គូរតែដឹងគ្រប់គ្នា !! អំពីប្រវត្តិនៃការបាត់បង់ក្រុងព្រៃនគរនៅកម្ពុជាក្រោម

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
គូរតែដឹងគ្រប់គ្នា !! អំពីប្រវត្តិនៃការបាត់បង់ក្រុងព្រៃនគរនៅកម្ពុជាក្រោម គូរតែដឹងគ្រប់គ្នា !! អំពីប្រវត្តិនៃការបាត់បង់ក្រុងព្រៃនគរនៅកម្ពុជាក្រោម

ទីក្រុង​ព្រៃនគរ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គុជ​ពណ៌​ទឹកក្រូច ដែលមាន​ដើមកំណើត​ចេញពី​ទីក្រុង​បៃ​ហ្គ័​រ «Bai Gaur» ជា​ឈ្មោះ​ភាសា​ចម្ប៉ា ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចម្ប៉ា​ដែល​គេ​ហៅថា ទន្លេ​ដុង​ណៃ ។ ទីក្រុង​ព្រៃនគរ ​គឺជា​ដែនដី​ដ៏ពិសិដ្ឋ​របស់​ខ្មែរ​នៅក្នុង​សម័យកាល​របស់​ហ្វ៊ូ​ណន ដែល​ពេលនោះ​មាន​កំពង់ផែ​អូ​កែវជា​ចំណុចប្រសព្វ​នៃ​ផ្លូវ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា ។ ប៉ុន្ដែ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​នេះ​ទើបតែ​ត្រូវបាន​ដាក់ឈ្មោះ​ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ បន្ទាប់ពី​ព្រះអង្គ​យាង​ទៅគ្រប់​គ្រង​នៅ​នគរ​ចម្ប៉ា​នៅ​ឆ្នាំ ១១៩០ គ​.​ស​. ហើយ​នៅពេលនោះ​ព្រះអង្គ បាន​កសាង​រាជធានី​មួយ​ហៅថា «​ក្រុង​ព្រៃនគរ​» ព្រោះ​ជា​កន្លែង​សម្បូរ​ទៅដោយ​ដើម​គរ ហើយក៏​ជាទី​ប្រសព្វ​នៃ​ទន្លេ​ជាច្រើន​សម្រាប់​ត​ភ្ជាប់​មក​ទន្លេចតុមុខ​និង​អង្គរ​ផងដែរ ។​ ឈ្មោះ​ទីក្រុង​ព្រៃនគរ​បាន​រក្សា​ជាប់​គង់វង្ស​អស់​ជាច្រើន​សតវត្សរ៍ រហូតមកដល់​សតវត្ស​រ៍​ទី ១៧ ទើប​ទីក្រុង​នេះ​បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ដា​យ​វៀត រួច​ក៏​ផ្លាស់ប្ដូរ​ឈ្មោះ​ពី​ទីក្រុង​ព្រៃនគរ​ទៅជា​ទីក្រុង​ហ្សា​ឌី​ង ។ ប៉ុន្ដែ​ទោះបី​ដាយ​វៀតបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​ក៏ដោយ ក៏​ទីក្រុង​នេះ​នៅតែ​រក្សាបាន​នូវ​អត្ថន័យ​ដើម​ដដែល ព្រោះថា​ក្រុង​ព្រៃនគរ​មកពី​ភាសា​ខ្មែរ​ថា «​ព្រៃ​គរ​» មានន័យថា នៅ​តំបន់​នោះ​ពោរពេញ​ទៅដោយ​ដើម​គរ​ដុះ​ជាច្រើន ។

