សំណង់ប្រាសាទឯកភ្នំមានអាយុកាលប្រហាក់ប្រហែលនឹងអង្គរវត្តនៅលើទឹកដីបាត់ដំបង
ជារឿយៗក្រុមភ្ញៀវទេសចទាំងឡាយនៅពេលបានឆ្លងកាត់ទឹកដីនៃខេត្តបាត់ដំបងហើយនោះ គឺកម្រនឹងមានការខកខានឈៀងចូលទៅទស្សនា កម្សាន្តសំណង់ប្រាសាទបុរាណមួយ ដែលមានរចនាបថនិងអាយុកាលដ៏យូរលង់ដែលប្រហាក់ប្រហែលទៅនឹងអាយុកាលនៃសំណង់ប្រាសាទអង្គរវត្តដែរគឺប្រាសាទឯកភ្នំ។ ប្រាសាទឯកភ្នំ គឺជាសំណង់ប្រាសាទបុរាណដ៏ប្រណីតមួយរបស់ខេត្តបាត់ដំបង ខណៈដែលប្រាសាទនេះ តាំងនៅភូមិចុងឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ គឺមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីរួមខេត្ត ហើយគេក៏អាចទៅទស្សនាប្រាសាទនេះបានដោយការធ្វើដំណើរទៅតាមផ្លូវជាតិលេខ ៥ ពីក្រុងបាត់ដំបង តាមផ្លូវឆ្ពោះទៅទិសដៅក្រុងសិរីសោភ័ណផងដែរដោយពេលចេញពីទីរួមខេត្តបាន ៧ គីឡូម៉ែត្រ ហើយបត់ចូលតាមក្លោងទ្វារវត្តត្រាង នៅខាងស្តាំដៃក៏បាន។
សព្វថ្ងៃនេះ ប្រាសាទឯកភ្នំ ត្រូវបានទទួលរងបាក់ស្រុត ទ្រុឌទ្រោមខ្លាំង ដោយអន្លើក៏ព្រោះតែបាតុភូតធម្មជាតិ និងអាយុកាលចាស់នៃប្រាសាទមួយនេះ ហើយក៏កំពុងត្រូវទទួលបានការការពារថែរក្សា យ៉ាងដិតដល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងខាងមន្ទីរវប្បធម៌ខេត្ត។ ប្រាសាទឯកភ្នំនេះស្ថាបនាឡើងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងឆ្នាំ ១០២៧ នៃរជ្ជកាលស្តេចព្រះបាទសូរ្យវរ្ម័នទី ១ (១០០២-១០៥០) នាសម័យមហានគរ ឬសម័យអង្គរ ដែលកសាងឡើងដើម្បីឧទិ្ទសថ្វាយចំពោះព្រះអាទិទេពព្រហ្មញ្ញសាសនា។
លោក ក្រិន សុគន្ធ ជាឆ្មាំប្រាសាទឯកភ្នំ បានឲ្យដឹងថា៖ «ប្រាសាទឯកភ្នំ ស្ថិតនៅក្នុងបរិវេណវត្តមួយមានឈ្មោះថា «វត្តឯកភ្នំ» ដែលជារមណីយដ្ឋានដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស នាពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវកាលភ្ជំបិណ្ឌ។ ប្រជាជនខ្មែរភាគច្រើនតែងនិយមទៅលេងវត្ត និងប្រាសាទនេះ ដូចជាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ធ្វើពិធីស្រង់ព្រះ និងពូនភ្នំខ្សាច់ជាដើម។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋទាំងអស់ក៏មានលេងល្បែងប្រជាប្រិយកម្សាន្តផ្សេងៗតាមប្រពៃណីវប្បធម៌ខ្មែរទៀតផងដែរនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ»។
ប្រាសាទដ៏ចំណាស់មួយនេះ មានរាង ៤ ជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើត លើខឿនមួយមាន ២ ថ្នាក់ និងមានថែវព័ទ្ធជុំវិញ ខណៈដែលតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀម ហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញ នៅខាងត្បូងប្រាសាទនៅសល់គូទឹក ដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសម្រាប់ព្រះសង្ឃប្រើប្រាស់។ ពេលថ្មីៗនេះ មានការសាងសង់ព្រះពុទ្ធបដិមាធំមួយ ដែលខ្ពស់ជាងប្រាសាទនេះ។ ដោយសារការសាងសង់ពុទ្ធបដិមានោះនៅក្នុងគូទឹក នឹងខ្ពស់ជាងប្រាសាទបែបនេះ ធ្វើឲ្យមានបញ្ហាចម្រូងចម្រាស មិនចុះសម្រុងគ្នារវាងខាងគណៈកម្មការវត្តឯកភ្នំ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបបណ្តាលឲ្យពុទ្ធបដិមានោះត្រូវបញ្ឈប់ការស្ថាបនាវិញ។
គេឃើញមានក្បាច់ចម្លាក់ជាច្រើនដ៏រស់រវើកគួរឲ្យចង់ចូលទស្សនា ដោយមានរូបចម្លាក់ព្រះឥសូរអង្គុយលើយានជំនិះគោនន្ទិ ជាមួយនឹងមហេសី ព្រះឥន្ទ្រអង្គុយលើដំរី ចម្លាក់រឿងកូរសមុទ្រទឹកដោះ ដែលមានតួអង្គច្រើនក្រុមដូចជា ក្រុមទេវតា និងយក្សទាញពស់នាគ កំពុងដណើ្តមយកទឹកអម្រឹតយកទៅផឹកបានជីវិតអមតៈដូចនៅប្រាសាទអង្គរ។
លោកក្រិន សុគន្ធបានឲ្យដឹងពីអត្ថន័យនៃឈ្មោះប្រាសាទឯកភ្នំផងដែរ ដោយលោកលើកឡើងថា៖ «បើតាមការដឹងតៗគ្នាមក ប្រាសាទនេះ មានន័យថា ជាប្រាសាទដែលល្អប្លែក ឬល្អឯក»៕
ប្រភព៖postkhmer.com