សម្លៀកបំពាក់ខ្មែរសម័យបុរេប្រវត្តិសាស្រ្ត

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
សម្លៀកបំពាក់ខ្មែរសម័យបុរេប្រវត្តិសាស្រ្ត សម្លៀកបំពាក់ខ្មែរសម័យបុរេប្រវត្តិសាស្រ្ត

ជាបឋម យើងត្រូវទទួលស្គាល់ថា រហូតដល់បច្ចុប្បន្នភាព បញ្ហាពាក់ព័ន្ធទៅនឹងសម្លៀកបំពាក់ខ្មែរ នាសម័យបុរេប្រវត្តិសាស្រ្ត ពុំទាន់បានទទួលយកចិត្តទុកដាក់ប៉ុន្មាន ពីអ្នកស្រាវជ្រាវនៅឡើយ។ មូលហេតុចម្បងគឺបណ្តាលមកពី ចាប់តាំងពីសម័យអាណានិគមបារាំង ពួកអ្នកស្រាវជ្រាវជាប់រវល់ តែនឹងវិស័យសិល្បៈស្ថាបត្យកម្មប្រាង្គប្រាសាទ បុរាណ។ដូច្នេះបញ្ហានេះ ជាការងារស្រាវជ្រាវមួយថ្មីសន្លាង ចំពោះយើង។ ដើម្បីសិក្សាយ៉ាងល្អិតល្អន់អំពីបញ្ហានេះ យើងត្រូវពិនិត្យនូវទិន្នន័យខាងបុរាណវិទ្យា តាមស្ថានីយ៍មួយចំនួន ទាំងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ទាំងប្រទេសជិតខាងមួយចំនួន ដែលធ្លាប់មានលំនៅដ្ឋាន របស់បុព្វការីជន មន-ខ្មែរ។

ម្យ៉ាងវិញទៀត ការសិក្សាអំពីបុរាណវិទ្យា ត្រូវផ្សារភ្ជាប់ជាមួយជាតិពន្ធុវិទ្យាផងដែរ។ ក្នុងឋានៈជាជនជាតិចាស់ ដែលធ្លាប់មានវប្បធម៌ប្រចាំជាតិរបស់ខ្លួន ជាច្រើនពាន់ម៉ឺន ឆ្នាំមុនការទទួលឥទ្ធិពលពីឥណ្ឌា សហគមន៍ខ្មែរដែលមានលក្ខណៈជាកុលសម្ព័ន បានចេះស្លៀកពាក់រួចទៅហើយ ។ដូចទើបពោល ចំពោះ សម្លៀកបំពាក់ នាសម័យប្រវត្តិសាស្រ្ត ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា កាលពីដើមរៀងមក ជាពិសេស ចាប់ពីសម័យលោហធាតុ ប្រជាជនខ្មែររមែងតែងចេះបិទបាំងរូបរាងកាយ ដោយសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ទាំងនោះ មានលក្ខណៈខុសប្លែកពីប្រទេសអឺរ៉ុបក៏ដោយ។ យ៉ាងណាមិញ ការស្រាវជ្រាវខាងជាតិពន្ធុវិទ្យា ជាពិសេសជនជាតិខ្មែរដើមភាគតិច ក៏ជាតឹកតាងស្តីពីនិរន្តភាពនៃខឿនវប្បធម៌ខ្មែរដែរ។ កន្លងមកនេះគឺក្នុងរវាងឆ្នាំ ១៩៦៩ និង ១៩៧១ លោក ដាំឈឿន បានរកឃើញតាមរយៈការជីកអណ្តូងទឹកមួយ ក្នុងភូមិព្រីងទុំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នូវរូបចម្លាក់មួយចំនួន ដែលក្នុងបណ្តាវត្ថុបុរាណទាំងនោះ មានរូបសត្វដំរីនិងទ្រមាក់ដំរីមួយ ដែលបានទាក់ទាញការចាប់អារម្មណ៍របស់យើង។ ការរកឃើញនូវចម្លាក់ទាំងនោះ ដែលស្ថិតក្នុងចុងយុគសម័យសំរិទ្ធិ និងដើមសម័យប្រវត្តិសាស្រ្ត ពោលគឺ ពីស.វទី២ មុនគ.ស និង ២-៣ ក្រោយគ.ស ឆ្លុះបញ្ចាំងឲ្យដឹងថា បុព្វការីជនខ្មែរមិនគ្រាន់តែចេះផ្សាំងសត្វដំរីតែប៉ុណ្ណោះទេ ពួកថែមទាំងចេះស្លៀកប៉ឹង ជាសម្លៀកបំពាក់ប្រចាំជាតិរបស់ខ្លួនរួចទៅហើយផងដែរ ។ យើងសង្កេតឃើញថា ការរីកចម្រើននៃសហគមន៍មន-ខ្មែរ ក៏បានលាតសន្ធឹងពីខេត្តបន្ទាយមានជ័យរហូតដល់ឧត្តនរាជធានី នគររាជសីមា និងកញ្ចនៈបុរីផងដែរ ។ ដូចនេះ ដោយសារការឆ្លងគ្នា ទៅវិញទៅមក នៃវប្បធម៌ដែលជាសភាវធម្មតា ក្នុងសហគមន៍មនុស្ស មន-ខ្មែរ នាជំនាន់នោះ យើងដឹងថា ចម្លាក់សំរឹទ្ធឬក៏គំនូរផាត់ពណ៌ លើគុហារភ្នំទាំងឡាយ មានលក្ខណៈដូចគ្នា ។

