អ្នកដឹងទេថាប្រាសាទបាយ័នមានតួប៉មនិងមុខពោធិសត្វញញឹមប៉ុន្មាន??
ប្រាសាទបាយ័នជាប្រាសាទដ៏ធំស្កឹមស្កៃមួយស្ថិតនៅកណ្តាលទីក្រុងបុរាណអង្គរធំ និងស្ថិតក្នុងតំបន់អង្គរនៃប្រទេសកម្ពុជា ដែលតំបន់អង្គរនេះត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩២។ ប្រាសាទបាយ័នត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ និងត្រូវបានសាងសង់តាមបែបរចនាបថសម្រាប់ពុទ្ធសាសនា ដោយបែរមុខទៅទិសខាងកើត និងបែរខ្នងទៅទិសខាងលិច។
ប្រាសាទបាយ័នគឺជាប្រាសាទនៃរាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៧ និងសាងសង់ឡើងសម្រាប់ឧទ្ទិសដល់ពុទ្ធសាសនាមហាយាននៅក្នុងអាណាចក្រខ្មែរ ដែលខុសប្លែកពីប្រាសាទជាច្រើនទៀតដែលសាងសង់ឡើងដោយជនជាតិខ្មែរ។ ប៉ុន្តែបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ ចូលទិវង្គត លក្ខណៈនៃប្រាសាទត្រូវបានកែប្រែតាមជំនឿសាសនារបស់ស្តេចសោយរាជ្យក្រោយៗ។ ដូចនេះហើយលក្ខណៈរបស់ប្រាសាទក៏មានធាតុសាសនាហិណ្ឌូ និងពុទ្ធសាសនាថេរវាទ ដែលនេះមិនមែនជាផ្នែកនៃប្លង់ដើមរបស់ប្រាសាទឡើយ។ យ៉ាងណាក៏ដោយ ការរួមបញ្ចូលគ្នានូវរចនាបថផ្សេងៗគ្នានេះបានធ្វើឱ្យប្រាសាទនេះកាន់តែមានភាពស្រស់ស្អាតនិងបង្កប់នូវអាថ៌កំបាំងជាច្រើន។
ប្រាសាទបាយ័នមានកំពូលប៉មចំនួន៥៤ និងមុខពោធិសត្វញញឹមជាង២០០មុខដែលហាក់ដូចជាកំពុងមើលមកមនុស្សគ្រប់គ្នា និងភ្ញៀវទាំងអស់ប្រកបដោយទឹកមុខស្ងប់ស្ងាត់ និងផ្តល់ពរជ័យ។ រាល់អ្នកដែលបានធ្វើដំណើរទៅដល់ទីនេះ តែងទទួលនូវអារម្មណ៍បែបនេះ។ មុខទាំងនេះត្រូវបានសាងសង់ជាក្រុមមានមុខបួនដែលមានការរចនាស្ទើរតែដូចគ្នាទាំងស្រុង និងបែរទៅរកទិសសំខាន់ៗទាំងបួន ដែលនេះជានិមិត្តរូបនៃសព្វវត្តមាន(វត្តមានគ្រប់ទីកន្លែង)របស់ម្ចាស់មុខ(ពោធិសត្វ ឬស្តេច)។
គេជឿថាមុខទាំងនេះតំណាងឱ្យមុខរបស់ពោធិសត្វអវលោកស្វរៈដែលជាពោធិសត្វក្នុងពុទ្ធសាសនាមហាយាន។ អ្នកជំនាញជាច្រើនអះអាងថា លក្ខណៈនៃទឹកមុខដែលបិទភ្នែក និងញញឹមប្រកបដោយភាពអាថ៌កំបាំងនេះគឺតំណាងឱ្យការត្រាស់ដឹង និងភាពស្ងប់ស្ងាត់ប្រាសាទបាយ័នត្រូវបានសាងសង់មានប្លង់បីជាន់ ដែលគេអាចចូលតាមច្រកថេវតូចមានពន្លឺចូលទៅដល់តិចតួច។ លក្ខណៈនេះធ្វើឱ្យនៅខាងក្នុងប្រាសាទនៅតែមានភាពត្រជាក់ បើទោះបីជានៅខាងក្រៅមានអាកាសធាតុក្តៅខ្លាំងនៅរដូវក្តៅក៏ដោយ។
គួរបញ្ជាក់ថា ដូចគ្នានឹងប្រាសាទអង្គរវត្តដែរ ប្រាសាទបាយ័នគឺពោរពេញដោយចម្លាក់ដែលបង្ហាញនូវរូបភាពជារឿងទេវកថា ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជីវភាពរស់នៅរបស់ប្រជារាស្រ្ត។ ក្រៅពីនេះ ប្រាសាទបាយ័ននៅមានលក្ខណៈពិសេសជាច្រើនទៀតពាក់ព័ន្ធនឹងសំណង់ប្រាសាទ គោលបំណងនៃការសាងសង់ និងអត្ថន័យនៃស្នាមញញឹមនៃមុខទាំងបួនជាដើម។
ប្រភព៖ Ancient-code