តើលិង្គប៌វ័តនៅវត្ដភូមានភាពអច្ឆរិយអ្វីខ្លះ??

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើលិង្គប៌វ័តនៅវត្ដភូមានភាពអច្ឆរិយអ្វីខ្លះ?? តើលិង្គប៌វ័តនៅវត្ដភូមានភាពអច្ឆរិយអ្វីខ្លះ??

តាមប្រសាសន៏លោក ក្លូតហ្ស័ក ដែលលោកយោងតាមកាលប្បវត្ដិចិននាសន្ដិវង្ស សួយ មុនឆ្នំា ៥៨៩ គឺថា ព្រះរាជា នៃទីក្រុងស្រេស្ថបុរៈនេះ ជារៀងរាល់ឆ្នំាតែងតែយកមនុស្សម្នាក់មកសម្លាប់បូជាដល់អារក្សមួយដែលមាននាមថា ប៉ូតូលី( Po-To-Li ) ឬ ភទ្រ្វេស្វរៈ ។ ពិធីនេះគឺធ្វើឡើងនៅវេលាយប់ ក្រោមការយាមកាមពីកងទាហានការពារ ផ្ទាល់ ចំនួន ១០០នាក់ ។ តើភាសាចិនហៅអារក្ស ភទ្រ្វេស្វរៈ នោះជាអ្វីទៅ?

តាមពិតទៅនាម ភទ្រ្វេស្វរៈ នេះគឺសំដៅដល់ បារមីអ្នកថែរក្សាលិង្គធម្មជាតិមួយនាមថា លិង្គប៌វ័ត ( Lingaparvata ) ដែលមានកំពស់ប្រមាណ ១៩ម៉ែត្រពីលើកំពូល ភ្នំ ភូខៅ ដែល មានកំពស់ស្រាប់រហូតដល់ ១៤១៦ម៉ែត្រពី នីវ៉ូសមុត្រ ។នៅទីនោះ គេក៏បានសាងសង់ប្រាសាទមួយ ដែរនា ស.វ ទី៥ ។ លិង្គប៌វ័ត នេះគេអាចមើលឃើញពីចំងាយបានដោយងាយ ។ ដោយសារតែដូចនេះហើយ ទើប ពេលខ្លះគេបានហៅទីនេះថាជា ភ្នំលិង្គ ឬ លិង្គបព៌ត គឺសំដៅបូករួមទំាងនាមរបស់ លិង្គប៌វ័ត ផង ។ បើតាមសិលា ចារឹករបស់ព្រះបាទ ទេវនិកៈ នាពាក់កណ្ដាលស.វទី៥ នៃគ.ស គឺថា ទីនេះនៅមានស្រះទឹកដ៏អស្ចារ្យមួយទៀតដែល មាននាមថា កុរុកក្សេត្រ ដែលស្ថិតនៅក្បែរដងទន្លេមេគង្គ ។

កន្លែងនោះក៏ជាន្លែងប្រមូលផ្ដុំធម្មយាត្រាតំាងតែពីសម័យ បុរេអង្គរមកម្ល៉េះ ។ សិលាចារឹកព្រះបាទ ទេវនិកៈ នាស.វទី៥ នៅវត្ដ ហ្លួងកៅ រួមផ្សំនឹងសិលាចារឹករបស់ព្រះបាទ ស្រី មហេន្រ្ទវរ្ម័ន ដូចជានៅ ហួយសៈហួរ ( ទី២ ) បានបញ្ជាក់ប្រាប់ឲ្យដឹងថាបណ្ដាទីតំាងសាសនានានាដែលបានសាង សង់ឡើងនៅទីនោះគឺសម្រាប់ឧទ្ទិសជាពិសេសបង្ហាញឲ្យដឹងថា ទឹកដី សេស្រ្ថបុរៈ ដែលស្ថិតនៅក្បែរវត្ដភូ ក្នុង តំណាក់កាលទី២នេះវាស្ថិតនៅក្រោមការគ្រប់គ្រង ត្រួតត្រាដោយអង្គស្ដេច។ស្រីមហេន្រ្ទវរ្ម័ន ហើយក៏វាជាការឧទ្ទឹស ទៅដល់វិញ្ញាណខ័ន្ធនៃបិតារបស់ស្ដេច ស្រីមហេន្រ្ទវរ្ម័ន ផងដែរ ។

