មកស្គាល់!!ប្រវត្តិ​ទីតាំងសំខាន់​ៗ​នៃ​ខេត្តស្វាយរៀងតាំងពី​សម័យ​អាណានិគមនិយម​បារាំង

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
មកស្គាល់!!ប្រវត្តិ​ទីតាំងសំខាន់​ៗ​នៃ​ខេត្តស្វាយរៀងតាំងពី​សម័យ​អាណានិគមនិយម​បារាំង មកស្គាល់!!ប្រវត្តិ​ទីតាំងសំខាន់​ៗ​នៃ​ខេត្តស្វាយរៀងតាំងពី​សម័យ​អាណានិគមនិយម​បារាំង

បើ​តាម​ការ​ស្រាវជ្រាវ​សាលា​ខេត្តស្វាយរៀង​មុន​ឆ្នាំ​១៩៣០ មាន​ទីតាំង​ស្ថិត​នៅ​បរិវេណ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បច្ចុប្បន្ន ។ ក្រោយ​ឆ្នាំ​១៩៤០ បាន​ប្តូរ​មក​ទីតាំង​សាលា​ខេត្តស្វាយរៀង​បច្ចុប្បន្ន ។ចំពោះ​អគារ​រ៉េ​ស៊ី​ដង់​បារាំង​ប្រចាំ​ស្វាយ​រៀង​មា​នទី​តាំងនៅ​ខាងកើត​សាលាខេត្ត បច្ចុ​ប្បន្ន​​ទីតាំង​នេះ​ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ។

អគារ​រដ្ឋ​បាល​ទេសាភិបាល​បារាំង និង​អម​ដោយ​ការិយាល័យ​ជំនាញ សំខាន់​ៗ​មួយ​ចំនួន​ស្ថិត​នៅ​ខាងកើត​រង្វង់​មូល​វិមាន​ឯករាជ្យ​បច្ចុប្បន្ន គឺ​មាន​ដូច​ជា​កា​រិ​យា​ល​យ័​ពន្ធដារ ការិយា​ល័យ​គយ និង​រដ្ឋាករ ការិយាល័យ​សុរិយោដី ការិយាល័យ​សាធារណការ និង​ការិយា​ល័យ​មួយ​ចំនួន​ទៀត​។អគារ​រដ្ឋបាល​ខេត្ត​បន្សល់​ទុក​មុន​ឆ្នាំ​១៩៤០ ស្ថិត​នៅ​ក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បច្ចុប្បន្ន ដែល​មាន​កម្ពស់​ពីរ​ជាន់ និង​ត្រូវ​បាន​កែសម្រួល​ទៅ​ជា​អគារ​មួយ​ជាន់​វិញ​នៅ​ឆ្នាំ​១៩៨៤ ។អគារ​នេះ​ជា​អគារ​រដ្ឋបាល​ដែល​ចៅហ្វាយ​ខេត្តស្វាយរៀង​ធ្វើការ​នៅ​មុន​ឆ្នាំ​១៩៤០ ។

នៅ​ក្នុង​បរិវេណ​ខាងក្រោយ​អគារ​រដ្ឋបាល​សាលាខេត្ត មាន​ដើម​ពោធិ​មួយ​ដើម ជាទី​កន្លែង​បួងសួង​សុំ​សេចក្តីសុខ សម្រាប់​អ្នករាជការ​នា​សម័យ​នោះ ។រូបសំណាក់​តំណាង​ឱ្យ​ខេត្តស្វាយរៀង បើ​តាម​ឯកសារ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៤៧ ថ្នាក់​ដឹកនាំ​ខេត្ត​បាន​រៀបចំ​រូប​គោ​ដាក់​នៅ​រង្វង់​មូល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ដែល​មាន​រូប​​គោ​និ​ន្ទិ​ចំនួន​បួន​កសាង​អំពី​ថ្មភក់​បង្ហាញ​ទិស​ទាំង​បួន និង​មាន​ដាក់​រូបសំណាក​នាង​គ​ង្ហី​ង​ច្បូតសក់​ធ្វើ​អំពី​ថ្មភក់​នៅ​ចំ​កណ្តាល ដាក់​ជា​សម្គាល់​តំណាង​ឱ្យ​ខេត្ត ។ ម្យ៉ាង​ដើម្បី​ជា​ការ​រំលឹក​ពី​គុណ​របស់​ព្រះ​គោ ដែល​មានរឿង​ព្រេង គឺ​ក្នុង​រឿង ព្រះ​គោ​ព្រះ​កែវ​ផង និង​បង្ហាញ​ពី​គុណសម្បត្តិ​របស់​តួអង្គ​សត្វ​គោ ដែល​ជួយ​បម្រើ​ដល់​វិស័យ​កសិកម្ម​ក្នុង​ការ​អូស​ទាញ ភ្ជួរ​រាស់ ជា​កម្លាំង​ស្នូល ដែល​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ភាគច្រើន​លើស​លប់​រស់​ដោយ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ។ រហូត​ដល់​ឆ្នាំ​១៩៥៧ រូប​គោ​ត្រូវ​បាន​រចនា​លម្អ​បន្ថែម ដោយសារ​អ្នកស្រុក​មួយ​ចំនួន​មាន​ជំនឿ​ថា ជា​រូប​គោ​ក្នុង​រឿង​ទេវ​កថា «​ព្រះ​គោ​ព្រះ​កែវ​» មក​ចាប់បដិសន្ធិ​ក្នុង​ទឹកដី​ខេត្ត​ស្វាយ​រៀង​នេះ និង​តែងតែបាន​សេចក្តីសុខ​សប្បាយ ។

