ព្រះអង្គម្ចាស់នរោត្ត​មឌួងចក្រ ក្សត្រខ្មែរមួយអង្គដំបូងគេបង្អស់ដែលហ៊ានប្រឆាំងនឹងពួក…

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩​ | ចំណេះដឹងទូទៅ | 0 |
ព្រះអង្គម្ចាស់នរោត្ត​មឌួងចក្រ ក្សត្រខ្មែរមួយអង្គដំបូងគេបង្អស់ដែលហ៊ានប្រឆាំងនឹងពួក… ព្រះអង្គម្ចាស់នរោត្ត​មឌួងចក្រ ក្សត្រខ្មែរមួយអង្គដំបូងគេបង្អស់ដែលហ៊ានប្រឆាំងនឹងពួក…

ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ គឺជាព្រះរាជបុត្រខ្មែរមួយអង្គ ដែលហ៊ានងើបតវ៉ា ប្រឆាំងនឹងពួកអាណានិគមនិយមបារាំង មុនដំបូងគេដល់ទីក្រុងបារីស ហើយក្រោយមកត្រូវពួកបារាំងចាប់ខ្លួន និង និរទេសទៅទ្វីបអាព្រិក។

សម្តេចព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ទ្រង់ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តម និង អ្នកម្នាងថាន់ ព្រះអង្គទ្រង់ប្រសូតនៅអតីតព្រះរាជវាំងឧត្តុង នាឆ្នាំ១៨៦១ ហើយទ្រង់ជាព្រះរាជបុត្រាមួយអង្គដែលមាន ព្រះបញ្ញាវាងវៃ សិក្សាបានជ្រៅជ្រះ និងប្រកបដោយគុណធម៌យល់អស់កិច្ចការប្រទេសជាតិ។ ទ្រង់ជាអ្នកគាំទ្រយ៉ាងពេញទំហឹងដល់ចលនាប៉ះបោរបស់ទ្រង់ស៊ីវត្ថា (ត្រូវជាព្រះបិតុលា/ឪពុកមា) ប្រឆាំងនឹងបារាំងនាឆ្នាំ១៨៨៥-១៨៨៦ ដែលក្រោយមកត្រូវបានបារាំងបង្រ្កាបបាន។

នាឆ្នាំ១៨៩០ ព្រះបាទនរោត្តមទ្រង់ព្រះប្រឈួន ហើយមានព្រះរាជបំណងដាក់រាជសម្បត្តិថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ក៏ប៉ុន្តែត្រូវបានបារាំងជំទាស់ដោយសារតែទ្រង់មាននិន្នាការប្រឆាំងបារាំង មិនត្រឹមតែប៉ុណ្ណោះពួកបារាំងដោយយកលេស ថាទ្រង់បានចូលរួមគាំទ្រចលនាប៉ះបោរប្រឆាំងបារាំងនាប៉ុន្មានឆ្នាំមុន បានចាប់ខ្លួនទ្រង់ដាក់គុកនៅឆ្នាំ១៨៩០ទៅ តែមួយឆ្នាំក្រោយមកព្រះអង្គទ្រង់រំដោះព្រះកាយបាន ហើយក៏ភាសព្រះកាយទៅជ្រកកោននៅប្រទេសសៀម។

ដោយទ្រង់មិនស្ងប់ព្រះរាជហរទ័យ នឹងការជិះជាន់របស់បារាំង និង ទង្វើមើលងាយមើលថោកដល់ព្រះរាជវង្ស ពីសំណាក់ពួកបារាំង ជាពិសេសពីលោករ៉េស៊ីដង់សូពេរីយ៉េ Albert Louis Huyn de Vernéville ទ្រង់បានយាងដំណើរដល់ទីក្រុងបារីស នៅខែមិថុនាឆ្នាំ១៨៩៣ ដើម្បីតវ៉ាប្រឆាំងការដាក់សំពាធមកលើខ្សែព្រះរាជវង្ស និង ការប្រមូលពន្ធដារជិះជាន់រាស្រ្តខ្មែរដោយពួកបារាំង ព្រមទាំងសុំឲដាក់អគ្គទេសាភិបាលថ្មីជំនួសលោកAlbert Louis ក៏ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរបារាំងមិនបានអើពើឡើយ ថែមទាំងបានចាប់ខ្លួនទ្រង់ម្តងទៀត ហើយនិរទេសព្រះអង្គទៅកាន់ប្រទេសអាល់ហ្ស៊េរី ដែលជាដែនដីអាណានិគមបារាំងមួយដែរនៅទ្វីបអាព្រិច ទ្រង់ត្រូវគេបង្ខាំងឲគង់នៅទីនោះ រហូតដល់ទ្រង់ចូលទីវង្គត នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ១៨៩៧ ដោយសារចាញ់អាកាសធាតុ នាព្រះជន្មាយុ៣៦ព្រះវស្សា នៅទីក្រុងដាចេលហ្វា ប្រទេសអាល់ហ៊្សេរី (Djelfar, Algeria) ។

ព្រះអង្គម្ចាស់ ឌួងចក្រ ទ្រង់មានអ្នកម្នាងបីអង្គ គឺ អ្នកម្នាងរំដេង (ដែលត្រូវជាកូន លោកកវី សន្ធរម៉ុក) អ្នកម្នាងអាន និង អ្នកម្នាងអុក ព្រមទាំងមានរាជបុត្រាពីរអង្គ និង រាជាបុត្រីពីរអង្គគឺ អ្នកអង្គម្ចាស់នរោត្តម ម័នធុនថាន័យ អ្នកអង្គម្ចាស់នរោត្តម រិទ្ធដ្ឋារង្សី អ្នកអង្គម្ចាស់ក្សត្រីនរោត្តមព្រះពាយផាត់ និង អ្នកអង្គម្ចាស់ក្សត្រីនរោត្តមវិល័យលក្ខ៍។ ទ្រង់មានព្រះរាជនត្តា (ចៅ) មួយអង្គ ដែលគង់នៅមានព្រះជនដល់សព្វថ្ងៃ គឺទ្រង់នរោត្តមបាល័យ (ប្រសូតឆ្នាំ១៩៣១) ដែលជាអតីតពីឡុតទ័ពអាកាសខ្មែរនាទសវត្សន៍ទី៧០។

ប្រភព៖ប្រភពនៃបទចម្រៀងពីដើមៗ

បញ្ចេញមតិ