តាមពិតព្រះ​អង្គ​​ដែលដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀមគឺព្រះ​កែវហ្វា​អង្គ​អឹម​

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តាមពិតព្រះ​អង្គ​​ដែលដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀមគឺព្រះ​កែវហ្វា​អង្គ​អឹម​ តាមពិតព្រះ​អង្គ​​ដែលដាក់​ប្រទេស​ខ្មែរ​ឲ្យ​ទៅ​ជា​ចំណុះ​ប្រទេស​សៀមគឺព្រះ​កែវហ្វា​អង្គ​អឹម​

នៅដើមសតវត្សទី១៨ នៅពេលដែលប្រទេសសៀម កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួនបានខ្លាំងជាងនគរយួន ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យលើកទីពីរនាពេលនោះ គឺព្រះកែវហ្វាអង្គអឹម បានយល់ព្រមដាក់ប្រទេសខ្មែរឲ្យទៅជាចំណុះប្រទេសសៀម។ ព្រះអង្គទ្រង់ធ្វើដូច្នេះ គឺដើម្បីបញ្ចៀសកុំឲ្យសៀម ដណ្ដើមរាជ្យសម្បត្តិយកទៅថ្វាយក្សត្រាមួយអង្គផ្សេងទៀត ដែលសៀម ទំនុកបម្រុង។ក្រោយពីព្រះស្រីធម្មរាជារាមាធិបតី ទ្រង់ភៀសព្រះអង្គចេញទៅបាត់ នាម៉ឺនសព្វមុខមន្ត្រី ក៏ថ្វាយរាជ្យទៅព្រះកែវហ្វាអង្គអឹម ជាលើកទី២។ ព្រះអង្គទ្រង់សោយរាជ្យនៅក្រុងឧដុង្គ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះអង្គអឹមសម្ដេចព្រះកែវហ្វា។

នៅឆ្នាំ១៧១៤ ដោយមានការស្នើសុំពីព្រះស្រីធម្មរាជារាមាធិបតី ជាស្ដេចដែលត្រូវផ្ដួលរំលំ ហើយភៀសព្រះអង្គទៅពឹងសៀម នោះ ព្រះចៅប្រទេសសៀម បានប្រើមន្ត្រីសៀម ពីរនាក់ឲ្យនាំទ័ពប្រមាណ ១.៥០០នាក់ ដង្ហែព្រះស្រីធម្មរាជារាមាធិបតី ព្រះអង្គអឹម ជារាជបុត្រា និងព្រះអង្គទង ត្រឡប់មកប្រទេសកម្ពុជា សុំចរចាសម្រុះសម្រួលជាមួយសម្ដេចព្រះកែវហ្វា ក្នុងកលល្បិចថានឹងចាប់ព្រះកែវហ្វាអង្គអឹម ដែលដណ្ដើមរាជ្យនេះឲ្យបានដោយស្រួល ដូចកាលដែលសៀម ធ្លាប់បានចាប់ខ្មែរដែលឈ្លោះទាស់ទែងគ្នាឯង គឺព្រះស្រីរាជា និងព្រះសុរិយោទ័យ ហើយសៀម ថ្វាយរាជ្យទៅព្រះធម្មរាជា ជាបុត្រអ្នកម្នាងស៊ីស៉ាងាម ជាតិសៀម ពីសតវត្សរ៍ទី១៥ ដូច្នោះដែរ។ ប៉ុន្តែ កលឧបាយនេះមិនបានសម្រេច ដោយព្រះកែវហ្វាអង្គអឹម ទ្រង់មិនយល់ព្រមតាមការស្នើសុំសម្រុះសម្រួលនោះឡើយ។នៅឆ្នាំ១៧១៥ ព្រះស្រីធម្មរាជារាមាធិបតី បានបញ្ជូនព្រះអង្គទង បុត្រព្រះអង្គយ៉ង ឲ្យចូលមកបញ្ចុះបញ្ចូលរាស្ត្រនៅខេត្តពោធិ៍សាត់ ចុះចូលនឹងព្រះអង្គជាច្រើន។ ចំណែកព្រះកែវហ្វាអង្គអឹម ទ្រង់ដឹងដំណឹងនេះ ក៏បញ្ជូនកងទ័ពយួន-ខ្មែរ ឲ្យទៅច្បាំងនឹងព្រះអង្គទង នៅខេត្តពោធិ៍សាត់។ ព្រះអង្គទង ត្រូវរបួស ក៏ថយទ័ពទៅតាំងនៅឫស្សីសាញ ក្នុងខេត្តមោងឫស្សី ដើម្បីរង់ចាំទ័ពជំនួយពីប្រទេសសៀម ឡើងមក។

