់ ដើមចន័្ទគីរី ឬ ដើមអំពិលបារំាងដែលគេចងមេក្រូនាសម័យខ្មែរក្រហមនោះ ត្រូវបានគេកាត់មែកធាងរបស់វាខ្លះចេញ ។ គ្រប់តែមែករបស់វា គឺលំអរដោយដើមអ័រគីដេព្រៃ ដែលមានផ្ការំយោលតូចៗពណ៌ស្វាយគួរឲ្យគយគន់ ។ យុវជនសម័យនេះ គេពិបាកនឹងយល់ពីពាក្យពេជន៏នៃគំនុំវណ្ណៈនេះណាស់ រីឯមនុស្សចាស់មួយចំនួនដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមក៏បង្ខំខ្លួនឯងឲ្យបំភ្លេចនូវអត្ថន័យនៃពាក្យគំនុំវណ្ណៈនេះដែរ ។ គេគួរតែគិតថា ភាពឃោឃៅនៃកម្មាភិបាលខ្មែរក្រហម វាមិនមែនកើតឡើងដោយសារតែស្លុង កប់ជ្រៅទៅក្នុងទ្រឹស្ដីនៃលទ្ធិកុំមុយនីស្ដក្រហមតែមួយមុខ ដោយមើលមិនឃើញពីការជិះជាន់ រើសអើង និង ការរស់នៅក្នុងសង្គមមួយដែលគ្មានការទទួលខុសត្រូវនោះទេ ។ តែពួកគេពិតជាបានឃើញ និង ប្រឡូកដោយផ្ទាល់ទៅក្នុងរឿងរ៉ាវទំាងអស់នេះ ។ ពោលគឺទិដ្ឋភាពអយុត្ដិធម៌ ទំាងនោះហើយដែលបង្ក ឲ្យពួកគេចិញ្ចឹមចិត្ដតែនឹងការសងសឹក និង ដឹកនំាតាមវិធីរបស់ពួកគេ នៅពេលដែលពួកគេមានឱកាស ។

ប្រភព៖ខេមរវិទ្យា

បញ្ចេញមតិ