វិស័យសុខាភិបាលនិងសង្គមកិច្ចក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ រីកចម្រើនយ៉ាងខ្លាំង
តាមរយៈការស្រាវជ្រាវអំពីប្រវត្តិសាស្រ្តអង្គរកន្លងមក បានបង្ហាញពីវិស័យសង្គមកិច្ចនិងសុខាភិបាលមានការអភិវឌ្ឍខ្លាំង ជាពិសេសក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលចក្រភពខ្មែរមានការរីកចម្រើនបំផុត បើប្រៀបនឹងនគរផ្សេងៗនៅក្នុងតំបន់ ។ មរតកបុរាណ ដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ នាំឲ្យយើងដឹងថា គឺក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានការកសាងប្រាង្គប្រាសាទធំៗជាច្រើន ស្ទើរតែពាសពេញផ្ទៃប្រទេស ព្រមទាំងកសាងបណ្តាញគមនាគមន៍ដែលភ្ជាប់ពីរាជធានីទៅខេត្តខណ្ឌនានា និងនគរជិតខាងផង។ នៅតាមបណ្តោយផ្លូវដែលបានកសាងនាសម័យនោះ តាមរយៈការស្រាវជ្រាវថ្មីៗឃើញថា មានសាងសង់ស្ពានថ្មសម្រាប់ធ្វើដំណើរឆ្លងកាត់ សាលាសំណាក់ជាច្រើនហូរហែតាមបណ្តោយផ្លូវ ដែលជាកន្លែងឈប់សម្រាកសម្រាប់អ្នកធ្វើដំណើរទូទៅបានលម្ហែកាយ មុននឹងបន្តដំណើរឆ្ពោះទៅមុខទៀត។ មិនតែប៉ុណ្ណោះ ព្រះបាទជ័យវរ្ម័នទី៧ បានដាក់ចេញនូវនយោបាយដឹកនាំប្រទេស ដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។
ក្នុងន័យនេះហើយទើបព្រះអង្គ បញ្ជាឲ្យមានការសាងសង់មន្ទីរពេទ្យជាច្រើនពេញព្រះនគរ ដើម្បីជាទីតាំងព្យាបាលជំងឺជូនប្រជានុរាស្រ្ត និងជាកន្លែងបំពេញកិច្ចការមនុស្សធម៌ផ្សេងៗ។ តើការកសាងមន្ទីរពេទ្យ និងការចាត់ចែងគ្រប់គ្រងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានដំណើរការយ៉ាងដូចម្តេចខ្លះ?លោកអ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ដែលលោកបានបំពេញកិច្ចការស្រាវជ្រាវជាច្រើនក្នុងរយៈកាលកន្លងមកបានពន្យល់ថា៖ នៅឆ្នាំ១៩០២ អ្នកស្រាវជ្រាវជនជាតិបារាំង លោក Georges Maspero (ហ្សក់ ម៉ាស្ពេរ៉ូ) បានប្រទះឃើញសិលាចារឹកមួយនៅស្រុកសាយហ្វុងជាប់មាត់ទន្លេមេគង្គនៃរដ្ឋធានីវៀងច័ន្ទប្រទេសលាវ ដែលសរសេរជាភាសាសំស្រ្កឹត ហើយបានបកប្រែជាភាសាបារាំងដោយលោក Louis Finot (ល្វី ហ្វីណូ) នៅឆ្នាំ១៩០៣។ សិលាចារឹកនោះ គឺជាប្រភេទសិលាស្តម្ភចារឹក ចារអក្សរលើមុខទាំងបួននៃថ្មគោល ដែលក្រោយមកគេប្រទះឃើញដូចគ្នាច្រើនទ្បើងជាបន្តបន្ទាប់។ តាមការសិក្សារបស់អ្នកប្រាជ្ញបារាំងលោក Georges Coedes (ហ្សក សឺដេស) សិលាស្តម្ភចារឹកប្រភេទនេះ ចារទុកជាទម្រង់នៃ «ធម្មនុញ្ញនៃការបង្កើតមន្ទីរពេទ្យ» នាសម័យបុរាណក្នុងរាជការព្រះបាទជ័យវរ្ម័នទី៧។
