ការធ្វើកំណាយស្រាវជ្រាវអំពី ខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ សំណង់សាងសង់ពីស.វទី១៣ដល់ទី១៧

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ការធ្វើកំណាយស្រាវជ្រាវអំពី ខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ សំណង់សាងសង់ពីស.វទី១៣ដល់ទី១៧ ការធ្វើកំណាយស្រាវជ្រាវអំពី ខឿនព្រះវិហារពុទ្ធសាសនានៅអង្គរធំ សំណង់សាងសង់ពីស.វទី១៣ដល់ទី១៧

អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យជាតិតូរូនតូប្រទេសកាណាដា បើកគម្រោងស្រាវជ្រាវមួយឈ្មោះ “គម្រោង​ព្រះវិហារអង្គរ” (Angkor Vihara Project) ដោយបានធ្វើការសម្អាតទីតាំងខឿនព្រះពុទ្ធសាសនាថេរវាទ​ចំនួន៨​ទីតាំងនៅក្នុងក្រុងអង្គរធំ ហើយបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវសាកល្បងពីរទីតាំង។ គម្រោងនេះមានរយៈពេលជិត១ខែ ចាប់ផ្តើមពីថ្ងៃទី១១ ខែមករា ដល់​ទី​៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បេក្ខភាពបណ្ឌិត Andrew Harris អ្នកគ្រប់គ្រងគម្រោង Angkor Vihara Project ដែលជាបុរាណវិទូ​នៃសាកលវិទ្យាល័យជាតិ​តូរូនតូ បាន​ឱ្យដឹងថា ការរកឃើញខឿនព្រះវិហារព្រះពុទ្ធសាសនានៅអង្គរធំគឺជាង១០០ឆ្នាំមកហើយដោយជនជាតិអាមេរិក បារាំង និងខ្មែរ ដែល​មានចំនួនសរុប៧០កន្លែង។ ប៉ុន្តែការធ្វើកំណាយស្រាវជ្រាវសាកល្បងគឺតែពីរខឿនព្រះវិហារព្រះពុទ្ធសាសនាទេ។

កន្លងមក មាន​ការស្រាវជ្រាវតិចតួចណាស់អំពីសំណង់ខឿនពុទ្ធសាសនាថេរវាទនៅអង្គរដូច្នេះទើបសាកលវិទ្យាល័យជាតិតូរូនតូសហការ​ជា​មួយអាជ្ញាធរជាតិអប្សរា ធ្វើកំណាយសាកល្បងដើម្បីដឹងពីរចនាសម្ពន្ធសំណង់។ សំណង់នេះ​សាងសង់ពីស.វទី១៣ ដល់ទី១៧ នៃ​គ្រឹស្តសករាជ។ តើប្រាសាទព្រហ្មញ្ញសាសនានិងពុទ្ធសាសនាមហាយានសម័យអង្គរ ខុសគ្នាពីសំណង់ពុទ្ធសាសនា​ថេរវាទសម័យ​កណ្តាល​​ដែល​ជា​សម័យ​អន្តរកាលដូចម៉្តេច?

លោក Andrew បន្តថា ការស្រាវជ្រាវជំហានដំបូង គឺសម្អាតទីតាំងខឿនព្រះវិហារចំនួន៨កន្លែងផ្សេងៗគ្នា និងធ្វើកំណាយ២ទីតាំង។ ទីតាំង​ទី១ ស្ថិតនៅខាងជើងក្លោងទ្វារទន្លេអុំ ចម្ងាយប្រហែល៥០០ម បានរកឃើញបំណែកកុលាលភាជន៍ខ្មែរ-ចិន បំណែក​ព្រះហស្ថ​ព្រះពុទ្ធ ទំហំប្រវែង៣៥សង់ទីម៉ែត្រ បល្ល័ង្គ និងរូបរាងរចនាសម្ពន្ធព្រះវិហារ។ ទីតាំងទី២ ស្ថិតនៅខាងលិចក្លោងទ្វារតាកាវ​ប្រហែល​ ៦០០​ម គឺមិនមានចេតិយនៅក្រោយព្រះវិហារទេ មានតែខឿនរាបស្មើ មានផ្លូវចូលប្រវែង៥០ម៉ែត្រ មានកំពែង​ថ្មបាយក្រៀម​ព័ទ្ធជុំវិញ និងមានបល្ល័ង្គខ្ពស់នៅពីលើខឿន។