មួយទៀត នៅស្ថានីយ៍ស្នាយឯណោះវិញ ក្នុងខេត្តបន្ទាយមានជ័យដូចគ្នា មនុស្សក្នុងសម័យនោះ ក៏មានការនិយមប៉ឹងដូចគ្នាដែរ ។ ក្នុងបណ្តាភស្តុតាងជាច្រើនទៀត ក៏មានការឆ្លាក់រូបមនុស្ស ស្លៀកប៉ឹងលើចំហៀងនៃថាស់ស្គរមហោរធឹកសំរិទ្ធិដែរ ដូចករណីមួយនៅភូមិព្រហារ ខេត្តព្រៃវែង ដែលអ្នកស្រុកបានយកលក់ទៅឯប្រទេសវៀតណាម ដោយខុសច្បាប់រួចបាត់ទៅហើយ (កាលពី ឆ្នាំ ២០០៨) ។ ប៉ុន្តែ ទោះជាមានការនិយមប៉ឹងដោយមនុស្សភេទប្រុស យ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏យើងពុំទាន់បានជួបប្រទះចម្លាក់ស្រ្តី ស្លៀកសំពត់នៅឡើយ ។ លុះកាលពីឆ្នាំ ១៩៩៣ ទើបអ្នកស្រុកនៅភូមិស្នាយ បានរកឃើញកាំបិតស្នៀតមួយ ដែលនៅខាងចុងដង លំអរដោយរូបមនុស្សភេទស្រីម្នាក់ ដែលដងខ្លួនស្លៀកសំពត់ខ្លីមួយ ។ សូមជម្រាបថា យើងក៏ប្រញាប់ប្រញាល់ទិញកាំបិតស្នៀតនេះ ហើយបានធ្វើអំណោយជូនឲ្យទៅសារមន្ទីរជាតិភ្នំពេញដែរ ដើម្បីទុកជាសម្បត្តិវប្បធម៌ជាតិ ។ ដូច្នេះ តាមរបកគំហើញថ្មីនេះ សំពត់កើតបានជារូបរាងឡើង ប្រហែលជាសម័យថ្មរំលីង ត្រូវបានបន្តរហូតដល់ចុងយុគសំរិទ្ធិ ក្នុងខណៈដែលសហគមន៍ហៀបនឹងឈាន ទៅកាន់សកលភាវូបនីយកម្ម តាមរយៈពាណិជ្ជកម្មអន្តរជាតិ ជាមួយចិន ឥណ្ឌា និងចក្រភពហ្គ្រិច-រ៉ូម៉ាំង ។នៅដើមសម័យប្រវត្តិសាស្រ្ត មានគំនូរមួយលើជញ្ជាំងភ្នំ នៅខេត្តក្របី ក្នុងឈូងសមុទ្រសៀមសព្វថ្ងៃ ដែលបង្ហាញឲ្យឃើញពីការនិយមអាវវែងដែរ ។

