តើត្រសាល់ត្រចៀកកើតមកពីសម័យណា?តើជនជាតិណាដែលប្រើប្រាស់មុនគេ??
សូមជម្រាបថា ក្នុងដំណាក់កាលប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរ គឺចាប់ពីដើមស.តទី១ នៃគ.ស មានការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម វប្បធម៌ ក្រោមឥទ្ធិពលឥណ្ឌា ដែលអ្នកប្រវត្តិវិទូ ហ្សក សឺដេស ឲ្យឈ្មោះថា ឥណ្ឌូរូបនិយកម្ម ។ ក្នុងដំណាក់កាលនោះ ទំនៀមទម្លាប់ខ្លះក៏ត្រូវ បោះបង់ចោល ដូចជាករណីត្រសាល់ដែលជាគ្រឿងលំអត្រចៀករបស់មនុស្សខ្មែរទាំងពីរភេទ ។ ក៏ប៉ុន្តែបើយើងពិនិត្យមើលទិន្នន័យបុរាណវិទ្យា និងជាតិពន្ធុវិទ្យា យើងអាចបញ្ជាក់អំពីនិរន្តភាពនៃប្រពៃណីពាក់ត្រសាល់ ទោះបីជាឈប់មានលក្ខណៈជាទូទៅក៏ដោយ ។ តាមការស្រាវជ្រាវ យើងបានដឹងថា ប្រជាជនខ្មែរឈប់និយមត្រសាល់ត្រចៀកនៅដើមស.តទី ១៩ ដោយសារទំនើបកម្ម ហើយរហូតដល់សព្វថ្ងៃ មានតែជនជាតិ ដើមភាគតិចទេ ដែលកំពុងនិយមនៅឡើយ ។ ដូច្នេះអាចបញ្ជាក់ថា គម្លាតវប្បធម៌ គឺបណ្តាលមកពីឥទ្ធិពលមកពីខាងក្រៅយ៉ាងប្រាកដ ។ នៅដើមសតវត្សទីមួយ នៃគ្រិស្តសករាជ ជនជាតិខ្មែរមួយភាគធំដែលរស់នៅតាមវាលទំនាបដែនដីសណ្តរ ព្រមទាំងតាមឆ្នេរសមុទ្រដូចជា ឈូងសមុទ្រសៀមសព្វថ្ងៃជាដើម បានស្ថិតក្រោមឥទ្ធិពលវប្បធម៌យ៉ាងខ្លាំងក្លានៃពួកឥណ្ឌា ដែលមករកស៊ីជួញប្រែជាមួយខ្មែរ ។
ជាហេតុ បណ្តាលឲ្យខ្មែរនាសម័យនោះ ខ្ចីយកខឿនវប្បធម៌ អរិយធម៌ក្លឹង្គ ដែលខ្លួនយល់ឃើញថា ខ្ពង់ខ្ពស់រុងរឿង ជឿនលឿន ដើម្បីអភិវឌ្ឍន៍សង្គម របស់ខ្លួនដោយជោគជ័យជាស្ថាពរ ខុសពីជនជាតិមនខ្មែរមួយចំនួនផ្សេងទៀត ដែលរស់នៅតាមខ្ពង់រាប ឬព្រៃភ្នំ ហើយពួកគេពុំដែលមាន ទំនាក់ទំនងជាមួយជនជាតិក្លឹង្គ ។ ដូចនេះហើយបានជាសំណង់សង្គមដើមរបស់គេ ពុំបានកែប្រែ ឬវិវត្តន៍តាមរបៀបក្លឹង្គឡើយ ។ ជាហេតុ បណ្តាលឲ្យអ្នកប្រាជ្ញាប្រវត្តិសាស្ត្រម្នាក់ ឈ្មោះ ហ្សក សឺដេស សរសេរនៅឆ្នាំ១៩៦៥ ថា ខ្មែរជាព្នង ដែលបានទទួលវប្បធម៌អរិយធម៌ក្លឹង្គ ឬឥណ្ឌូវូបនីយកម្ម ។ បើនិយាយឲ្យចំទៅ ចំពោះអ្នកស្រាវជ្រាវខាងលើនេះ ខ្មែរ ជាជនជាតិកើតនៅលើទឹកដីឥណ្ឌូចិននេះ បានតពូជពង្សរហូត ដល់សព្វថ្ងៃ ពីបុព្វបុរសដែលបានកាន់កាប់ភូមិភាគនេះ តាំងពីមុនសម័យបុរេប្រវត្តិសាស្ត្រ ។ បើនិយាយម្យ៉ាងទៀតមុនការបង្កើត ព្រះរាជាណាចក្រកម្ពុជាភ្នំខ្មែរ និងខ្មែរលើជាជនជាតិតែមួយ ។
សរុបសេចក្តីមក ក្រោមអនុភាពវប្បធម៌បរទេស សង្គមខ្មែរ-មនបុរាណបានផ្លាស់ប្តូរទ្រង់ទ្រាយបន្តិចម្តងៗ ពោលគឺ ពីលក្ខណៈកុលសម្ព័ទ្ធដែលគ្មានអំណាចកណ្តាលទៅជារបបរាជានិយម ដោយមានស្តេចសេនាប្រមុខ ព្រាហ្មបុរោហិត ព្រះសង្ឃសព្វមុខនាហ្មឺនមន្ត្រីដែលជាមែកធាងនៃរចនាសម្ព័ន្ធថ្មី ។
តែទោះជាយ៉ាងនេះក្តីក៏ជនជាតិខ្មែរ ដែលកាន់កាប់វប្បធម៌ក្លឹង្គ នៅតែរក្សាដដែលនូវទំនៀមទំលាប់ប្រពៃណីមួយចំនួន ដែលមានតាំងពីមុនសម័យក្លឹង្គចូលស្រុកមកម្ល៉េះ បានយ៉ាងខ្ជាប់ខ្ជួន ដូចជាការនិយមប្រើត្រសាល់សំរាប់លំអរស្លឹកត្រចៀកមនុស្សទាំងពីរប្រភេទជាដើម ដែលយើងនឹងលើកយកមកសិក្សាវិភាគជាឧទាហរណ៍ជាក់ស្តែង នៅពេលខាងមុខបន្តិចទៀតជាភស្តុតាងស្រាប់ ។ វត្ថុបំណងនៃអត្ថបទនេះ គឺចង់បញ្ជាក់នូវភាពដូចគ្នារវាងប្រពៃណីប្រើត្រសាល់ត្រចៀករបស់ជនជាតិ ខ្មែរដែលរស់នៅតាមវាលទំនាប ដែលខំពន្យល់នូវមូលហេតុ ដែលបណ្តាលឲ្យខ្មែរដែលរស់នៅតាមវាលទំនាបឈប់ប្រើប្រាស់គ្រឿងអលង្កានេះ ចាប់តាំងពីសតវត្សទី១៩ នៃគ្រិស្តសករាជ ។ ការស្រាវជ្រាវនេះ ជាវិភាគទាន ដ៏តូចមួយឆ្លុះឲ្យឃើញនូវឫសគល់របស់ជនជាតិខ្មែរយើង ដែលរួមសាសន៍ និងវប្បធម៌ អារ្យធម៌ ជាមួយបងប្អូនជនជាតិខ្មែរលើ ។ ថ្វីត្បិតតែកុលសម្ព័ន្ធខ្មែរលើសព្វថ្ងៃបានក្លាយខ្លួនទៅជាជនជាតិភាគតិច ដែលរស់នៅពាសពេញដេរដាស ត្រង់នេះបន្តិច ត្រង់នោះបន្តិចក្នុងឧបទី្វប តួរនាទីយ៉ាងសំខាន់បំផុត ក្នុងវិស័យវប្បធម៌ អរិយធម៌ខ្មែរ ដោយហេតុថា វប្បធម៌ខ្មែរលើ ដែលមានតាំតែសម័យប្រវត្តិសាស្ត្រ ។
