ព្រះនាងភូទេវី ព្រះអាទិទេពល្អភេទស្រីដែលជាព្រះជាយារបស់ព្រះវិស្ណុ
តាមការពិនិត្យចម្លាក់បុរាណទាំងឡាយនាសម័យវប្បធម៌បាយ័នដែលមាននៅសារមន្ទីរជាតិភ្នំពេញ យើងបានកត់សម្គាល់ឃើញនូវវត្តមានដ៏កម្រនៃព្រះនាងភូទេវីដែលជា ព្រះជាយារបស់ព្រះវិស្ណុឆ្លាក់នៅលើបង្គោលថ្មមួយ ។ ពាក្យថាភូទេវីមានន័យថាអាទិទេពថែរក្សា ទឹកដី ។ បង្គោលថ្មនេះ ត្រូវបានយកមកពី ប្រាសាទគោកពោធិ៍ខេត្តសៀមរាបមានរាង៤ជ្រុងស្មើចែកជា៣សណ្ឋានហើយលំអដោយចម្លាក់ដូចៗគ្នា ។ នៅផ្នែកខាងក្រោមបង្អស់យើងឃើញមានចម្លាក់ តំណាងព្រះ នាងលក្ស្មីនិងព្រះនាងភូទេវីដែលកាន់ដៃគ្នាម្ខាងហើយម្ខាងទៀតកាន់ផ្កាឈូកមួយទង ។ នៅផ្នែក ខាងលើយើងឃើញមានចម្លាក់ ព្រះវិស្ណុដែលជា ព្រះស្វាមី ។ ព្រះអង្គស្ថិតក្នុងឥរិយាបថឈរមានព្រះហស្ថ៤ ព្រះហស្ថឆ្វេងកាន់ដំបងយ៉ាងសមសួនអស្ចារ្យ ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើយើងវិភាគឲ្យស៊ីជម្រៅអំពីនិមិត្តរូបរបស់ព្រះនាងលក្ស្មី និង ព្រះនាងភូទេវីយើងឃើញថាតាមពិតទៅព្រះមហេសី ឬព្រះជាយារបស់ព្រះវិស្ណុមានឈ្មោះដល់ទៅពីដូចមានខាងលើដែលឆ្លុះបញ្ចាំងនូវទស្សនៈរបស់ខ្មែរបុរាណ ។
យោងតាមការសិក្សាបានឲ្យដឹងថាជាទូទៅរូបសំណាករបស់ ព្រះនាងភូទេវី និងព្រះនាងលក្ស្មីត្រូវបានជនជាតិខ្មែរគោរពបូជានោះគឺក៏ដើម្បីសេចក្តីសិរី មង្គលចម្រុងចម្រើនរបស់ខ្លួនដែរ ។ គោលបំណងចម្បង គឺដើម្បីភាពសម្បូរសប្បាយ ។
សូម ជម្រាបផងដែរ ថាចំណុច ជាវិជ្ជមានដែលយើងត្រូវតែដឹងនោះគឺថាថ្វីត្បិតតែនៅសម័យវប្បធម៌បាយ័នព្រះពុទ្ធសាសនា និកាយ មហាយានជាសាសនារបស់រដ្ឋក្តីក៏ប៉ុន្តែលទ្ធិសាសនានេះបាន ស្ថិតនៅក្រោមឥទ្ធិពលនៃព្រហ្មញ្ញសាសនាយ៉ាង ប្រាកដ ។
គឺក្នុងបរិបទនេះហើយដែល ព្រះនាងភូទេវី និងព្រះនាងលក្ស្មីនៃព្រហ្មញ្ញសាសនា ត្រូវបានបញ្ចូលក្នុងទេវកថាវិទ្យា បែប មហាយាន ក្នុង រជ្ជកាល របស់ ព្រះបាទជយវរ្ម័នទី ៧ ក្រោមរូបភាពនៃព្រះនាងប្រាជ្ញាបារមិតា ឬ តារាពោលគឺ ត្រូវបាន គោរពបូជាបន្ត ។ ចំពោះ អតីតភាពនៃ ការបូជាព្រះនាងភូទេវី និងព្រះនាងលក្ស្មីនា សម័យ វប្បធម៌ បែបព្រាហ្មណ៍និយម ជា ឧទាហរណ៍ចម្លាក់ផ្តែរមួយមកពីប្រាសាទមួយនៅជីក្រែងដែល សព្វថ្ងៃនេះត្រូវបានរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញជាសក្ខីភាព ៕
ប្រភព៖ ត្រាណេ