តើអ្នកធ្លាប់ឮប្រវត្ដិស្ដេចពពុះទឹកនៃនគរដើមតាត្រាវដែរឬទេ??​ (ភាគ១)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នកធ្លាប់ឮប្រវត្ដិស្ដេចពពុះទឹកនៃនគរដើមតាត្រាវដែរឬទេ??​ (ភាគ១) តើអ្នកធ្លាប់ឮប្រវត្ដិស្ដេចពពុះទឹកនៃនគរដើមតាត្រាវដែរឬទេ??​ (ភាគ១)

នេះជាឈុតដំបូងនៃព្រះរាជពង្សាវតាចាម ដែលបកថ្វាយព្រះបាទស៊ីសុវត្ដិ ( ១៩០៤ -១៩២៧ ) ។ ខ្ញុំសូមអភ័យទោស បើកាលប្រែសម្រួលទៅមានសេចក្ដីខុសឆ្គង នូវអក្ខរាវិរុទ្ធ ខុសពូជពង្ស វង្សត្រកូល នានា ។ ជាពិសេសជនរួមជាតិចាមដែលកំពុងរស់នៅដ៏សុខសាន្ដជាមួយគ្នា ។ មិនតែប៉ុណ្ណោះ រឿងនៃនគរនីមួយៗ តែងតែមានច្រើន ខុសៗគ្នា ដោយហេតុនេះ  អត្ថបទនេះ អាចថាជារឿងព្រេងនិទានមួយក្នុងចំណោមរឿងដ៏ច្រើននោះក៏ថាបាន ​។ ក្រៅពី នេះក៏មានរូបភាពខ្លះនៃនគរចាមដែលខ្ញុំបាន ស្រង់ចេញពីប្រភពហេ្វសប៊ុក ​ ហើយដែលខ្ញុំពិបាកកំណត់ថាតើម្ចាស់ដើមជានរណា ។ ហេតុនេះក៏សូមម្ចាស់ដើមមេត្ដាត្រេកអរ ទទួលយកនូវកុសលមួយនេះ ដែលជាចំណែកនៃទានដ៏ថ្លៃថ្លារបស់អស់លោកអ្នកផងចុះ ។

មានបុរសម្នាក់ឈ្មោះ ប៉ោសាមជៀង បានកើតចេញពីពពុះទឹកដែលបានហូរ ចេញពី ភ្នំ ក្លង្ងឺក៏រ៉ៃ ។ បុរសនេះមានប្រពន្ធឈ្មោះ ប៉ោពាតារ៉ាណៃណេះដែលបានកើតចេញពីផ្កាទទឹម។ ពីរនាក់នេះបានសោយរាជ្យនៅនគរមួយឈ្មោះព្រះនរិព្រះនរំាងសន្មតថាជានគរចាមតែថាតំាង នៅពុទ្ធសករាជប៉ុន្មានក៏ពុំប្រាកដ​ នគរនេះចាប់តំាងពីកកើតទឹកដីមកក៏មានដើមតាត្រាវដុះមក ដំណាលគ្នា ដូចជាដើមធ្លកដែលដុះលើនគរកម្ពុជាធិបតី ដូច្នោះដែរ។ ដើមតាត្រាវនោះដុះនៅឯស្រុក ពា័លស៊ុពា័លឡៃ ដែលជាដើមសក្ដិសិទ្ធិជាមង្គលនៃនគរ ទំហំគល់តាត្រាវនោះគេវាស់វា បានដោយយកអំបោះឆៅចំនួន ២ កំរង ទៅរុំព័ទ្ធដើមនោះតែមួយសរសៃទេ លុះអស់ទៅក៏តថែមមួយសរសៃទៀតលុះត្រាតែអស់ទំាងពីរកំរងនោះទើបជុំ ។ រីឯកំពស់វិញមានរហូតដល់ ៣ សិនឯណោះ ។ នៅឯគល់វិញ ក៏ឧប្បត្ដិកបាននូវរបស់ទិព្វប្រំាប្រភេទ គឺ​ ៖ ១. ព្រះខ័ឌ្គរាជ្យទំាងផ្លែ ទំាងស្រោម ។ ២. គងសំរឹទ្ធ ដែលអាចវាយដោយខ្លួនឯង ។