ទាក់ទិន​រូប​គោ​ន​ន្ទិ លោក​ចិន សា​ធាន នាយករង​សាលា​ខេត្តស្វាយរៀង​ឲ្យ​ដឹង​ថា រូប​ព្រះ​គោ​ន​ន្ទិ​មិន​ទាក់ទង​ជាមួយ​ទេវ​កថា​ក្នុង​រឿង ព្រះ​គោ​ព្រះ​កែវ​នោះ​ទេ ។ ប្រវត្តិ​របស់​ព្រះ​គោ​ន​ន្ទិ​នេះ​ក្នុង​គម្ពីរ​ព្រហ្មញ្ញសាសនា ដែល​មាន​តាំង​រូប​ព្រះ​ឥសូរ ច្រកចូល​នៃ​គុហារ ឬ​ប្រាសាទ​ថ្ម គេ​តែងតែ​កសាង​រូប​ព្រះ​គោ​ន​ន្ទិ សម្រាប់​ជា​ជំនិះ​ដ៏​វិសេស​របស់​ព្រះ​ឥសូរ ។ ដោយឡែក​រូបសំណាក​ព្រះ​គោ​ន​ន្ទិ ដែល​កសាង​នា​សតវត្ស​ទី​៧ ធ្វើ​អំពី​ថ្មភក់ មាន​កម្ពស់​០,៣៣​ម៉ែត្រ និង​តួខ្លួន​មាន​ប្រវែង​០,៥៥​ម៉ែត្រ ត្រូវ​បាន​គេ​រក​ឃើញ​ចន្លោះ​ឆ្នាំ​១៩៣០-​១៩៣៦ ក្នុង​ប្រាសាទព្រៃ​បា​សាក់ ស្ថិត​នៅ​ឃុំ​បា​សាក់​ស្រុក​រំដួល បច្ចុប្បន្ន​ស្រុក​ស្វាយ​ជ្រំ ។ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ និង​ត្រូវ​បាន​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​យក​ទៅ​តាំងនៅ​សារមន្ទីរ​ជាតិ រាជធានី​ភ្នំពេញ ។ សរុបសេចក្តី​មក​រូប​គោ និង​រូប​ព្រះ​គោ​ន​ន្ទិ មាន​អត្ថន័យ​ផ្សេង​គ្នា​ទៅ​តាម​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះ​ពុទ្ធ​សាសនា ។បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​លើសលប់​គោរព​ព្រះពុទ្ធ​សាសនា ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​ស្វា​រៀង មាន​ជំនឿ​ថា ព្រះ​គោ​ន​ន្ទិ តំណាង​ឱ្យ​ភាព​សម្បូរ​សប្បាយ សេចក្តីសុខ នៃ​ប្រជា​រាស្ត្រ ក្នុង​តំបន់​វាលរាប​ខេត្តស្វាយរៀង ដែល​ប្រកប​របរ​កសិកម្ម ហើយដោយ​បុណ្យ​បារមី​នៃ​ព្រះ​គោ​ន​ន្ទិ​នេះ​បាន​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង ចៀស​ផុត​ពី​គ្រោះថ្នាក់ មហន្តរាយ ធំ​ៗ នានា ក្នុង​នោះ​កសិផល​របស់​ប្រជាពលរដ្ឋ​តែង​បាន​ទទួលផល​តាម​បំណងប្រាថ្នា ។ ដូច្នេះ​ហើយ​បាន​យក​រូប​គោ​ដាក់​នៅ​លើ​ផែនទី​ជា​សម្គាល់​រដ្ឋបាល​ខេត្តស្វាយរៀង​(​ផែនទី​ឆ្នាំ​១៩៦៣ )​រង្វង់​មូល​រូប​គោ ស្ថិត​នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង​បច្ចុប្បន្ន ។