បើយោងតាមសិលាស្តម្ភចារឹកនៅប្រាសាទតាព្រហ្ម រាជការព្រះបាទជ័យវរ្ម័នទី៧ មានស្ថាបនា «អរោគ្យសាលា» ដែលប្រែថាមន្ទីរពេទ្យ មានចំនួន១០២ តាំងនៅពេញផ្ទៃនៃចក្រភពខ្មែរ។ ក្នុងចំណោមនោះ មានមន្ទីរពេទ្យចំនួន៦ស្ថិតក្នុងរាជធានីអង្គរ ដែលមាន៤ស្ថិតតាមផ្លូវចូលក្រុងអង្គរធំ៖ ប្រាសាទព្រហ្មកិលនៅខាងត្បូង ប្រាសាទទន្លេស្ងួតនៅខាងជើង ប្រាសាទទ្រមូងនៅខាងលិច និងប្រាសាទលក្ខណ៍នាងនៅខាងកើត។ រីឯមន្ទីរពេទ្យ២ទៀត គឺប្រាសាទប្រីនៅខាងជើងប្រាសាទព្រះខ័ន និងប្រាសាទព្រៃប្រាសាទ នៅខាងលិចក្រុងអង្គរធំ។ មន្ទីរពេទ្យសាងទ្បើងជាប្រភេទសំណង់ស្រាល អំពីឈើប្រក់ក្បឿង។ រីឯប្រាសាទដែលនិយាយខាងលើ ហើយដែលនៅគង់វង្សដល់សព្វថ្ងៃ ជាប្រាសាទដែលសាងទ្បើងនៅក្នុងបរិវេណនៃមន្ទីរពេទ្យ មាននាទីជាហោសម្រាប់បន់ស្រន់របស់មន្ទីរពេទ្យ។ សំណង់ហោបន់ស្រន់មានទម្រង់ដូចគ្នាទាំងអស់ ហើយក្នុងហោបន់ស្រន់នីមួយៗ មានតម្តល់ព្រះបដិមានៃព្រះពុទ្ធសាសនាមហាយានចំនួនបីព្រះអង្គ ដែលមានព្រះនាមថា៖ ភៃសជ្ជគុរុ វៃរោចន និងចន្រ្ទ។ ព្រះភៃសជ្ជគុរុ ជាព្រះពុទ្ធស្តេចថ្នាំ។ រីឯព្រះវៃរោចននិងព្រះចន្រ្ទ ជាព្រះពោធិ៍សត្វ ដែលមាននាទីកំចាត់រាល់ជំងឺរាតត្បាតទាំងទ្បាយ។
ទន្ទឹមនឹងនេះ ហោបន់ស្រន់នីមួយៗតែងតែមានអាចារ្យពីរនាក់ ដែលមានតួនាទីផ្សេងៗគ្នា។ មួយរូបជាអ្នករៀបចំគ្រឿងរណ្តាប់សម្រាប់កិច្ចពិធីបូជាដល់ព្រះ ដែលបានតម្កល់នៅមន្ទីរពេទ្យផ្ទាល់ ហើយអាចារ្យម្នាក់ទៀតមានតួនាទីជាអ្នកធ្វើរោគវិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យដែលប្រចាំការនៅមន្ទីរពេទ្យ ពិនិត្យមិនឃើញរោគអ្វីពិតប្រាកដទេ គេត្រូវបញ្ជូនមកអាចារ្យដើម្បីស្វែងរកប្រភេទជំងឺតាមរយៈជំនឿជាបន្ថែមទៀត។ តាមរយៈសិលាចារឹកដែលចារអំពី«ធម្មនុញ្ញនៃមន្ទីរពេទ្យ» គឺគ្រប់មន្ទីរពេទ្យទូទាំងព្រះនគរ មានគោលការណ៍គ្រប់គ្រងក្រោមទម្រង់តែមួយដូចគ្នាទាំងអស់។ នៅក្នុងមន្ទីរពេទ្យមួយមាន៖ នាយកគ្រប់គ្រងមួយរូប ដែលតែងតាំងដោយព្រះរាជក្រឹត្យបញ្ជូនមកពីរាជធានី, គ្រូពេទ្យ ឋានៈជាវេជ្ជបណ្ឌិតចំនួន២រូប, គិលានុប្បដ្ឋាយិកាចំនួន៨រូប, ជំនួយការគ្រូពេទ្យ៦រូប និងឆ្មាំចំនួន១៤រូប។