រីឯផ្នែកខាងត្បូង មានខឿនខ្ពស់សម្រាប់ព្រះសង្ឃគង់។ បន្ថែមពីនោះមានយ៉នៅមុខព្រះវិហារធ្វើពីថ្មភក់និងថ្មបាយក្រៀម ដែលមាន​ស្លាក​ស្នាមមានដំបូលប្រក់ក្បឿង និងមានដំរីនៅពីមុខផ្លូវចូលចំនួនមួយ ដែលដេកដួលជាមួយសន្លឹកសីមា (តាមការសន្និដ្ឋានគួរតែមានដំរី១គូ) ដែលដូចទៅនឹងខឿនព្រះវិហារនៅប្រាសាទតាទួត មានផ្លូវចូលក្រាលថ្មភក់លាយថ្មបាយក្រៀម និងដំរីអមផ្លូវ១គូ។

លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកសម្របសម្រួលគម្រោងតំណាងភាគីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលដែលបាន​រកឃើញ​ទាំងនេះ​សបញ្ជាក់ថា ខឿនព្រះពុទ្ធសាសនាថេរវាទពិតជាមានប្រាកដ មានរូបរាងនិងទំហំខុសៗ​គ្នាច្រើនប្រភេទនៅអង្គរធំ។ ខឿនទាំងនេះ​បង្ហាញ​ពីការចាប់ផ្តើមនៃសំណង់ព្រះពុទ្ធសាសនាថេរវាទនៅតំបន់អង្គរ ក៏ដូចនៅស្រុកខ្មែរទាំងមូល។ ទៅអនាគត យើងត្រូវ​ធ្វើបញ្ជីខឿន​ព្រះពុទ្ធ​សាសនា​ទាំងនេះ បែងចែកប្រភេទ ធ្វើកំណាយស្រាវជ្រាវ និងប្រៀបធៀបជាមួយសំណង់ប្រភេទនេះនៅក្នុងតំបន់។

ក្នុងនាមជាអ្នកស្រាវជ្រាវមានបទពិសោធន៍សហប្រតិបត្តិការជាមួយអន្តរជាតិច្រើនគម្រោង លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណ​ដល់សាកលវិទ្យាល័យជាតិតូរូនតូដែលបានសហការស្រាវជ្រាវជាមួយអាជ្ញាធរជាតិអប្សរា ព្រោះការសហការជាមួយស្ថាប័ន​អន្តរជាតិ​ធ្វើ​ឱ្យខ្មែរបានរៀនសូត្រពីបច្ចេកទេសថ្មីៗ និងបានផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បុរាណវត្ថុ។ លើសពីនោះ យើងអាច​សរសេរ​អត្ថបទបោះពុម្ភផ្សព្វផ្សាយរួមគ្នាអំពីលទ្ធផលនៃការស្រាវជ្រាវដែលរកឃើញថ្មីៗ។

តាមរយៈកិច្ចការនេះ អ្នកជំនាញជាតិក៏មានឱកាសពង្រឹងសមត្ថភាពធ្វើការដោយខ្លួនឯង និងបន្តការសហការជាមួយអន្តរជាតិ ដើម្បីបង្កើន​ទំនាក់ទំនងល្អឱ្យបានកាន់តែច្រើន។ ដោយសារការស្រាវជ្រាវនៅតែរកឃើញថ្មីរហូត ដូច្នេះលទ្ធផលទាំងនោះអាច​ចូលរួមចំណែក​បកស្រាយ​ប្រវត្តិខ្មែរឱ្យកាន់តែទូលំទូលាយទៀត។

គួរបញ្ជាក់ដែរថា នេះជាស្ថាប័នទី៣ហើយដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា​ដើម្បីកំណាយស្រាវជ្រាវ​ពីការវិវត្តន៍នៃរចនា​សម្ព័ន្ធ​ព្រះវិហារព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីសាលាបារាំងចុងបូព៌ានិងស្ថាប័នណារ៉ានៃប្រទេសជប៉ុន។ ខឿនព្រះវិហារព្រះពុទ្ធសាសនា​ថេរវាទនៅក្នុងក្រុងអង្គរធំ មានចំនួន៧០ទីតាំង អាយុកាលចាប់ពីស.វទី១៣ដល់១៧ មានរូបរាងខុសគ្នាតាមសម័យកាល៕

ប្រភពពី៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ

បញ្ចេញមតិ