គ្រែទេសន៍ដែលបាត់បង់

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
គ្រែទេសន៍ដែលបាត់បង់ គ្រែទេសន៍ដែលបាត់បង់

ការសិក្សាជាច្រើនអំពីខ្មែរ ធ្វើឲ្យយើងដឹងថា ចាប់តាំងពីឆ្នាំ ១៨៦៣ មកព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសន្ទុះវប្បធម៌ថ្មីមួយ ក្រោយពីឱនភាពអស់រយៈពេលប្រមាណ ៤០០ ឆ្នាំ ។ ជាទូទៅ គេអាចសង្កេតឃើញនូវស្នាដៃឯកមួយចំនួន ដែលបានផលិតឡើងរវាងឆ្នាំ ១៩២៥-១៩៣៨ ដោយយោងលើសេចក្ដីរាយការណ៍ និង សមិទ្ធិផលនានាដូចករណីគ្រែទេសន៍នៅតាមវត្តអារាម ជាសក្ខីកម្មស្រាប់ ។

ខាងលើនេះក៏ជាសញ្ញានៃវឌ្ឍនភាព នៃការរីកដុះដាលឡើងវិញខាងព្រះពុទ្ធសាសនា នៅកម្ពុជាផងដែរ ។ ក៏ប៉ុន្ដែជាការអភ័ព្វដែលកេរ្តិ៍ដំណែលខាងសិប្បកម្មទាំងនោះ ត្រូវបានបំផ្លិចបំផ្លាញអស់ទៅហើយ ដោយបន្សល់តែរូបភាពឯកសារប៉ុណ្ណោះដែលនំាអោយយើងមានសេចក្ដីសង្វេគ ។ ពេល នេះយើងសូមលើកយក គ្រែទេសន៍ មកនិយាយ ។

ថ្វីត្បិតតែយើងគ្មានឯកសារ ដែលបង្ហាញអំពីការនិយម សង់បង្កើតនូវគ្រែទេសន៍ទាំងឡាយ នាសម័យចតុមុខក្ដី ប៉ុន្ដែយើងជឿជាក់ថា គ្រែទេសន៍ទាំងនោះបានកើតមានតំាងតែនាសម័យលង្វែក ឧត្តុង្គ រួចទៅហើយ ។ ដូច្នេះចំពោះយើងការបក ស្រាយនេះ មិនមែនជាការភ័ន្តច្រឡំទេ ពីព្រោះសម័យចតុមុខ បានប្រសូតចេញពីសម័យមុនៗ យ៉ាងប្រាកដ ។

ភាពចំណាស់នៃប្រពៃណីប្រើគ្រែទេសន៍ អាចគូសបញ្ជាក់ដោយប្រយោល តាមរយៈក្បាច់រចនាយ៉ាងល្អប្រណិតដូចជា សត្វគ្រុឌ, សត្វនាគ, រាជសី និង សត្វពពែជាដើម ដែលមានលក្ខណៈមិនខុសប៉ុន្មានទៅនឹងទីនំាងរបស់ព្រះមហាក្សត្រខ្មែរ នាសម័យអង្គរ ជាពិសេសត្រង់បង្កាន់ដៃ ដែលមានរាងជាសត្វនាគនោះទេ ។ (ម.ត្រាណេ) ។

credit: khemaravidya.com

បញ្ចេញមតិ