តើអ្នកធ្លាប់លេងល្បែងស្ដេចចង់ឬល្បែងអៀវ ដែរទេ?
ល្បែងស្ដេចចង់ ជាល្បែងមួយយ៉ាង ដែលពួកកុមារា កុមារី ជំទង់ៗគ្រប់ភូមិ-ស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិនកំណត់។ ពេលលេងគេចែកគ្នាជា ២ ពួក ប្រុសមួយពួក ស្រីមួយពួក។ ក្នុងបណ្ដាអ្នកទាំងពីរពួកនោះ គេតាំងប្រុសឬស្រីម្នាក់ឲ្យធ្វើជាស្ដេច ឲ្យអង្គុយនៅទីមួយចំកណ្ដាលទី លើកៅអី ឬលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។
របៀបលេង៖ ការអ្នកធ្វើស្ដេចអង្គុយលើទីដីសមគួរមួយហើយ ខាងស្រីគេឲ្យស្រីម្នាក់ដើរចូលទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧបមារថាឈ្មោះ ក ឬ ខ ខ្សឹបហើយគេថយមកអង្គុយ ឬក៏មកឈរនៅកន្លែងដើមវិញ។ ខាងប្រុសគេឲ្យប្រុសម្នាក់ដើរចូលទៅរកស្ដេចដែរ ប្រសិនជាមិនចំឈ្មោះដែរគេខ្សឹបទុកជាមុនទេ ក៏ហីទៅ តែបើប្រុសដែលមកនោះ ចំលើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា “អៀវៗ” ហើយឲ្យស្រីនោះជិះប្រុសនោះតម្រង់ទៅរកកន្លែងគេ កំពុងជិះគេស្រែកថា “អៀវៗ” ហើយគេបញ្ជិះទៅចុះនៅកន្លែងខាងស្រី។ រួចហើយខាងប្រុសគេឲ្យខាងប្រុស គេម្នាក់ចូលទៅខ្សឹមម្ដង បើប្រុសនោះចូលខ្សឹមថា ខ្ញុំស្រលាញ់នាងណាមួយ ឧបមាថាឈ្មោះ “ខ” ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់ឈ្មោះ “ខ” ចូលទៅមែន ស្ដេចស្រែកថា “អៀវៗ” ហើយឲ្យប្រុសនោះជិះស្រីនោះ ស្រែកថា “អៀវៗ” ដូចគ្នា។ បានសេចក្ដីថា បើខាងណាចូលទៅខ្សឹបថា ខ្លួនស្រលាញ់ឈ្មោះ “ក” ហើយបែរជាឈ្មោះ “ខ” ចូលមករកស្ដេចវិញ នោះស្ដេចមិនឲ្យអ្នកខ្សឹបជិះឬ អៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឲ្យម្ខាងចូលទៅខ្សឹបជាថ្មីទៀត។ ចេះតែផ្លាស់គ្នាតាមរបៀបនេះរហូតដល់ពេលយប់។
អ្នកដែលធ្វើស្ដេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌។ ល្បែងនេះស្រេចលើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេចប្រកបដោយអគតិ ចង់ឲ្យអ្នកណាជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅខ្សឹបថា ស្រលាញ់ឈ្មោះ “ក” ហើយទោះបីឈ្មោះ “ខ” ចូលមក ស្ដេចស្រែកថា “អៀវៗ” ក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយមិនបានឮអ្នកមុនចូលទៅខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀបលេងលំអៀងបែបនេះ អ្នកលេងណាដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំគេឲ្យសុំប្ដូរអ្នកធ្វើស្ដេចបាន ប្រសិនបើអ្នកធ្វើស្ដេចប្រកបដោយសច្ចៈនិងយុត្តិធម៌ នោះការលេងនោះទៀងទាត់ណាស់។
ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្សឲ្យប្រកបដោយសច្ចៈនិងយុត្តិធម៌ មិនឲ្យប្រកបដោយអគតិ (សេចក្ដីលំអៀង) ៤ យ៉ាងគឺ សច្ចៈគតិ លំអៀងព្រោះស្រលាញ់, ទោសាគតិ លំអៀងព្រោះខឹង,ភយាគតិ លំអៀងព្រោះខ្លាច,មោហោគតិ លំអៀងព្រោះភ័ន្តច្រឡំ។ ម្យ៉ាងទៀត ជាការបង្ហាត់មនុស្សឲ្យចេះជ្រើសតាមគ្នា ឲ្យធ្វើជាតំណាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះជ្រើសរើសរកនរណា ដែលគេយល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ៕
ប្រភព៖khmeread.com