តាមរយៈធម្មនុញ្ញនៃមន្ទីរពេទ្យ ក៏បានបញ្ជាក់ទៀតថា មន្ទីរពេទ្យទទួលព្យាបាលមនុស្សគ្រប់វណ្ណៈដោយមិនតម្រូវឲ្យបង់ថ្លៃអ្វីទាំងអស់ ដោយរាជការជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការព្យាបាល ថ្នាំសង្កូវ និងការទំនុកបម្រុងម្ហូបអាហារជាដើម។ អ្នកជំងឺច្រើនប្រភេទបានមកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ។ ចំណែកឱសថសម្រាប់ព្យាបាលគឺ ផ្តល់ដោយព្រះឃ្លាំងនៅរាជធានី ដែលបើកជូនគ្រប់មន្ទីរពេទ្យរៀងរាល់៤ខែម្តង។ ក្នុងចំណោមឱសថទាំងនោះ មានមួយចំនួនផលិតក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីបរទេសដូចជា ប្រទេសចិន និងឥណ្ឌាជាដើម ហើយឱសថខ្លះ មានដាំនៅក្នុងបរិវេណនៃមន្ទីរពេទ្យផ្ទាល់ផងដែរ។ លោកអ៊ឹម សុខរិទ្ធី បានបន្ថែមទៀតថា «មន្ទីរពេទ្យមិនត្រឹមតែជាកន្លែងព្យាបាលរោគតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសង្រ្គោះ កន្លែងដែលមនុស្សដាច់សង្វែងអាចរកជម្រកស្នាក់នៅបាន។ មនុស្សខ្សត់ ទុរគត ដាច់អាហារ អាចមករកចំណីអាហារទទួលទានបាន។ ពោលគឺជាកន្លែងបំពេញការងារសង្គមកិច្ច។ ជារៀងរាល់រដូវ មន្ទីរពេទ្យមានកម្មវិធីចែកទានដល់អ្នកក្រីក្រ ដូចមានបង្ហាញតាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទបន្ទាយឆ្មារជាភស្តុតាងស្រាប់។
ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ការគ្រប់គ្រងរដ្ឋក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជការ ដែលត្រូវទទួលមើលការខុសត្រូវព្រមទាំងការទ្រទ្រង់សុខុមាលភាពរបស់ប្រជារាស្រ្តទូទាំងនគរ។ ចំណុចអស់ទាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ តាមរយៈសិលាចារឹកចារក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលបានសរសេរថា «ទុក្ខសោករបស់ប្រជានុរាស្ត្រ គឺធំជាងទុក្ខសោករបស់ព្រះអង្គទៅទៀត»។ តាមរយៈខ្លឹមសារនេះយើងអាចវាយតម្លៃបានថា ការខ្វល់ខ្វាយពីប្រជានុរាស្ត្រ ជាកិច្ចការសំខាន់ដែលព្រះអង្គត្រូវបំពេញ។ ម្យ៉ាងទៀតក៏មានកត្តាផ្សេងៗជាច្រើន ដែលអាចឲ្យព្រះអង្គបំពេញកិច្ចការទាំងនេះបានយ៉ាងរលូន ដោយហេតុថា ការអភិវឌ្ឍសេដ្ឋកិច្ចសម័យនោះមានការរីកចម្រើនខ្លាំង រាជការក៏ទទួលបានចំណូលខ្ពស់ពីប្រភពផ្សេងៗនានា ធានាបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់គ្រប់ការចំណាយ និងកត្តាសន្តិភាពពេញផ្ទៃប្រទេស ព្រមទាំងការគ្រប់គ្រងចំណូលរបស់រាជការបានល្អ ដោយចំណូលទាំងអស់រាជការជាអ្នកមានភារកិច្ចចាត់ចែងដើម្បីកសាងប្រទេសក្នុងទម្រង់ផ្សេងៗ ក៏ដូចជាសម្រាប់ទ្រទ្រង់ឧបត្ថម្ភអ្នកជំងឺទូទាំងព្រះនគរជាដើម៕
ប្រភព៖apsaraauthority.gov.kh