ពីគ.ស.១៧១៩ ដល់គ.ស.១៧២២ ព្រះចៅសៀម ទ្រង់បញ្ជាឲ្យលើកទ័ពប្រមាណជាង ១ម៉ឺននាក់ ដង្ហែព្រះស្រីធម្មរាជារាមាធិបតី និងព្រះអង្គទង ដោយចែកជាទ័ពជើងទឹកផង និងជើងគោកផង ឡើងមកវាយប្រទេសខ្មែរ។ ទ័ពជើងទឹកដែលចុះត្រង់ពាម ត្រូវទទួលបរាជ័យយ៉ាងដំណំ ប៉ុន្តែទ័ពជើងគោក បានទទួលជោគជ័យវាយសង្កត់យកខេត្តភាគខាងលិច និងខាងជើងបានទាំងអស់ ហើយជំរុលទ័ពមកដល់ក្រុងឧដុង្គ ដោយបោះបន្ទាយវាយទ័ពជាប់មាត់ស្ទឹងក្រាំងពន្លៃភាគខាងជើង មិនឆ្ងាយប៉ុន្មានពីព្រះរាជវាំងឧដុង្គមានជ័យ ឡើយ។ចំណែកព្រះកែវហ្វាអង្គអឹម ដែលធ្លាប់តែចងសម្ព័ន្ធជាមួយយួន ពេលនោះ ដោយឃើញថាទ័ពសៀម ខ្លាំង ហើយយល់ថា សៀម មានបំណងដណ្ដើមរាជ្យសម្បត្តិយកទៅថ្វាយព្រះស្រីធម្មរាជារាមាធិបតី វិញ និងប៉ងយកប្រទេសខ្មែរដាក់ជាចំណុះផង ព្រះកែវហ្វា ក៏ប្ដូរព្រះទ័យសុំចរចាជាមួយសៀម ព្រមដាក់ប្រទេសខ្មែរឲ្យជាចំណុះនគរសៀម។ តែព្រះអង្គសុំឲ្យសៀម ទុករាជ្យសម្បត្តិថ្វាយព្រះអង្គដដែល ហើយសុំឲ្យសៀម នាំព្រះធម្មរាជារាមាធិបតី ព្រះអង្គអឹម ជារាជបុត្រា និងព្រះអង្គទង ត្រឡប់ទៅស្រុកសៀម វិញ។

ដោយឃើញថា ព្រះកែវហ្វាអង្គអឹម ព្រមផ្តល់ផលប្រយោជន៍ដល់ជាតិគេយ៉ាងច្រើន គឺព្រមដាក់នគរខ្មែរជាចំណុះសៀម ហើយព្រមលើកសួយសារតម្បារមាសឡើងថ្វាយស្ដេចសៀម ក្រុងស្រីព្ឋយុធ្យា រៀងរហូតទៅផងនោះ សៀមក៏យល់ព្រមរក្សាព្រះកែវហ្វាអង្គអឹម ឲ្យស្ថិតលើបល្ល័ង្កប្រទេសខ្មែរដដែល រួចហើយមន្ត្រី និងទ័ពសៀម ក៏នាំយកស្ដេចខ្មែរទាំងបីអង្គដ៏អភ័ព្វ គឺព្រះស្រីធម្មរាជារាមាធិបតី ព្រះអង្គអឹមជាបុត្រា និងព្រះអង្គទង ដែលខំទៅសុំជ្រកកោននឹងសៀម ហើយសុំទ័ពសៀម មកជួយវាយនោះ នាំត្រឡប់ទៅស្រុកសៀម វិញអស់ទៅ៕

ប្រភព៖ RFA.org

បញ្ចេញមតិ