ប្រាសាទបន្ទាយទ័ព ស្នាព្រះហស្តចុងក្រោយស្តេចជ័យវរ្ម័នទី ៧ បន្សល់ពុទ្ធរូបអង្គធំដ៏ស័ក្ដិសិទ្ធិ នៅវត្តប្រាសាទរលំជ្រៃ

បន្ទាយមានជ័យៈ ភ្ញៀវទេសចរ ជាពិសេសពុទ្ធបរិស័ទ ទាំងជិតទាំងឆ្ងាយ ដែលធ្វើដំណើរឆ្លងកាត់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តែងតែឆ្លៀតឆៀងចូលទៅកាន់ទីអារាមដោយល្បីរន្ទឺថា មានបារមីព្រះអង្គធំ ក្នុងវត្តដ៏ពូកែស័ក្តិសិទ្ធិ សម្រាប់រាល់ការបន់ស្រន់បានសមតាមបំណងប្រាថ្នារបស់គេម្នាក់ៗ។
ស្ថិតនៅក្នុងភូមិរលំជ្រៃ ឃុំ-ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណ ៣ ឬ ៤ គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ ៥៦ (មុនដល់ទីរួមស្រុកថ្មពួកបន្តិច បើធ្វើដំណើរចេញពីក្រុងសិរីសោភ័ណ) វត្តប្រាសាទរលំជ្រៃ ដែលជាទីតម្កល់ពុទ្ធរូបព្រះអង្គធំទម្ងន់ជាង ២ តោន ធ្វើពីថ្មភក់លំដាប់លេខ ១ បានទាក់ទាញបរិស័ទគ្រប់ទិសទី មិនថារស់នៅភូមិផងក្បែរវត្តនោះទេ។
(ប្រាសាទបន្ទាយទ័ព ដែលមានចម្ងាយពីវត្តប្រាសាទរលំជ្រៃ ប្រមាណ ១១ គីឡូម៉ែត្រ។)
លោកអាចារ្យ ទីម តាក់ ប្រចាំការនៅវត្តប្រាសាទរលំជ្រៃ បាននិយាយថា៖ «ក៏មានបងប្អូនមកពីខេត្តឆ្ងាយៗគឺមានខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ចាម ព្រៃវែង ក្រុងសិរីសោភ័ណ និងភ្នំពេញជាដើម បានមកបន់ស្រន់ដើម្បីសុំសេចក្តីសុខសប្បាយ សុំកូនចៅ សុំទឹកមន្តយកទៅប្រោះព្រំ ផឹក ឬងូត និងសុំឡើងបុណ្យស័ក្តិ និងចាក់គម្ពីរមើល ជោគជតារាសីផងដែរ»។
លោកអាចារ្យ វ័យ ៦៣ ឆ្នាំ បានបន្តថា៖ «ព្រះអង្គធំនេះ ជាពុទ្ធរូបមួយអង្គធំជាងគេក្នុងចំណោមពុទ្ធរូប ៥ អង្គ ដែល ៤ អង្គតូចទៀតនោះបានបាត់បង់អស់ហើយ ខណៈអង្គធំនៅសេសសល់បានយកមកពីទីប្រាសាទបន្ទាយទ័ព»។
លោកអាចារ្យក៏បានបន្តតំណាលរឿងពីដូនតាមកថា ពុទ្ធរូប ១ អង្គធំជាងគេនេះ ត្រូវបានអតីតចៅអធិការវត្តដំបូងគេព្រះនាម ទេព នំ បានប្រទះឃើញកប់នៅក្នុងវាលស្បូវនៃតំបន់ប្រាសាទបន្ទាយទ័ព នៅភូមិថ្នល់ដាច់ឯណោះ។ ក្រោយព្រះគុណម្ចាស់បានយកមកតម្កល់នៅវត្តថ្មីគឺវត្តប្រាសាទរលំជ្រៃ តាំងពីជំនាន់ព្រះវិហារសង់អំពីឈើ (សាឡំ) មកម្ល៉េះ ហើយជំនឿបារមីព្រះអង្គធំដ៏ស័ក្ដិសិទ្ធិនេះ មានតមកជិត ២០០ ឆ្នាំហើយ។
(ពុទ្ធរូបអង្គធំដ៏ស័ក្ដិសិទ្ធិពីបុរាណតម្កល់នៅវត្តប្រាសាទរលំជ្រៃ)
ចំណែកឯប្រាសាទបន្ទាយទ័ព វិញមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះពីផ្លូវ ជាតិលេខ ៥៦ ចម្ងាយប្រមាណ ៤ គីឡូម៉ែត្រ តាមខ្លោងទ្វារវត្តសុខសាន្តបន្ទាយទ័ព ឬចម្ងាយចេញពីទីរួមស្រុកថ្មពួកប្រហែល ១០ គីឡូម៉ែត្រ និងចម្ងាយពីវត្តប្រាសាទរលំជ្រៃ ប្រមាណ ១១ គីឡូម៉ែត្រ។
បើតាមការរៀបរាប់ប្រាប់ពីលោក គិត សុគួន ជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយទ័ពគឺជាសមិទ្ធផលចុងក្រោយនៃស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលវត្ថុធាតុដើមធ្វើពីថ្មភក់ កសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយមានការយកលំនាំរចនាប័ទ្មពីសំណង់ប្រាសាទកំពូល ៥ ដូចជាប្រាសាទអង្គរវត្ត ហើយការកសាងឡើងក្នុងគោលបំណងឧទ្ទិសដល់វិញ្ញាណក្ខន្ធនៃកងទ័ពរបស់ព្រះអង្គ ដែលបានពលីជីវិត កាលពេលធ្វើសង្គ្រាមជាមួយនគរចំប៉ា នៅឯខេត្តសៀមរាប។
(ប្រាសាទបន្ទាយទ័ព ត្រូវបានកសាងឧទ្ទិសដល់វិញ្ញាណក្ខន្ធកងទ័ព)
មគ្គុទ្ទេសក៍រូបនេះបានឲ្យដឹងទៀតថា៖ «នៅក្នុងពេលបច្ចុប្បន្ន ប្រាសាទនេះ មិនសូវមានទេសចរស្គាល់ ហើយក៏មិនសម្បូរអ្នកមកលេងដែរ ដោយសារតែខ្វះការផ្សព្វផ្សាយ។ សំណង់ប្រាសាទ ក៏ត្រូវបានទ្រុឌទ្រោមជិតអស់ តែនៅពេលថ្មីៗនេះខាងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចាត់ក្រុមការងារបច្ចេកទេស រៀបចំឡើងវិញជាបណ្តើរៗដែរ»៕
(សំណង់ប្រាសាទ មានសភាពទ្រុឌទ្រោម លើពំនូកថ្មបុរាណ)
(ព្រះវិហារនៅវត្តប្រាសាទរលំជ្រៃ កំពុងស្ថិតក្នុងការសាងសង់)
ថតរូបដោយ៖ លោក ផា លីណា
ប្រភព៖ ភ្នំពេញប៉ុស្តិ៍