ស្នាព្រះហស្ថរបស់ព្រះអង្គដួងបន្សល់ទុកសម្រាប់ប្រទេសខ្មែរ មានដូចជា…
ព្រះអង្គដួង ប្រសូតនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ ស្តេចអង្គអេង(១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយទៅគង់នៅប្រទេសសៀម ជាង១ទសវត្ស។ ព្រះអង្គដួង ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៨៤១ ដែលយើងអាចទុកថា ព្រអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទិវង្គតនៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួននៅខែធ្នូ ឆ្នាំ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមក ព្រះអង្គដួងវិញ។ ព្រះអង្គដួង បានទទួលពិធីរាជាភិសេក នៅឧដុង្គ នាថ្ងៃទី៧ មីនា ១៨៤៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ”ព្រះបាទ សម្តេចព្រះហិររក្សា រាមាឥស្សរាធិបតី ព្រះស្រីសុរិយាពណ៌ បរមសុរេន្រ្ទា មហាចក្រពត្រាធិរាជ បរមរាថ…”។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំង បង្កើតស្ថាបន័ផ្នែកសង្គមកិច្ច ពោលគឺ ប្រជារាស្រ្តក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និងឆាន់ប្រចាំថ្ងៃ។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្តិភាព ក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្រ្កាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះអង្គដួង បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយព្រះអង្គផ្ទាល់ ជាអធិបតីលើតុលាការទី២ នេះ។ ចាប់ពីឆ្នាំ ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។
ព្រះអង្គដួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គ ចាប់ផ្តើមឲ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គ បញ្ជាឲ្យមន្រ្តីកេណ្ឌប្រជាជន ឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំង ឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្រ្តស្រែចំការដឹកជញ្ជូនភោគផលទៅដល់ កំពង់ផែភ្នំពេញ។ ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណៈប្រតិភូ មានមន្រ្តីសេនាបតីខ្មែរ ២រូប ទៅគាល់ស្តេចសៀម នៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីសូមឲ្យស្តេចសៀមបញ្ជូនមកស្រុកខ្មែរវិញ នូវព្រះសង្ឃមួយអង្គ ដែលមានចំណេះខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រះនាមព្រះមហាប៉ាន ព្រមទាំងសូមឲ្យយកទាំងគម្ពីរព្រះត្រៃបដិក មកផង។ បានសេចក្តីថា ពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកកម្ពុជា ចាប់ពីពេលនោះមក។
ជនជាតិបារាំងម្នាក់ឈ្មោះ ហង់រី មូហូត បានជួបស្តេចអង្គដួងរវាងឆ្នាំ ១៨៥៨ ហើយបានសរសេរពីរូបសម្បត្តិ ព្រះអង្គដួងថា៖ “ព្រះអង្គ ប្រមាណ ៦០ព្រះវស្សា មានព្រះកាយទាប ធាត់ក្រអាញ ព្រះកេសាខ្លី។ ទឹកព្រះភ័ក្រ្ត បង្ហាញប្រាជ្ញាញ្ញាណវាងវៃ និងមានសមានចិត្តល្អ”។ ព្រះអង្គដួង បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រះចេញពីការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ។ ព្រះអង្គ បានចូលទិវង្គតនៅឆ្នាំ១៨៦០។ ព្រះអង្គ មានបុត្រពីរអង្គ បានឡើងគ្រងរាជ្យបន្តបន្ទាប់ ស្នងព្រះអង្គ។ ព្រះបាទ អង្គដួង ជារាជឧិសេសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា។ តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ថព្រះអង្គមាន រឿងកាកី និពន្ធនៅឆ្នាំ១៨១៥ ច្បាប់ស្រី នៅឆ្នាំ១៨៣៧។
ប្រភព៖ប្រវត្តិសាស្រ្តកម្ពុជា និង វរជន ខ្មែរ