តើអ្នក​ធ្លាប់​ដឹងពីប្រវត្ដិ​ដ៏​យូរលង់​នៃ​ប្រាសាទ ​«​ភ្នំ​ដា​»ទេ?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នក​ធ្លាប់​ដឹងពីប្រវត្ដិ​ដ៏​យូរលង់​នៃ​ប្រាសាទ ​«​ភ្នំ​ដា​»ទេ? តើអ្នក​ធ្លាប់​ដឹងពីប្រវត្ដិ​ដ៏​យូរលង់​នៃ​ប្រាសាទ ​«​ភ្នំ​ដា​»ទេ?

នៅលើភ្នំដែលមានកម្ពស់ជាង៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ មានប្រាសាទបុរាណមួយឈ្មោះ «ប្រាសាទភ្នំដា »។ ដោយសារតែប្រវត្ដិដ៏យូរលង់នៃប្រាសាទវ័យចំណាស់មួយនេះ បានអន្ទងចិត្តអ្នកទេសចរជាច្រើនទៅទស្សនា ព្រមទាំងអ្នកបុរាណវិទូ និងអ្នកសិក្សាស្រាវជ្រាវ។

ក្រៅពីទៅទស្សនាភ្ញៀវទេសចរជាច្រើន និងអ្នកស្រុក តែងតែបន់ស្រន់សូមសេចក្តីសុខ និងប៉ងប្រាថ្នាផ្សេងៗ ក៏ដូចជាបន់ស្រន់សុំឱ្យជាពីជំងឺជាដើម ដោយពួកគេមានជំនឿថា ប្រាសាទភ្នំដា គឺជាទីកន្លែងដ៏សក្តិសិទ្ទិ ។ នេះបើតាមការបញ្ជាក់ពីដូនជី នៅប្រាសាទភ្នំដាកាលពីពេលថ្មីៗកន្លងមក ។ យោងតាមខិតប័ណ្ណដែលចងក្រងដោយក្រសួងទេសចរណ៍ឱ្យដឹងថា ប្រាសាទភ្នំដា សាងសង់ឡើងនៅក្នុងសម័យហ្វូណន ក្នុងអំឡុងសតវត្សទី៤ ដល់សតវត្សទី៦ ដែលជាសម័យកាលចាប់ផ្តើមកសាងប្រាសាទថ្មមុនដំបូងគេបង្អស់ ។

ប្រាសាទវ័យចំណាស់មួយនេះ សាងសង់ឡើងពីថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ។ ចំណែកឯកំពូលប្រាសាទបាក់បែកមួយផ្នែកធំ ។ ប្រាសាទនេះមានរាងការ៉េ ទំហំ១២ម៉ែត្រគុណនឹង១២ម៉ែត្រ កម្ពស់១៨ម៉ែត្រ មានទ្វារ៤ ដែលក្នុងនោះមានទ្វារបញ្ឆោតបី និងទ្វារពិតមួយ បែរមុខទៅទិសខាងជើងសម្តៅរាជធានី នគរគោកធ្លក ។

នៅតាមចង្កេះភ្នំដា មានរូងសិប្បនិមិត្តចំនួន៥ កសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងរចនាបថនៅប្រទេសឥណ្ឌា ។ នៅក្នុងរូងភ្នំនោះមានព្រះសិវលិង្គ និងយោនីនាងឱមា ដែលជាទីសក្ការសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ដោយឡែករូងមួយត្រូវបានគេប្រើប្រាស់ជាឈាបនដ្ឋានក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ។

នៅមិនឆ្ងាយប៉ុន្មានពីប្រាសាទភ្នំដា មានប្រាសាទមួយទៀត ដែលស្ថាបនាឡើងពីថ្មពពុះពីរជាន់ បែរមុខទៅទិសខាងជើង មានឈ្មោះថា «អាស្រមមហាឥសី»។ ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទភវរ្ម័នទី១ នៅសម័យចេនឡា នាចុងសតវត្សទី៦ ។ ប្រាសាទនេះមានទំហំ៥,៥ម៉ែត្រគុណនឹង៥,៥ម៉ែត្រ និងកម្ពស់៧ម៉ែត្រ ។

នៅភាគខាងត្បូងឆៀងខាងលិចនៃភ្នំដាមានភ្នំមួយទៀតមានឈ្មោះ ភ្នំបុរី ។ មានរឿងព្រេងនិទានមួយចំនួន ដូចជារឿងព្រះថោងនាងនាគជាដើម ដែលបង្ហាញថា ភ្នំទាំងពីរនេះ គឺជាទីតាំងនៃការចាប់កំណើតរបស់ប្រទេសកម្ពុជា ។ ប្រាសាទភ្នំដា និងភ្នំបុរី មានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ ៕

ប្រភព៖merlkomson.com

បញ្ចេញមតិ