ក្បាច់គុនប្រដាល់សេរីរបស់ខ្មែរ មានតាំងពីសម័យ…
ក្បាច់យុទ្ធគុនប្រដាល់សេរី ត្រូវបានហ្វឹកហាត់តាំងពីសម័យបុរាណ នៅអាស៊ីអគ្នេយ៍។ នៅក្នុងតំបន់អង្គរទាំងទ័ព និងរាស្រ្តសាមញ្ញ ត្រូវបានហ្វឹកហាត់រៀនដោយជនជាតិខ្មែរ។ ក្បាច់យុទ្ធគុននេះ ត្រូវបានគេជឿជាក់ថា ជាប្រព័ន្ធវាយប្រយុទ្ធរបស់ទ័ពខ្មែរនាសម័យអង្គរ និងមូលហេតុមួយទៀត ដែលអាណាចក្រខ្មែរបានវាយគ្រប់គ្រង តំបន់អាស៊ីអគ្នេយ៍។ ជាក់ស្តែងភស្តុតាងរូបចម្លាក់នៅប្រាសាទបាយ័ននិងដ៏ទៃទៀតនៅប្រាសាទអង្គរវត្ត បានបង្ហាញថា ក្បាច់គុនប្រដាល់សេរីខ្មែរ មានតាំងពីសតវត្សទី៩ មកម្ល៉េះដែលប្រភពដើមជារបស់ខ្មែរ។
ក្រោយមកដោយសារការឈ្លានពានលុកលុយ លួចប្លន់ និង បំផ្លិចបំផ្លាញពីទ័ពសៀម (ថៃ) នៅក្រុងអង្គរ បណ្តាលឲ្យភាគច្រើន នៃគម្ពីរក្បាច់យុទ្ធគុនប្រដាល់សេរីខ្មែរ ត្រូវបានបំផ្លិចបំផ្លាញ និងយកធ្វើជារបស់ពួកគេ ហើយថែមទាំងចាប់ខ្មែរជាឈ្លើយ និង រាជវង្សានុវង្សខ្មែរ ទៅក្រុងអយុធ្យា។
តាមការស្រាវជ្រាវប្រវត្តិក្បាច់កីឡាប្រដាល់បុរាណខ្មែរ (ប្រដាល់សេរី) ជាកីឡាមួយប្រភេទ ដែលគេរៀបចំប្រកួតក្នុងពិធីធំៗ ដូចជាបុណ្យប្រពៃណីជាតិ បុណ្យចូលឆ្នាំ ជូនកាលគេប្រកួតថ្វាយស្តេចទត និងប្រកួតជ្រើសរើស មេទ័ព អង្គរក្ស ពលសេនាកងវាំង។ ភាគច្រើនគេតែងតែរៀបចំពិធីប្រកួតនៅរដូវប្រាំង ពេលដែលកសិកររួចការងារស្រែចំការ។
កាលណោះការប្រកួតគ្នាកីឡាករស្លៀកតែខោខ្លីលើជង្គង់ ហើយគ្មានស្រោមដៃទេ គឺគេយកអំបោះឆៅទៅរុំម្រាមដៃតែ៣ទេ គឺម្រាមចង្អុលម្រាមកណ្តាល និងម្រាមនាងដៃ។ គួរបញ្ជាក់ដែរថា ម្រាមកណ្តាល គេត្រកួញរុំឱ្យបានខ្ពស់ជាងគេ។ ពេលខ្លះគេពាក់សម្បកខ្ចៅ នៅចុងកណ្តាប់ដៃទៀតផង ដើម្បីឱ្យគូប្រកួតឆាប់របួស។
ការប្រកួតនោះអ្នកចាញ់ជួនកាលអាចមានរហូតដល់ស្លាប់ឯណោះ អ្នកឈ្នះគ្មានទោសអ្វីឡើយ ហើយអ្នករៀបចំការប្រកួតត្រៀមរួចជាស្រេចនូវមឈូស អាចារ្យ ព្រមទាំងរង្វាន់សម្រាប់អ្នកឈ្នះ។ ហើយការប្រកួតមាន ៥ទឹក ដូចសព្វថ្ងៃនេះដែរ។ ការប្រកួតនោះ គេយកធូបមកអង្កន់ជាប្រាំកំណាត់មួយកំណាត់ គឺមួយទឹក ។ ក្បាច់ប្រដាល់បុរាណខ្មែរមានលក្ខណៈទន់ភ្លន់ តែរឹងមាំរហ័សរហួន និងមានសភាពសាហាវក្នុងការវាយទៅលើគូប្រកួត។
ប្រភព៖wordpress.com