កូនខ្មែរគួរតែបានស្គាល់ពីជីវប្រវត្តិរបស់អធិរាជសម្លេងមាសគឺលោកស៊ីន ស៊ីសាមុត
លោក ស៊ីន-ស៊ីសាមុត ឬ ស៊ិន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជា អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក ស៊ីន-ស៊ីសាមុត បានមកពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត គួបផ្សំនិងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។ ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក សុីន សាមុត គឺជាវីរបុរសស្នេហាជាតិ ។
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ ៖ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម-សុងសឺម និង អ្នកស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅមហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦ ។ កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ បានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម ។ លោក ម៉ា-ឡៅពី បានលាចាកលោកនៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។
លោក អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ ។ បទចម្រៀងល្បីរបស់លោក គឺ បទកោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់កោះត្រល់ទៅវៀតណាម ។ លោក អ៊ឹម-សុងសឺម និងអ្នកស្រី ហួយ-មាស តែងតែទៅតាមសម្តេច ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទអាកាសយាន ។ អ្នកគាំទ្រលោក សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មី ៗ របស់លោក ស៊ីន-ស៊ីសាមុត ដែលចេញក្រោយទេ ។
កុមារភាព៖លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) របស់លោក ស៊ីន-លាង និងអ្នកស្រី ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។ លោកឪពុករបស់លោក ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង ។ លោកឪពុករបស់លោក បានលាចាកលោក ដោយជំងឺ ហើយម្តាយរបស់លោក ក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន ២ នាក់ទៀត ។
លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំ ។ លោកជាក្មេងល្អ និងទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់ ។ លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រ ដេញម៉ង់ដូលីន និងចាប៉ី ។ ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា ។
កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដីទន់ភ្លន់និងផ្អែមល្ហែម ។ លោកតែងទៅលេងវត្តនៅក្បែរផ្ទះជាញឹកញាប់ និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ ។ លោកមាននិស្ស័យនឹងព្រះពុទ្ធឋសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និងបង្ហោះខ្លែង ។ ចំពោះការបរិភោគ ចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ។ ពងទាចៀនជាម្ហូប ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ។
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ៖ លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាឲ្យបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។ លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុតដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆាយ៉ា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចឲ្យលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ាដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
ប្រភព៖wordpress.com