ប្រាសាទក្រវ៉ាន់ជាប្រាសាទចំណាស់មួយដែលទាក់ទាញអារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩​ | ប្រវត្តិសាស្រ្ដ | 0 |
ប្រាសាទក្រវ៉ាន់ជាប្រាសាទចំណាស់មួយដែលទាក់ទាញអារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ ប្រាសាទក្រវ៉ាន់ជាប្រាសាទចំណាស់មួយដែលទាក់ទាញអារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ

បើ​យើង​ធ្វើដំណើរ ចេញពី​ទីប្រជុំជន ទេសចរណ៍​ក្រុង​សៀមរាប រួច​បន្តដំណើរ​មក ប្រាសាទ​អង្គរតូច ហើយ​បត់​ស្ដាំ​ដៃ ក្នុង​ចំងាយ​ជិត ៣ គីឡូម៉ែត្រ ឆ្ពោះទៅកាន់​ស្រះស្រង់​នោះ គេ​នឹង​ប្រទះឃើញ សម្រស់​ដ៏​ស្រស់ ត្រកាល រក​អ្វី​ប្រៀបផ្ទឹម​គ្មាន របស់​ប្រាសាទក្រវ៉ាន់ កំពុង​ឈរ​បង្អួតរាង ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​ប្រាង្គ​ប្រាសាទ ដែល​កសាង​អំពី​ឥដ្ឋ និង​កំបោរ​បាយអរ​។​

​ទីតាំង​ប្រាសាទក្រវ៉ាន់ ស្ថិតនៅ​ក្នុងភូមិ​ក្រវ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប​។ ប្រាសាទក្រវ៉ាន់ កសាង​នៅ​សតវត្សរ៍​ទី​១០ ដែល​ស្ថាបនា​ឡើង​ដោយ ព្រះមហាក្សត្រ ហារី​ស​វរ្ម័នទី​១ ដោយ​កសាង​ទៅតាម​រចនាបថ ប្រា សាទកោះកេរ្ដិ៍ ប្រាសាទ​សម្បូរ​ព្រៃគុក ប្រាសាទនាងខ្មៅ សរុប ១៥ រចនាបថ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុរ​។​

​បើតាម​ការ​ឱ្យដឹងពី លោក​ពេជ្រ មុន្នី ជា​មគ្គុទ្ទេសក៍​ទេសចរ ផ្នែក​ភាសា​អង់គ្លេស បាន​ប្រាប់ថា ជាទូទៅ ភ្ញៀវទេសចរ តែងតែ​មានការ​កោត​ស​រសើរដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ កាលពី​ជំនាន់​ដើម ដែលមាន​តម្រិះវិជ្ជា និង​បារមី​ខ្លាំងពូកែ អាច​កសាង​ប្រាសាទ​នីមួយៗ រាប់រយឆ្នាំ​ហើយ នៅតែមាន​សម្រស់​ត្រកាល​រឹងមាំ​។

​លោក ពេជ្រ មុន្នី បាន​បន្ដថា ប្រាសាទក្រវ៉ាន់​នេះ គឺ​នៅ​ចន្លោះ​ប្រាសាទបន្ទាយក្ដី និង​ស្រះស្រង់ ​ហើយ​ជា​ប្រាសាទ​មួយ ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុងចំណោម​ប្រាង្គ​ប្រាសាទ ដែល​កសាង​ពី​ដីឥដ្ឋ លាយ​ជាមួយ​កំបោរ​បាយអរ ត្រូវ​ភ្ញៀវទេសចរ ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រមទាំង​ផ្ដិត​យក​រូបភាព ដ៏​ស្រស់​នោះ​ផងដែរ​។​

​លោក​បាន​បន្ដថា នៅក្នុង​ប្រាសាទក្រវ៉ាន់​នេះ មាន​រូបចំលាក់​មួយចំនួន ដែល​បង្ហាញ​ពី​នារី​ខ្មែរ កាលពី​សម័យ​នោះ ហើយ​ប្រាសាទ​នោះ ត្រូវបាន​គេ​កសាងឡើង ដើម្បី​ព្រះមហា​ឥស្សី នៃ​ព្រះ​វិស្ណុរ​។​ លោក​បាន​បន្ថែមទៀតថា ប្រាសាទ​នេះ រង​ការខូចខាត​ខ្លះ​ដែរ កាលពី​ជំនាន់​បារាំង​កាន់កាប់ ហើយ​បារាំង បានចាប់ផ្ដើម​ជួសជុល​បន្ថែម នៅ​ឆ្នាំ​១៩៦០​។​

​ក្រុម​ឆ្មាំ​ប្រាសាទ បាន​ប្រាប់ថា ជា​រៀងរាល់ថ្ងៃ ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ តែង​ឈៀង​ចូល​ទស្សនា ប្រាសាទ​វ័យ​ចំណាស់​មួយ​នេះ ជា​ហូរហែ ព្រោះ​នៅតាម​ដងផ្លូវ​នេះ គេ​ធ្វើដំណើរ​ទៅ​កំសាន្ដ នៅ​ប្រាសាទបន្ទាយស្រី ក្បាលស្ពាន ភ្នំ​គូលែន​ជាដើម ដែល​ក្នុង​១​ថ្ងៃៗ អាចមាន​ភ្ញៀវទេសចរ ចូល​ទស្សនា ប្រាង្គ​ប្រាសាទ​នេះ មិនតិចជាង​មួយ​ពាន់​នោះទេ​៕

ប្រភព៖everyday.com.kh

បញ្ចេញមតិ