កូនខ្មែរនាំគ្នាទន្ទេញឲ្យចាំផង!គូទឹក និងកំពែងដែលកសាងគឺសម្រាប់ទប់ទល់សង្គ្រាម
រូបថតខាងក្រោមនេះជារូបដែលស្តីពីគូទឹកដែលមានប្រវែងដ៏មហាសាល ១២គ.ម ទទឹង ១០០ម ជំរៅប្រមាណ ៨ម ដោយប្រមាណ ។ គូទឹកនេះដូនតាជីកមកឲ្យនៅព័ទ្ធពីខាងក្រៅព្រះបរមរាជធានីនៃមហាទីក្រុងដ៏ធំសម្បើមក្នុងអាណាចក្រខ្មែរ នារាជកាលព្រះបាទ ជយវរ្ម័នទី៧ ចន្លោះឆ្នាំ ១១៨១-១២១៩ គ.ស។ តើគូទឹកនេះមានសារៈប្រយោជន៍អ្វីខ្លះ?
គូទឹកនេះបង្ហាញពីសាច់ដុំនៃអំណាចរបស់មហារាជា ដែលមានព្រះរាជកិច្ចក្នុងការទទួលខុសត្រូវលើបូរណភាពទឹកដី ជានិមិត្តរូបនៃដែនដីខ្មែរដែលត្រូវហ៊ុំព័ទ្ធពីក្រៅដោយសមុទ្រ ។ គូទឹកនេះបង្ហាញពីនិមិត្តរូបនៃមហាសមុទ្រដែលមានលើផែនដីទាំងមូល និងជានិមិត្តរូបនៃមហាសមុទ្រទឹកដោះដែលមានក្រុមទេវតា និងអសុរៈនាំគ្នាកូរយកទឹកអម្រិតមកផឹកដើម្បីអោយមានជីវិតអមតៈ ដែលជាប្រភពនៃសុភមង្គល ។
គូទឹកនេះ ជានិមិត្តរូបនៃការគោរពនិងផ្តល់តម្លៃដល់បុព្វការីជនដែលមានតួនាទីក្នុងការផ្តល់នូវសេចក្តីសុខក្សេមក្សាន្តដល់សកលលោក ពោលគឺកត្តា មេ ឬ ស្ត្រី (មានន័យថាស្រ្តី=ទឹក)រីឯតួប្រាសាទជានិមិតរូបនៃ”បា”>ដី។”មេ”+”បា”>ទឹក+ដី ។
គូទឹកនេះមានប្រយោជន៍យ៉ាងសំខាន់សម្រាប់ជ្រាប និងជួយទៅផ្សើមដល់ក្រោមបាតរបស់ប្រាសាទ ពោលគឺជួយទៅចិញ្ចឹមដីមិនអោយដីមានសំណើមជាហេតុធ្វើអោយប្រាសាទមានលំនិង ប្រាសាទមិនស្រុត។
គូទឹកនេះសំរាប់ជាសេចក្តីត្រូវការជាចាំបាច់ដល់ពិធីសាសនា ដល់កសិកម្មដាំដុះរបស់រាស្ត្រ និងបម្រើផលប្រយោជន៍ផ្នែកសង្គមវប្បធម៌ផ្សេងៗ និងជាពិសេសលើសពីនេះទៀត គឺមានអត្ថប្រយោជន៍ដ៏រកអ្វីមកកាត់ថ្លៃមិនបាន គឺសំរាប់ជាអាវក្រោះដែលមានតួនាទីការពារព្រះបរមរាជធានី ដែលសត្រូវពិបាកនឹងសម្រុកចូល ។សូមជម្រាបថានៅផ្នែកខាងក្នុងនៃគូទឹក មានមហាកំពែងដ៏រឹងមាំ កម្ពស់ ៨ ម សាងពីថ្មបាយក្រៀមដែលដូនតាបានលើកដីបូកពូនឲ្យមានជម្រាលងាយស្រួលឡើងចុះដើម្បីការពារនិងថែរក្សារាជធានី ។
ប្រភព៖Samut Siem Reap Angkor