ចំណែកស្ដេច ស្រីមហេន្រ្ទវរ្ម័ន នេះ គឺជាបិតារបស់ អង្គស្ដេច ស្រីឥសានវរ្ម័នទី១ ( ៦១៧-៦៣៥ ) ដែលជាបិតាស្ថានិក ឥសានបុរៈក្នុងតំណាក់កាលទី២ ឬ សំបូរព្រៃគុក ( Cf. Jacques Claude, 2004 ) ។ សូមរំលឹកថាមុនរជ្ជកាលស្ដេច ស្រីឥសានវរ្ម័នទី១ ទីតំាងនៃព្រះរាជធានីនេះមាន ឈ្មោះថា ភវបុរៈ ដែលជាទីក្រុងរបស់ព្រះបាទ ភវវរ្ម័នទី១ ។ មានន័យថាបើសិនជាយើងរាប់ត្រឡប់ទៅក្រោយវិញនោះគឺថាទឹកដីនៃខេត្ដចម្ប៉ាសាក់វាដើមឡើយជាទឹកដីរបស់ខ្មែរវាមិនអាចត្រឹមប្រើពាក្យថាជាទឹកដីដែលរងឥទ្ធិពល ពីខ្មែរនោះបានទេ ! ។ ប្រភពសិលាចារឹកនៅ ហួយសៈហួរ បានឲ្យដឹងទៀតថាព្រះបាទ មណន្រ្ទវរ្ម័ន ត្រូវជាព្រះ រាជបុត្ររបស់ព្រះបាទ ស្រីវរវរ្ម័ន ។ រីឯព្រះបាទ ស្រីមហេន្រ្ទវរ្ម័ន វិញ​ ទ្រង់គឺជាបងប្អូនជីដូនមួយនឹងព្រះបាទ ស្រីភវវរ្ម័ន ម្យ៉ាងវិញទៀតព្រះបាទ ស្រីភវវរ្ម័ន នេះហើយដែលជា សវ៌ភោប ឬជាស្ដេចដំបូងបង្អស់ហើយដែលបានពង្រាយត្រកូល ក្សត្រចេញពីស្រេស្ថបុរៈ បានឲ្យកំណើតទៅដល់ក្សត្រក្រោយៗ ជាពិសេសនាសម័យអង្គរ ។

ងាកមកនិយាយពីការគោរពបូជាភ្នំ ឬ ថ្មធម្មជាតិនេះវិញ គឺថាវាកើតមានតំាងតែពីសម័យបុរេប្រវត្ដិសាស្រ្ដមកម្លេះ ។ ក្នុងនោះយើងគប្បីរាប់បញ្ចូលជំនឿលើថ្មដូចជានៅ មាឡាយូ ឥណ្ឌូណេសីអាស្សំា ដែលស្ថិតក្នុងប្រព័ន្ធជំនឿជា លក្ខណះជីវចលនិយម ។ ចំណែកនៅប្រទេសលាវបច្ចុប្បន្ន គេអាចស្វែងយល់ពីការគោរពលើថ្មផ្ដេក ឬ បញ្ឈរនេះ បាន ដូចជានៅតំបន់ វាលក្រឡថ្ម នៃភាគខាងជើងប្រទេស។ ចំណែកនៅប្រទេសសៀមមានផងដែរ ដូចជានៅ ភ្នំភូផាន ឃុំបានពើ ខេត្ដឧត្ដន រាជធានី។ មុននឹងបញ្ចប់យើងសូមរលឹកឡើងវិញថា តំបន់លិង្គប៌វ័តនេះ ត្រូវបានស្ដេចជាច្រើនជំនាន់តែងតែមកធ្វើពិធីគោរពបូជា សាសនិកជារាស្រ្ដសាមញ្ញក៏យ៉ាងដូច្នោះដែរ។ ហើយទស្សនីយភាពដ៏អស្ចារ្យមួយទៀតគឺកើតមានឡើងនៅវេលាថ្ងៃហៀបលិច និង នៅវេលាអរុណរះ ព្រលឹមស្រាងៗឡើង ស្របនឹងផ្សែងអ័ព្ទដែលកំពុងតែរសាត់អណ្ដែតពេសពេញ ពេលនោះហើយដែលធ្វើអោយទីតំាងប្រាសាទវត្ដភូកំពុងតែអណ្ដែតលើឋានត្រៃត្រឹង្ស ។ ឧិកាសនោះហើយដែលញំាងអោយទីឋាននេះ កាន់តែអស្ចារ្យ និង ពោរពេញដោយមហិរិទ្ធិថែមទៀត។

ប្រភព៖( ម.ត្រាណេ )

បញ្ចេញមតិ