តែនៅទីនោះ សំពត់រុំដងខ្លួនមនុស្សពី ក រហូតដល់កំភួនជើង ។ បើតាមការរាយការណ៍ខាងបុរាណវិទ្យា យើងក៏ដឹងដែរថា នៅអតីតដែនដីកម្ពុជាក្រោម បុព្វការីជននាសម័យបុរេប្រវត្តិសាស្រ្ត ក៏បាននិយមប៉ឹងនិងសំពត់ដូចគ្នាដែរ ។ សរុបសេចក្តីមក សិល្បៈទាំងនោះ ដែលគេបានជួបប្រទះ សុទ្ធតែត្រូវបានកើតឡើង អាស្រ័យតែជំនឿលើបុព្វការីជន ក៏មែនពិត តែទន្ទឹមជាមួយនេះ ជាភស្តុតាងបង្ហាញអំពីសម្លៀកបំពាក់ របស់មនុស្សខ្មែរយ៉ាងប្រាកដ ។ មុននឹងបញ្ចប់រឿងសម្លៀកបំពាក់ របស់មនុស្សទាំងពីរភេទ នាសម័យបុរេប្រវត្តិសាស្រ្ត និងដើមសម័យប្រវត្តិសាស្រ្ត គប្បីយើងលើកករណីផ្លែត្រល់ និងត្រាសម្រាប់ប្រថាប់លើសម្លៀកបំពាក់ ឬក៏សំណល់ខ្សែអំបោះ នៅជាប់ទៅនឹងគ្រោងឆ្អឹងឬក៏វត្ថុប្រើប្រាស់ មកពិពណ៌នា ។ សូមបញ្ជាក់នៅទីនេះថា ដូចនៅប្រទេសចិន ឬនៅអឺរ៉ុប វត្តមានរបស់ឧបករណ៍ប្រើប្រាស់ទាំងនោះ គឺជាភស្តុតាងជាប្រយោលនៃការត្បាញសម្លៀកបំពាក់នាសម័យបុរាណ ដោយឥតប្រកែកបាន ។ ដោយសំអាងទៅលើវត្ថុវប្បធម៌តាំងនោះ យើងអាចសន្និដ្ឋានបានថា ការនិយមសម្លៀកបំពាក់ ដែលផ្តើមចេញពីសម័យថ្មរំលីង ត្រូវបានបន្តរហូតដល់សម័យប្រវត្តិសាស្រ្ត ដោយអម្បូរមន-ខ្មែរ រួមមានប្រជាជនមន, ខ្មែរ និងមនុស្សដើមភាគតិច ក្នុងភូមិភាគអាស៊ីអាគ្នេយ៍នេះ ។ ព្រោះតាមធម្មតាសម្រាប់ប្រជាជនខ្មែរ ក៏ដូចគ្រប់សញ្ជាតិនៅលើពិភពលោកយើងនេះដែរ តែងតែចេះស្លៀកពាក់រួចទៅហើយ តាំងតែសម័យបុរេប្រវត្តិសាស្រ្តមកម្ល៉េះ៕ (ម.ត្រាណេ)

ប្រភព៖ ខេមរវិទ្យា

បញ្ចេញមតិ