តើត្រសាល់ត្រចៀកកើតមកពីសម័យណា ហើយជនជាតិណាដែលប្រើប្រាស់មុនគេក្នុងឧបទ្វីបឥណ្ឌូចិន? ដើម្បីនឹងឆ្លើយតបនឹងសំណួរខាងលើនេះ គេយកវត្ថុបុរាណមកសិក្សាតាមលំដាប់ ដោយវិភាគនូវកាលបរិច្ឆេទពេលវេលាផង ។ ស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន បានបន្សល់ទុកនូវវត្ថុបុរាណដែលបុព្វបុរសខ្មែរបានប្រើប្រាស់ជាឧបករណ៍វប្បធម៌ សម្រាប់ជីវិតប្រចាំថ្ងៃរបស់គេដូចជា : កងដៃ កងជើង កាំបិត លំពែង ដឹង ដែលធ្វើពីសំរិទ្ធ ចាន ឆ្នាំង ក្រឡធ្វើពីដីដុតជាដើម ។ ក្នុងចំណោមវត្ថុបុរាណទាំងនោះ យើងជួបប្រទះនូវត្រសាល់ត្រចៀក ជាច្រើនដែលធ្វើពីឆ្អឹង សំបកខ្យង និងដីដុត ។ ស្ថានីយ៍បុរេប្រវត្តិសាស្ត្រជាច្រើនជាអាទ៍ ដូចជា ល្អាងស្ពាន ម្លូព្រៃ សំរោងសែន (កម្ពុជា) អូរកែវ (កម្ពុជាក្រោម) តាខេ ភូមិប្រាសាទ (នគររាជសីមា សៀមបច្ចុប្បន្ន) និងត្រឹងនិញ (លាវបច្ចុប្បន្ន) អាចបញ្ជាក់ឲ្យយើងដឹងថា ការនិយមត្រសាល់ត្រចៀកមានផ្តើមឡើយតាំងពីសម័យមុនប្រវត្តិសាស្ត្រម្ល៉េះ ។ ប្រភពឯកសារក៏បានបញ្ជាក់ទៀតថា : មានតែជនជាតិអម្បូរមនខ្មែរទេ ដែលនិយមប្រើប្រាស់ប្រពៃណីនេះ ជាទូទៅក្នុងតំបន់នានា ដែលខ្លួនរស់នៅតាំងពីបុរាណកាល រហូតមកដល់សព្វថ្ងៃនេះ ។ ម្យ៉ាងទៀត គេក៏បានជួបការនិយមត្រសាល់នេះ នៅក្នុងស្ថានីយ៍ ដុនសឿ (យួនខាងជើង) ដែរ ប៉ុន្តែវត្ថុបុរាណនេះមិនមែនជាសម្មិតផលដែលស្ថាបនាឡើងដោយបុព្វបុរសរបស់ជនជាតិយួនបច្ចុប្បនេះទេ ព្រោះសាមីខ្លួនដើមឡើយបានរស់នៅខេត្តកាងតុង និងយូណាន់ឯណោះ ដែលជាដែនដីកំណើតរបស់ពួកគេ ។គួរបញ្ជាក់បន្ថែមដែរ ចំពោះការដែលកុលសម្ព័ន្ធមនខ្មែរនានា បាននិយមហើយកំពុងបន្តការប្រារព្ធនូវទំនៀមទំលាប់ដូចគ្នា ខាងលើនេះមានន័យថា ពួកគេមានឯកភាពក្នុងវិស័យវប្បធម៌ អរិយធម៌ ។ ម្យ៉ាងទៀត វាក៏ជាកត្តាបង្ហាញឲ្យដឹងថា វប្បធម៌របស់ពួកគេ កើតចេញពីពុម្ពតែមួយ ។