ដូច្នេះ​បើតាម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​តែមាន​រុក្ខជាតិ​អ្វី​ដុះ​ជាច្រើន​នៅ​តំបន់​ណាមួយ គេ​តែងតែ​ហៅ​ឈ្មោះ​តំបន់​នោះ​ទៅតាម​ឈ្មោះ​រុក្ខជាតិ ដូចជា​បឹង​ដែលមាន​ដើម​កក់​ដុះ​ច្រើន​គេ​ហៅថា «​បឹងកក់​» ។ ដូច្នេះ​តំបន់​នោះ​មាន​ដើម​គរ​ដុះ​ជាច្រើន​ទើប​គេ​ហៅថា​ព្រៃ​គរ ឬ ព្រៃ​ដើម​គរ ។ ប៉ុន្ដែ​ក្រោយមក​តំបន់​នោះ ត្រូវបាន​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ យកមក​ធ្វើជា​ទីក្រុង​ដោយ​ហៅថា «​ក្រុង​ព្រៃនគរ ហើយ​យូរៗ​ទៅ​ក្លាយទៅជា​ទីក្រុង​ព្រៃនគរ​» ។ បន្ទាប់មក​នៅពេល​ស្ដេច​ង្វៀន​គ្រប់គ្រង​ទីក្រុង​ព្រៃនគរ​ក៏បាន​ប្ដូរ​ឈ្មោះ​ដោយ​យកតាម​ភាសា​ម៉ា​ឡេ​ហៅថា «​ទីក្រុង​ហ្សា​ឌី​ង​”​នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា​៖”​ហ្សា​ឌី​ង គឺ​មកពី​ពាក្យ​ម៉ា​ឡេ Gia: Ya”​ភាសា​ម៉ា​ឡេ​”: ទឹក​ឬ​ទន្លេ​ហើយ​ពាក្យ Dinh: Digin ( ភាសា​ម៉ា​ឡេ : ត្រជាក់ , ថ្លា ) ដូច្នេះ​ពាក្យ​ហ្សា​ឌី​ង​មានន័យថា «​ទីក្រុង​ដែលមាន​ទន្លេ​ទឹក​ត្រជាក់ ។ ក្រោយមក​ទីក្រុង​ព្រៃនគរ ( ហ្សា​ឌី​ង ) ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​ទីក្រុង សៃ​ហ្គ​ន ( Saigon ) ដែល​ពាក្យ​នេះ​យកតាម​ភាសា​ចិន គឺ​មកពី​ពាក្យ Sai : អូស​ឬ​ព្រៃ , Gon: គរ​ឬ​កប្បាស ។ ដូច្នេះ​ពាក្យ​សៃ​ហ្គ​ន «Saigon» មានន័យថា​ព្រៃ​សម្បូរ​ទៅដោយ​ដើម​គរ ។​

ដូច្នេះ​បើ​យោងទៅតាម​ភាសា​ចិន​ហៅថា «​សៃ​ហ្គ​ន​» នេះ គឺ​ស្របទៅនឹង​ភាសា​ខ្មែរ​ហៅថា «​ព្រៃ​គរ ឬ ព្រៃនគរ​» ។ ការបាត់បង់​ក្រុង​ព្រៃនគរ​គឺជា​ការខាតបង់​ដ៏​ធំធេង​របស់​ខ្មែរ​ព្រោះ​បាន​បាត់បង់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ដាយ​វៀត បាន​ប្រើប្រាស់​តំបន់​នេះ​ធ្វើជា​មូលដ្ឋាន​រដ្ឋបាល យោធា និង សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ការឈាន​មក​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត ដូចជា​ដាយ​វៀត​ចូលមក​គ្រប់គ្រង​នៅ​ខេត្ត​បា​រៀង ឆ្នាំ ១៦៥៨ , ក្រុង​ព្រៃនគរ​ឆ្នាំ ១៦៩៨ , ខេត្ត​មី​ថូ និង ខេត្ត​វី​ង​ឡុង ឆ្នាំ ១៧៣១ ខេត្ត​ទ្រាំង​ឆ្នាំ​១៧៤៧ និង ខេត្ត​ផ្សារ​ដែក ( ចូ​វ​ដុក ) នៅ​ឆ្នាំ ១៧៥៧ ។ ការដែល​ដាយ​វៀត​ចូលមក​កាន់កាប់​ខេត្ត​ទាំងអស់នេះ ពុំមាន​ការបង្ហូរ​ឈាម​អ្វី​ទេ គឺ​ខ្មែរ​ចេះតែ​ដកថយ​ទៅ​ទិស​ខាងលិច​រហូត​ទៅដល់​ខេត្ត​តា​យ​នី​ញ ។ ​បើ​យោងតាម​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ខ្មែរ​បាន​លើកឡើងថា ដាយ​វៀតបាន​បង្ខំ​ឲ្យ​ស្ដេច​ខ្មែរ​ទទួលយក​ជនជាតិ​ដាយ​វៀត​ទាំងឡាយ ដែល​រត់គេចខ្លួន​ពី​ការចាប់​ចង​ឬ​មក​រស់​នៅលើ​ទឹកដី​ខ្មែរ ត្រូវ​ទទួលបាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់​។ ក្រោយមក​ដាយ​វៀត​ចេះតែ​បន្ដ​ការឈ្លានពាន​វាតទី​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់ ដូចជា​ការសង់​បន្ទាយ​នៅ​ផ្សារ​ដែក ( សា​ដែក ) នៅ គូ​ឡាវ​យ៉ាង ( កោះ​តេង ) និង ចូ​វ​ដុក ( មាត់ជ្រូក ) ។​ល​។​ ក្រោយពេល​រាជវង្ស​ង្វៀន បាន​ឡើង​គ្រងរាជ្យ សៀម​បាន​លើកទ័ព​ទ្រង់ទ្រាយ​ធំ មក​វាយ​ខ្មែរ​ដោយមាន កងទ័ពជើងគោក ចំនួន​៥​ម៉ឺន​នាក់ កងទ័ពជើងទឹក​ចំនួន​២​ម៉ឺន​នាក់ ចូលមក​តាម​ច្រក​ហា​ទៀង តែ​ស្របពេលនោះ​មេទ័ព​សៀម មាន​ជម្ងឺ​គ្រុនក្ដៅ​ក៏បាន​ដកថយ​តាម​សំពៅ​ទៅមុន​ហើយ​កងទ័ព​ដកចេញ​ទៅ​តាម​ក្រោយ ។

ចាប់ពីពេលនោះ​មក​សៀម ពុំមាន​ការវាយប្រហារ​មកលើ​កម្ពុជា​ទៀត​ទេ​រហូតដល់​ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើប​សៀម​លើក​កងទ័ព​មក​ឈ្លានពាន​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត​ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​វ៉េ​បញ្ជា​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​«​ដាំ​» ជំនួស​ឧ​ត្ត​ម​សេនីយ៍​«​ខយ​» លើក​កងទ័ព​ចំនួន ១ ម៉ឺន​នាក់ រួមទាំង​ទូក​សំពៅ​ចម្បាំង​ចំនួន ៣០ ឡើង​តាម​ដង​ទន្លេមេគង្គ​មក​វាយ​កងទ័ព​សៀម​នៅ​ជាយក្រុង​ភ្នំពេញ ពេលនោះ​មេទ័ព​សៀម ភ្យា​តាក បាន​ដក​កងទ័ព​ថយ​ទៅវិញ ហើយ​ស្វែងរក​ការចរចា​សន្ដិភាព​ជាមួយ​ក្រុង​វ៉េ នៅ​ឆ្នាំ​១៧៧៤ ប្រទេស​ទាំង​ពីរបាន​ចុះសន្ធិសញ្ញា​រួមគ្នា​មួយ ដោយ​សៀម​ទទួលស្គាល់​ឲ្យ​ដាយ​វៀត​គ្រប់គ្រង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងកើត​និង​ផ្នែក​ខាងលើ ចំណែក​សៀម​គ្រប់គ្រង​នៅ​ផ្នែក​ខាងលិច​ទន្លេមេគង្គ ហើយ​រហូតមកដល់​ឆ្នាំ ១៧៨០ កងទ័ព​ដាយ​វៀតបាន​ចូលមកក្នុង​ទឹកដី​ខ្មែរ​យ៉ាងជ្រៅ រហូត​បាន​គ្រប់គ្រង​នៅ​ឧបទ្វីប​កា​ម៉ៅ «​ទឹកខ្មៅ​» ទាំងមូល ។ ការបែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​នៅ​សតវត្ស​ត៍ទី ១៨ មិនបាន​សម្រេច​ដោយសា​រ​តែ​ចរន្ដ​រ៍​នយោបាយ​ផ្ទៃក្នុង​របស់​ដាយ​វៀត ព្រោះ​នៅ​កំពុងធ្វើការ​ចរចា​ជាមួយ​សៀម​មិនទាន់បាន​ដាច់ស្រេច​ផង ក៏មាន​ក្រុម​ចលនា​តស៊ូ​តៃ​សឺ​ង ធ្វើការ​បះបោរ​បំបែក​រដ្ឋ​ប្រ​ឈាំ​ង​ទៅនឹង​ដាយ​វៀត​យ៉ាង​ខ្លាំងក្លា ដូច្នេះ​សង្គ្រាម​ផ្ទៃក្នុង​របស់​ដាយ​វៀតបាន​ផ្ទុះ​ឡើងជា​បន្ដបន្ទាប់ ហេតុនេះហើយ​ធ្វើ​ឲ្យ​ស្ដេច​ង្វៀន ងាក​ចេញពី​កម្ពុជា​ទៅ​ទប់ទល់​ជាមួយ​ពួក​តៃ​សឺ​ង ។ ​ចំណែក​នៅ​ប្រទេស​សៀម​វិញ កងទ័ព​ភូមា​បាន​វាយប្រហារ​ជា​បន្ដបន្ទាប់ ដូច្នេះ​ស្ដេច​ង្វៀន​និង​សៀម បាន​ខកខាន​លើ​ការបែងចែក​ទឹកដី​ខ្មែរ ដោយសារ​ការបះបោរ​រ​បស់​តៃ​សឺ​ង​និង​ការឈ្លានពាន​របស់​ប្រទេស​ភូមា​ទៅលើ​សៀម ។ ចំណែក​ការបះបោរ​របស់​តៃ​សឺ​ង បានធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ស្ដេច​ង្វៀន​មិនអាច​ទប់ទល់​បាន​ដោយសារ​កងទ័ព​តៃ​សឺ​ង​បាន​ចូលទៅ​កាន់កាប់​ទីក្រុង​ធំៗ​ជា​បន្ដបន្ទាប់​រហូតមក​ដល់​ឆ្នាំ ១៧៨៦ កងទ័ព​តៃ​សឺ​ង​ចូលទៅ​កាន់កាប់​ទីក្រុង​ហាណូយ​និង​ក្រុង​ព្រៃនគរ ហើយ​រជ្ជកាល​របស់​ស្ដេច​ង្វៀន​ក៏ត្រូវ​បានបញ្ចប់​។ ប៉ុន្ដែ​ព្រះអង្គម្ចាស់​អាន​បាន​រត់​មក​ជ្រកកោន​ក្នុង​ទឹកដី​ខ្មែរ​កោះត្រល់ ហេតុនេះហើយ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​បែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​សតវត្សរ៍​ទី​១៨​នោះ​ត្រូវ​បរាជ័យ​ ។

បើ​យោងទៅតាម​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​លើកឡើងថា «​នៅ​ខែមករា​ឆ្នាំ ១៧៨៥ សៀម​បានផ្ដល់​កងទ័ព​ចំនួន ២ ម៉ឺន​នាក់ និង នាវា ៣០០ គ្រឿង​ថ្វាយ​ព្រះអង្គម្ចាស់ ង្វៀន​អាន ដើម្បី​វាយប្រហារ​ពីរ​មុខព្រួញ នៅលើ​កងទ័ព​បះបោរ​តៃ​សឺ​ង​នៅក្នុង​ទឹកដី​កម្ពុជា ដោយ​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​សៀម ។ ប៉ុន្ដែ​កងទ័ព​តៃ​សឺ​ង​បាន​ត្រៀមលក្ខណៈ​រួច​ចា​ស្រេច​រង់ចាំ​វាយប្រហារ​ស្ទាក់​នៅ​កណ្ដាលផ្លូវ​តាម​ដង​ទន្លេមេគង្គ​ហើយ​បាន​កម្ទេច​នាវា​របស់​កងទ័ព​សៀម ព្រមទាំង​បានសម្លាប់​កងទ័ព​ង​អស់​ជាច្រើន រួមទាំង​កងទ័ព​រប​ស់​ព្រះអង្គម្ចាស់​ង្វៀន​អាន​ផងដែរ ធ្វើ​ឲ្យ​កងទ័ព​សៀម​ដកថយ​ទៅ វិញ​អស់ ។
