ល្អាងភ្នំឈ្ងោក ជាល្អាងបុរាណបែបផ្សងព្រេងដ៏ទាក់ទាញនៅខេត្តកំពត
ល្អាងភ្នំឈ្ងោកទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មុនសម័យអង្គរស្ថិតនៅក្នុងឃុំត្រពាំងព្រីង ស្រុកកំពត ភាគឦសានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពតរំលេចភាពទាក់ទាញដល់ភ្ញៀវទេសចរចូលចិត្ដដំណើរបែបផ្សងព្រេងជាពិសេសជនបរទេស។ នៅជើងភ្នំឈ្ងោកភ្ញៀវទេសចរត្រូវដើរពីផ្លូវភ្លោះអមសងខាងប្រឡាយកាត់តាមភ្លឺស្រែប្រមាណជា ៥០ ម៉ែត្រលោកអ្នកនឹងទៅដល់បញ្ជរបង់ប្រាក់នៅក្បែរច្រកចេញពីរូងល្អាង។ ប៉ុន្ដែសូមកុំបារម្ភចំពោះភ្ញៀវជាតិការបង់ប្រាក់នេះតម្រូវឲ្យសម្រាប់តែភ្ញៀវបរទេសប៉ុណ្ណោះដែលមានតម្លៃត្រឹមតែ ១ ដុល្លារក្នុងម្នាក់។
ដើរតាមជណ្ដើរថ្មល្បាក់ ២០០ កាំឆ្ពោះឡើងភ្នំ និងចុះចំណោតចូលល្អាងដំរីធំមួយកំពុងតែរង់ចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ពេលវេលា។ កំពុងតែឈររេរានៅមុខប្រាសាទសង់ពីឥដ្ឋព័ទ្ធជុំវិញដោយច្រកល្អាងជាច្រើនស្ថិតក្នុងស្ថានភាពងងឹតស្លុបដែលភ្ញៀវទេសចរមើលមិនឃើញទិសតំបន់អ្នកនាំភ្ញៀវតូចល្អិតវ័យ ៨ ឆ្នាំ ឈ្មោះ វុទ្ធី បានចូលមកបង្ហាញផ្លូវចុះយ៉ាងស្ទាត់ជំនាញដោយមិនចាំបាច់ត្រូវការភ្លើងបំភ្លឺផ្លូវឡើយ។
នៅក្នុងល្អាងមានច្រកតូចៗជាច្រើន វុទ្ធី បានណែនាំផ្លូវដល់ទេសចរដើម្បីឲ្យពួកគេគយគន់ទិដ្ឋភាពល្អាងថ្មតាមស្ថានភាពច្រកកន្លុកកន្លៀតបត់បែនអមដោយការអត្ថាធិប្បាយត្រួសៗអំពីសណ្ឋានថ្មនៅតាមដំណាក់កាលនីមួយៗតាំងពីច្រកចូលខាងលើរហូតដល់ផ្លូវចេញខាងក្រោមដែលមានចម្ងាយប្រមាណ ១០០ ម៉ែត្រ។
ហាក់ដូចជាមានទេពកោសល្យខាងណែនាំភ្ញៀវរុលចូលមាត់ល្អាងតូចៗប្រកបដោយសុវត្ថិភាពកូនសិស្សទើបរៀនថ្នាក់ទី ១ រូបនេះថែមទាំងប្រាប់ភ្ញៀវពេញវ័យនូវជំហានដើរការដាក់ជើងលើគន្លាក់ថ្ម និងវិធីលូនក្រាបឆ្លងផ្លូវចង្អៀតដើម្បីបញ្ចៀសរាល់ឧបសគ្គដែលអាចកើតឡើងដោយជាយថាហេតុ។ ទៅដល់ខាងក្នុងល្អាងដែលបំភ្លឺដោយភ្លើងពិលផ្លុងៗមគ្គុទ្ទេសក៍ខ្លួនតូចរូបនេះបានបង្ហាញផ្លូវភ្ញៀវទៅទស្សនាថ្មខ្សាច់រំលេចពណ៌ព្រាកៗនៅរូងផ្លូវទ័លជាពិសេសជញ្ជាំងល្អាងដែលមានសភាពក្រហេងក្រហូងព្រមទាំងសត្វប្រចៀវហើរឆ្វៀលឆ្វាត់មុនពេលដើរឆ្លងស្ពានឈើកាត់ទឹកភ្លៀងដែលឡើងជន់លេចបាតល្អាងនៅរដូវវស្សា។ ជ្រកក្នុងល្អាងប្រាសាទដែលនៅរក្សាបានទ្រង់ទ្រាយដើមល្អស្អាតនេះត្រូវបានអ្នកបុរាណវិទូអះអាងថាបានកសាងដើម្បីឧទ្ទិសដល់ព្រះសិវៈនៃព្រហ្មញ្ញសាសនានៅសតវត្សរ៍ទី ៧។
លោកបណ្ឌិត មីសែល ត្រាណេ ជាបុរាណវត្ថុវិទូបានអះអាងថាប្រាសាទបុរាណនេះត្រូវបានកសាងនៅសម័យអន្ដរកាលរវាងនគរភ្នំ និងចេនឡាក្នុងឆ្នាំ ៦១៧។ លោកបន្ដថា៖ «វាជាប្រាសាទដ៏កម្រដែលត្រូវបានកសាងសម័យថាឡាបរិវាត់អន្ដរកាលរវាងនគរភ្នំ និងចេនឡា។ យោងតាមឯកសារចិនបង្ហាញថាសម័យនរគភ្នំបានរលត់រលាយទៅក្នុងឆ្នាំ ៦៤៩ ជំនួសដោយសម័យចេនឡា»។ អំពីថ្មដុះជារាងលិង្គទ្រយោនីដែលដុះពីលើពិតានល្អាងភ្នំចុះក្រោម និងដុះពីក្រោមទល់គ្នានៅនឹងបរិវេណក្នុងប្រាសាទលោកបណ្ឌិតផ្នែកបុរាណវិទ្យារូបនេះបានលើកឡើងថា៖ «វាជាទីកន្លែងសក្ការៈដ៏ពិសិដ្ឋមានបារមីកាន់សម្រាប់ការបួងសួងរបស់ប្រជាជនខ្មែរឲ្យជួបតែសេចក្ដីសុខ។ ទឹកសន្សើមដែលហូរស្រក់តាមថ្មដុះនេះកាន់តែច្រើនកាន់តែមានភាពពិសិដ្ឋ»។
លោកបានបន្ថែមថាវាជាទីឋានពិសិដ្ឋប្រាកដមែនសូម្បីតែនៅអឺរ៉ុបក៏ពួកគេមានជំនឿចំពោះការបួងសួងនៅទីឋានស័ក្ដិសិទ្ធិនេះដែរ។ ជាមន្ដ្រីមន្ទីរទេសចរណ៍ខេត្ដកំពតដែលកំពុងប្រចាំការនៅបញ្ជរបង់ប្រាក់ លោក អ៊ិត រ៉េង បានឲ្យដឹងថា៖ «ជាទូទៅភ្ញៀវមកលេងប្រាសាទនេះភាគច្រើនជាជនបរទេសដែលខ្លះបាននាំទាំងកូនក្មេងតូចៗមកចូលល្អាងផងដែរ»។ ពាក់ព័ន្ធនឹងចំនួនភ្ញៀវប្រចាំថ្ងៃលោកលើកឡើងថា៖ «មិនទៀងទាត់ទេពេលខ្លះក៏មានច្រើនហើយពេលខ្លះសឹងតែគ្មានផង។ ជាមធ្យមមានភ្ញៀវប្រមាណពី ១០ ទៅ ២០ នាក់។
ប្រភេព៖ភ្នំពេញប៉ុស្តិ៍