ចម្លាក់កងទ័ពបុរាណខ្មែរដ៏អង់អាច ស្ថិតនៅវត្តអង្គរភ្នំខ្លុង​​ ខេត្ត​កោះកុង

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩​ | វប្បធម៌ | 0 |
ចម្លាក់កងទ័ពបុរាណខ្មែរដ៏អង់អាច ស្ថិតនៅវត្តអង្គរភ្នំខ្លុង​​ ខេត្ត​កោះកុង ចម្លាក់កងទ័ពបុរាណខ្មែរដ៏អង់អាច ស្ថិតនៅវត្តអង្គរភ្នំខ្លុង​​ ខេត្ត​កោះកុង

តាមទំនៀមទម្លាប់ខ្មែរចាប់តាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្ន យើងតែងតែឃើញមានការតុបតែងលម្អជុំវិញ​បរិវេណ​ទីសក្ការៈ​នានា មិនថាជាទីសក្ការៈសម្រាប់ព្រហ្មញសាសនា ព្រះពុទ្ធសាសនា ឬសាសនាផ្សេងៗនោះទេ។ ជាក់ស្ដែងនៅ​តាម​ប្រាសាទ​បុរាណ​ដែលភាគច្រើន ជាសំណង់សម្រាប់គោរពបូជាដល់ព្រហ្មញសាសនា និងវត្តអារាម ដែលជាសំណង់សម័យក្រោយ សម្រាប់​គោរព​បូជាដល់ព្រះពុទ្ធសាសនា យើងឃើញមានការសាងសង់នូវរូបសំណាក់ផ្សេងៗនៅក្នុងបរិវេណជុំវិញ ក៏ដូចជាតាមរបង កាំជណ្ដើរ ច្រក ឬ​ខ្លោងទ្វារចេញចូលផងដែរ។

រូបសំណាក់ដែលគេនិយមប្រើនៅតាមទីសក្ការៈបូជា ភាគច្រើនជាពពួកសត្វទេពដូចជា នាគ ហង្ស គ្រុឌ រាជសីហ៍ គុជសីហ៍ និងពពួកទេព ឬយក្សជាដើម។ ប៉ុន្តែនៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង​ពីសំណាក​មហាជនចំពោះសំណង់មួយ​នៅវត្ត​សិលារតនារាម ដែលបានរចនាលម្អកាំជណ្ដើរដោយរូបសំណាក់កងទ័ពបុរាណខ្មែរដ៏អង់អាច និងយ៉ាងល្អប្រណិតថែមទៀតផង។

រូបសំណាក់កងទ័ពបុរាណខ្មែរ ដែលមានលក្ខណៈរឹងមាំ ឈរជាពីរជួរតម្រៀបគ្នាពីកាំជណើ្តរនៅជើងភ្នំឡើងមកដល់ព្រះវិហារនៅលើភ្នំ ដោយមានមេទ័ពពីររូបដឹកនាំនៅខាងមុខនេះ គឺមានទីតាំងស្ថិតនៅវត្តសិលារតនារាម​ ហៅវត្តអង្គរភ្នំខ្លុង​ ក្នុងស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង។ ចំពោះសំណង់រូបសំណាក់កងទ័ពជាង១០០ ដែលមានមាឌមាំ និងកម្ពស់ប្រហែលជា ៣ម៉ែត្រនេះ ត្រូវ​បាន​គណនីហ្វេសប៊ុក​ឈ្មោះ បងយ៉ុង ជាង ចម្លាក់ ធ្វើការថត និងបង្ហោះចែកចាយជាច្រើនសន្លឹក ដែលវាអាចជាស្នាដៃសាងសង់របស់គាត់ក៏ថាបាន។

ក្រោយពីបានឃើញរូបសំណាក់កងទ័ពបុរាណខ្មែរនេះ លោកអ្នកច្បាស់ជាលាត់មាត់ស្ញើចសរសើរចំពោះស្នាដៃរបស់ជាង ក៏ដូចជា​គំនិត​ច្នៃ​ប្រឌិត​​ថ្មីប្លែករបស់វត្តអារាមមួយនេះជាក់ជាមិនខាន។ យើងទាំងអស់គ្នាពិតជាគាំទ្រចំពោះ​ការសាងសង់រូបសំណាក់​បុរាណខ្មែរ​បែបនេះ​នៅតាមទីសក្ការៈ ក៏ដូចជាតាមរមណីយដ្ឋាននានាផងដែរ។ អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