ស្ថានភាពបាត់ដំបងសម័យលោកម្ចាស់ត្រកូល “អភ័យវង្ស”​​ ដែលគួរឲ្យចាប់អារម្មណ៍

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ស្ថានភាពបាត់ដំបងសម័យលោកម្ចាស់ត្រកូល “អភ័យវង្ស”​​ ដែលគួរឲ្យចាប់អារម្មណ៍ ស្ថានភាពបាត់ដំបងសម័យលោកម្ចាស់ត្រកូល “អភ័យវង្ស”​​ ដែលគួរឲ្យចាប់អារម្មណ៍

បើនិយាយអំពីសាវតានៃខេត្តបាត់ដំបង (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ) ដែលធ្លាប់ធ្លាក់ ទៅក្រោម ការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ គឺត្រូវនិយាយទាក់ទង នឹងសាវតាដែល ខេត្តនេះ ស្ថិតក្រោម ការគ្រប់គ្រងរបស់ត្រកូល «អភ័យវង្ស»។ ត្រកូលអភ័យវង្សនេះ ជាត្រកូលមួយធ្លាប់គ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយ ចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម។

បើតាមសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» និពន្ធដោយលោក តូច ឈួន បោះពុម្ពលើកទី២ ឆ្នាំ១៩៩៤ បានរៀបរាប់ថា ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ា យមរាជ (បែន) ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម។ ត្រកូល អភ័យវង្ស បានគ្រប់ គ្រង ខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមកចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំង គ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម ៩០ឆ្នាំ។ ជនទីមួយដែលគ្រប់គ្រងខេត្តនេះឈ្មោះ បែន ងារជាឧកញ៉ាយមរាជ។ ខេត្តខណ្ឌនោះក៏ក្លាយខេត្តមួយស្ថិតក្នុងមណ្ឌលបូព៌ា របស់សៀមចាប់ពីពេលនោះជាដរាបរៀងមក រហូត ដល់បារាំងទាមទារយកពីសៀម វិញតាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។ គ្រួសារអភ័យវង្សរស់នៅក្នុងបរិវេណកំផែងដ៏ស្កឹមស្កៃកំផែងនេះហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញ់មួយនេះអញ្ចឹង។

បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើង​បន្តការ​ងារ​នេះទៀតបានកាល ៧ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើង​បន្តទៀត​រហូត​ដល់ឆ្នាំ១៨៣៥។ លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត។ គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្​តដំណែងពីឪពុក​ខ្លួនដោយសម្លាប់​បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយ​បងថ្លៃនោះ​ឲ្យឡើង​គ្រង​ខេត្តបន្តពីឪពុករបស់ខ្លួន ។

ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់​ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់​ខ្លួន​ដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់​គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែល​បារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំង​ប៉ុន្មាននៅបាត់ដំបង​ហើយ​ដឹកទ្រព្យ​សម្បត្តិ ប្រពន្ធ និងកូន​ចៅប្រហែលជា ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី ។ ក្រោយមក ឈុំ ក៏ស្លាប់​កំឡុងឆ្នាំ១៩២២។ ឯកសារ​ខ្លះ​ទៀតថា បារាំងបានយល់ព្រមផ្តល់លុយឲ្យ ឈុំ អភ័យវង្សចាប់​ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។
បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) ដែលជាអ្នកបង្កើត​គណបក្សប្រជាធិបតេយ្យ​ដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង។ ខួង អភ័យវង្ស កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង។

តាំងពីការតវង្សត្រកូលមកពីរជ្ជកាលទី១ រហូតដល់ចុងរជ្ជកាលទី៥ ដែលការផ្សំផ្គុំរវាងត្រកូលសៀម ជាមួយខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតដល់ថ្នាក់មិនអាចបែងចែកឲ្យបានច្បាស់លាស់។ គ្រាមួយនៅពេលមានការបោះឆ្នោត ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀត​ចោទប្រកាន់​ថាខ្លួនមាន​បុព្វបុរសមិនមែនជនជាតិសៀម តែជាជនជាតិខ្មែរ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន៕

ប្រភព៖bizdoctors.asia

បញ្ចេញមតិ