​ចំណែក​ព្រះអង្គម្ចាស់​ង្វៀន​អាន បាន​ភៀស​ព្រះកាយ​មក​នៅលើ​កោះត្រល់​របស់​ខ្មែរ​តាំងពី​ឆ្នាំ​១៧៧៧ ក្នុងអំឡុងពេល​មាន​សង្គ្រាម​ជាមួយ​ក្រុម​បះបោរ​តៃ​សឺ​ង ។ ព្រះអង្គម្ចាស់​ង្វៀន​អាន​ក៏​ធ្លាប់បាន​យាង​មក​ក្រុង​ឧ​ត្តុ​ង្គ ដើម្បី​សុំ​ជំនួយ​ពី​ចៅ​ហ្វ៊ា​បែន​ឲ្យ​ប​ញ្ចូ​ន​កងទ័ព​ទៅ​ជួយ​វាយ​កងទ័ព​បះ​បះបោរ​តៃ​សឺ​ង​ឲ្យ​ចេញ​ព្រៃនគរ ។ នៅត្រង់ចំណុច​នេះ បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​ខ្មែរ​គឺជា​ស្ដេច​សៀម​បញ្ជា​ឲ្យ​ចៅ​ហ្វ៊ា​បែន លើក​កងទ័ព​ទៅ​ជួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន​ក្នុងការ​កម្ចាត់​ពួក​បះបោរ​តៃ​សឺ​ង ប៉ុន្ដែ​ត្រូវ​បរាជ័យ ។ នៅពេល​ភៀស​ព្រះកាយ​មកដល់​កោះត្រល់ ទ្រង់​បាន​ជួប​ជាមួយ​បេសកជន​បារាំង​ឈ្មោះ​ពិ​ជ​នូ ឌឺ បេ​ហីន ដែល​បាន​មកដល់​កោះត្រល់​តាំងពី​ឆ្នាំ ១៧៦៥ រហូតដល់​១៧៧៧ ហើយក៏​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ដែល​បាន​ភៀស​ព្រះកាយ​មក​ស្នាក់​នៅលើ​កោះត្រល់​នោះដែរ ។ បន្ទាប់មក​លោក​ពិ​ជ​នូ ឌឺ បេ​ហីន​បាន​ណែនាំ​ឲ្យ​ព្រះអង្គម្ចាស់​ង្វៀន​អាន រួមជាមួយ​ព្រះរាជ​បុត្រា​ព្រះនាម​ង្វៀន​កាន់ ស្នើសុំ​ចូលគាល់​ព្រះ​ចៅ​អធិរាជ​បារាំង លី​ស​ទី ១៦ «LOUIS XVI» ដើម្បី​ស្នើសុំ​ជំនួយ​ពី​បារាំង ហើយ​បើ​យោងតាម​កំណត់ត្រា​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​បញ្ជាក់ថា​ការសម្របសម្រួល​របស់​បេសកជន​បារាំង​រូបនោះ បាន​ចំណាយពេល​រហូតមកដល់​ឆ្នាំ ១៧៨៥ ទើប​លោក​ពិ​ជ​នូ ឌឺ បេ​ហីន បាន​បញ្ចុះបញ្ចូល​ព្រះ​ចៅ​អធិរាជ​បារាំង ល្វី​ស​ទី ១៦ ឱ្យ​ង្វៀន​អាន​និង​ព្រះរាជ​បុត្រា​ចូលគាល់​ដើម្បី​ស្នើសុំ​ជំនួយ​យោធា​ពី​បារាំង ។ ដូច្នេះ​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​ឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេស​បារាំង កំ​ឌឺ​ម៉ុង​ម៉ូ​រី​ន បាន​ចុះសន្ធិសញ្ញា​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ក្នុងការ​ផ្ដល់​កងទ័ព​បារាំង​ចំនួន ១.