៣. អំបោះមួយប្រដាប់ ដែលអាចចង និង ស្រាយដោយខ្លួនឯង។ ៤. ស្នឹងដែលធ្វើពីឈើក្រញូង ដែលអាចដំ និង ដកដោយខ្លួនឯង ។ ៥. រំពាត់ផ្ដៅមួយគូរ ដែលអាចវាយ និង ឈប់ដោយខ្លួនឯង ។ ក្រៅពីនេះ នៅឯភ្នំមួយជាប់នឹងមាត់សមុទ្រ ក៏មានដុះចេញដោយឯកឯងនូវកំាភ្លើងធំ១ ដើមឈ្មោះសូផាន្នលោះ ដែលជាកំាភ្លើងសំរឹទ្ធ មានទំហំកាណុង អាចឲ្យមនុស្សចេញចូលបោសសំអាតបាន ។ ស្ដេចនៃនគរជិតឆ្ងាយក៏តែងមាន មេត្រីភាព ហើយរករបរទទួលទានទៅវិញ ទៅមកជាទម្លាប់នគរ ។ នគរនេះសុខសាន្ដណាស់ហើយសោយរាជ្យបន្ដបន្ទាប់តាមបវេណី រហូតដល់រាជ្យទី​១៣នៃរជ្ជកាលស្ដេចមួយអង្គព្រះនាម បោម្នឺត ។ រឿងដែលមិននឹកស្មានដល់មួយ បានកើតមានឡើងគឺនគរជិតខាងមួយដែលមាន ស្ដេចព្រះនាម ទេវតាកើតគំនិតចង់បាននគរ ចាមនេះជាចំណុះក៏ចាត់ឲ្យមេទ័ពធំម្នាក់ ឈ្មោះ ហ៊ៅ ( អុងហ៊ៅ )អោយប្រមូលកងទ័ពបាន ២ម៉ីននាក់ ឆ្មក់វាយចូលដោយមិនប្រកាស ដំណឹងជាមុន ។ ខណៈនោះទ័ពសត្រូវសម្រុកចូលដល់ជាយក្រុងទៅហើយទើបស្ដេច ប៉ោម្នឺតដឹង។ គ្រានោះស្ដេចប៉ោម្នឺតមានសេចក្ដីភិតភ័យជាខ្លំាងដោយសារទម្លាប់នគរតែងតែបានសុខ មិនដែលនឹកគិតកសាងទ័ព​ និង ត្រៀមស្បៀងទ័ពក្នុងរាជឃ្លំាងឯណា។ ម្ល៉ោះហើយក៏ប្រញាប់ឲ្យមន្រ្ដីធំប្រមែប្រមូលនាយឲ្យបានចំនួន ៥០០ នាក់ ។ ស្ដេចទ្រង់កង្វល់ណាស់ នឹកគិត តែបន់បុណ្យបារមីនានា មានទំាងបារមីរក្សាស្វេតឆ្ឆត្រជាដើម ។ ប៉ុន្ដែក្រោយមកទ្រង់ក៏ទ្រង់នឹក ទៅដល់របស់ទិព្វទំាង៥យ៉ាង ។ ទ្រង់បានចេញបញ្ជាឲ្យរៀបពិធីនគរយាងរបស់ទិព្វបីមុខគឺ ខ្សែ , រំពាត់ , ស្នឹង ទៅប្រយុទ្ធជាមួយសត្រូវជាបន្ទាន់ ។

ប្រភព៖ខេមរវិទ្យា

បញ្ចេញមតិ