នៅ​ឆ្នាំ​២០១៤​រដ្ឋបាល​សាលា​ខេត្តស្វាយរៀង​បាន​ធ្វើ​សិក្ខាសាលា ពិនិត្យ​លើ​ឯកសារ​ប្រវត្តិ​ខេត្តស្វាយរៀង ហើយ​បាន​សម្រេច​យក​រូបសំណាក​គោ​ន​ន្ទិ​ធ្វើ​ជា​និមិត្តសញ្ញា​របស់​ខេត្តស្វាយរៀង ដោយ​រូប​ព្រះ​គោ​ន​ន្ទិ​នេះ ជា​វត្ថុ​បុរាណ​ដែល​មាន​អាយុកាល​ចាស់​ជាង​គេ​ក្នុង​ចំណោម​រូប​បដិមា​នានា នៅ​ទឹកដី​ខេត្តស្វាយរៀង ។ ដូច្នេះ​ហើយ​ទើប​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ឯកភាព​យក​រូប​ព្រះ​គោ​ន​ន្ទិ​ជា​និមិត្តរូប​ឬ​និមិត្តសញ្ញា​របស់​ខេត្តស្វាយរៀង​ដែល​មាន​កម្រង​កួរស្រូវ​អមព​ទ្ធ័​ជំវិញ ។ ចំពោះ​រង្វង់​មូល​រូប​គោ កាលពី​ពេល​បង្កើត​ខេត្តស្វាយរៀង គឺ​កសាង​អំពី​ថ្មភក់ ធ្វើ​ជា​មុខ​ព្រួញ​បង្ហាញ​ទិស​ទាំង​បួន​ដោយ​ដាក់​រូប​នាង​គ​ង្ហី​ង​នៅ​ចំ​កណ្តាល ក៏​ប​ន្តែ​ក្នុង​ឆ្នាំ​១៩៨២ ត្រូវ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​រុះរើ​ដក​យក​រូប​គោ​ទាំង​បួន និង​រូប​នាង​គ​ង្ហី​ង​ចេញ រូ​ច​បាន​ដាក់​រូបសំណាក​បុរស​ជា​កសិករ​លី​ចប និង​ស្ត្រី​កាន់​កណ្តៀវ កង​កណ្តាប់​ស្រូវ​វិញ ។ ចំពោះ​រូបសំណាក​គោ និង​រូបសំណាក​នាង​គ​ង្ហី​ង ត្រូវ​ចាស់ទុំ​ដែល​មានផ្ទះ​ខាងត្បូង​រង្វង់​មូល​រូប​គោ ឱ្យ​ដឹង​ថា មន្ត្រី​មន្ទីរ​សាធារណការ បាន​លើកដាក់​លើ​រថយន្ត​ដឹក​ចេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​១​ទៅ​លិច មិនដឹង​ដឹក​យក​ទៅ​ដាក់​ទុក​កន្លែង​ណា​ទេ​បាត់​រហូត​បច្ចុប្បន្ន​រក​មិនឃើញ ។

ក្រោយមក​ក្នុង​ឆ្នាំ​២០០២ លោក​ហ៊ុន ណេ​ង កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្តស្វាយ​រៀង​​បាន​យក​រូបសំណាក​កសិករ​លី​ចប និង​ស្ត្រី​កាន់​កណ្តៀវ​កង​កណ្តាប់​ស្រូវ​ចេញ បាន​ដាក់​រូប​សិង្ហ​ជំនួស​វិញ ។ ដោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ញឹកញាប់ ហើយ​មតិ​មហាជន​បាន​លើក​ឡើង​ថា រូប​សិង្ហ អំណាច​ខ្លាំង បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ក៏​សំណូមពរ​ដាក់​រូបសំណាក គោ​វិញ តែ​មិន​បាន​តាម​បំណង​នោះ​ទេ ។ លុះដល់​ដើមឆ្នាំ​២០១៥​រថយន្ត​កុងតឺន័រ​បើក​បុក​ឡើង​លើ​រង្វង់ ហើយ​បុក​រូប​សិង្ហ​បាក់​ខ្ទេច​រលំ​ធ្លាក់​ដល់​ដី​ខូចខាត​ទាំងស្រុង ។ ក្រោយ​ពី​រូប​សិង្ហ​ខូច​មក​លោក​ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ពិភាក្សា​សម្រេច​ដាក់​រូប​គោ​វិញ ។ នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ លោក​សំ សា​វុ​ធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​​ខេត្តស្វាយរៀង​បានការ​អនុញ្ញាត​ទទួល​ភារកិច្ច​និង​ផ្តល់​ប្រាក់​សាងសង់​រូប​គោ​ដាក់​​ក្នុង​រង្វង់​មូល​ឡើង​វិញ ដោយ​សាងសង់​រូប​គោ​បួន​អំពី​ថ្ម​បេតុង​និង​រូប​ឆត្ររួត​ចំ​កណ្តាល ។ មាន​ដាក់​ភ្លើង​បំភ្លឺ​នា​ពេល​យប់​ផង​ដែរ ហើយ​ក្រោយ​ពី​សាងសង់​រង្វង់​មូល​រូប​គោ​ឡើង​វិញ​មក គឺ​បាន​សេចក្តីសុខរហូត ៕

ប្រភព៖កោះសន្តិភាព

បញ្ចេញមតិ