ថ្វីត្បិតតែនៅដើមសតវត្សទីមួយនៃគ្រិស្តសករាជ ឥទ្ធិពលនៃអរិយយធម៌ វប្បធម៌ក្លឹង្គ មានសន្ទុះខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្មែរនៅសម័យនោះ (នគរភ្នំ និងចេនឡា ឬជាន់លើ) នៅតែប្រើប្រាស់ប្រដាប់ប្រដាតុបតែងខ្លួនដូចខាងលើនេះដដែល ។ ចំពោះវត្តមាននៃត្រសាល់ក្នុងគ្រាដំបូងនៃប្រវត្តិសាស្ត្រខ្មែរនោះ យើងអាចលើកយកលទ្ធផល នៃកំណាយស្ថានីយ៍ប្រវត្តិសាស្ត្រ ដែលមានត្រសាល់បុរាណធ្វើពីដីដុត មាស ឬថ្ម មកបង្ហាញជាភស្តុតាង ។ ដើម្បីជាព័ត៌មាន យើងអាចកត់ត្រាវត្តមាននៃត្រសាល់ត្រចៀក នៅក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រជាច្រើនដូចជា : ស្ថានីយ៍អូរកែវ អង្គរបុរី កញ្ជ្រៀច (ព្រៃវែង) ដែលមានអាយុប្រមាណជា១២០០ ទៅ២០០០ឆ្នាំ ។ វត្ថុបុរាណទាំងអស់នោះមានចំណាស់ពីសតវត្សទី១ ដល់សតវត្សទី៨នៃគ.ស ។ ពីសតវត្សទី៩ ដល់១៣ នៃគ្រិស្តសករាជ គឺគេក៏បានជួបត្រសាល់ត្រចៀកជាច្រើនដែលជាពិសេស នៅស្ថានីយប្រាសាទភ្នំរុង (សៀមបច្ចុប្បន្ន) អង្គរវត្ត (ខេត្តសៀមរាប) ៘
មូលហេតុនៃការនិយមប្រពៃណីនេះគឺមកពីប្រពៃណីនេះ សមស្របតាមចំណង់ចំណូលចិត្តខ្មែរជំនាន់នោះ ។ ក្នុងករណីនេះ ហើយបានជាយើងឃើញមានរូបចម្លាក់ មនុស្ស ឬអាទិទេពថ្នាក់លើ និងថ្នាក់ក្រោម ដូចជាទ្វារបាល ទេពអប្សរស្តេចគ្រុឌ យក្ស ប្រើប្រាស់វត្ថុវប្បធម៌នេះ ។ ដោយសំអាងលើវត្ថុបុរាណ ដែលបានមកពីកំណាយស្ថានីយ៍ប្រវត្តិសាស្ត្រជាច្រើន យើងក៏អាចដឹងបានដែរថា មួយភាគតូចនៃរូបចម្លាក់តំណាងអាទិទេពសំខាន់ៗទាំងបីអង្គ នៃព្រហ្មញ្ញសាសនា គឺព្រះព្រហ្ម ព្រះសិវៈ និងព្រះវិស្ណុ ព្រមទាំងព្រះពុទ្ធបដិមាមិនបានតុបតែងដោយគ្រឿងអលង្ការបុរាណនេះទេ ។ តើហេតុដូចម្តេច បានជាអាទិទេពសំខាន់ៗ នៃលទ្ធិព្រហ្មសាសនា និងព្រះពុទ្ធអង្គ ព្រមទាំងអវលោកេស្វរៈពុំសូវពាក់ត្រសាល់ដូចអាទិទេពថ្នាក់ក្រោម? នេះជាបញ្ហា ឬមួយដែលគេត្រូវចាប់អារម្មណ៍ ៕
ប្រភព៖(ម.ត្រាណេ)