៦៥០ នាក់ ឱ្យ​ជូន​ព្រះអង្គម្ចាស់​ង្វៀន​អាន​មក​កោះ​ត្រឡាច «Poulo Condore» និង នៅ​កំពង់ផែ​ទូ​រ៉ា​ន ។ ក្រោយពី​មាន​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង រួមទាំង​កងទ័ព​បារាំង​ផង​នោះ​ព្រះអង្គម្ចាស់​ង្វៀន​អាន អាច​ផ្ដួលរំលំ​ក្រុម​បះបោរ​តៃ​សឺ​ង​បាន​ដោយ​ជោគជ័យ ។ បន្ទាប់មក​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​បរ​ណ​នាម​ព្រះ​ចៅ​យ៉ា​ឡុង នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ទីក្រុង​ទៅ​ទី​ទីក្រុង​វ៉េ​វិញ ។ ក្រោយពី​បាន​ឡើង​គ្រងរាជ្យ​ព្រះ​ចៅ​យ៉ា​ឡុង បានធ្វើការ​ផ្លាស់ប្ដូរ​រាជាណាចក្រ​ដាយ​វៀត​ទៅជា​វៀតណាម​វិញ ។

​នៅក្នុង​រជ្ជកាល​របស់​ស្ដេច​យ៉ា​ឡុង​នេះដែរ បាន​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​កម្លាំងយោធា​ឲ្យ​បាន​ខ្លាំងក្លា នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា «​នៅ​ទសវត្សរ៍​ឆ្នាំ ១៨០០ ព្រះ​ចៅ​ង្វៀន​អាន​បាន​ពង្រឹង​វិស័យ​កងទ័ព​របស់ខ្លួន រហូត ១៤.០០០​នាក់ បែងចែក​ទៅតាម​ផ្នែក​នីមួយៗ ដូចជា​កងទ័ពជើងគោក​មាន​ចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹក​មាន​ចំនួន ២.៦៨០ នាក់ សរុប​ទាំងអស់​មាន​ចំនួន ១៣៩.៨០០​នាក់​…» ។​
យើង​ឃើញ​ហើយ​ថា ការពង្រីក​វិស័យ​យោធា​របស់​ស្ដេច​យ៉ា​ឡុង ក៏​ដោយសារ​កំណើនប្រជាជន​វៀតណាម ចេះតែ​កើនឡើង​ច្រើន​ទៅៗ​ធ្វើឱ្យ​វៀតណាម​ចេះតែ​ពង្រីក​ទឹកដី​ចូល​ម​កម្ពុជា​កាន់តែ​ជ្រៅ​ទៅៗ​ជា​បន្ដបន្ទាប់ ។ មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​រស់នៅក្នុង​ទឹកដី​កូស័ងស៊ីន ត្រូវបាន​វៀតណាម​បង្ខំ​ឱ្យ​ចាក​ចេញពី​ទឹកដី​កេរ​ដូនតា​របស់ខ្លួន ។
ក្រោយពី​រំដោះប្រទេស​ឲ្យ​បាន​ឯករាជ្យ​ឡើងវិញ ព្រះ​ចៅ​យ៉ា​ឡុង​ចាប់ផ្ដើម​ឈ្លានពាន​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៨១១ ដល់​ឆ្នាំ ១៨១២ ធ្វើឱ្យមាន​សង្គ្រាម​រវាង​វៀតណាម និង សៀម ក្នុងការ​ដណ្ដើម​គ្នា​គ្រប់គ្រង​លើទឹក​ដី​ខ្មែរ​កើត​ឡើងជា​បន្ដបន្ទាប់ ហើយ​បញ្ហា​នេះ​បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅត្រឹម​រជ្ជកាល​របស់​ស្ដេច​អង្គចន្ទ និង ក្ស​ត្រី​យ៍ អង្គ​ម៉ី ដែល​វៀតណាម​បាន​គ្រប់គ្រង​មកលើ​កម្ពុជា​ទាំងស្រុង​ទៅហើយ ៕

ប្រភព៖រឿងនិទានខ្មែរ

បញ្ចេញមតិ