ប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងដើម្បី…

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងដើម្បី… ប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងដើម្បី…

ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែល​បាន​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងតែឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។ ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹង​ក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។

ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋ​រាង​៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្មញ្ញសាសនា និងខាងជើង​ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ” ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទ​បន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌‌ផ្កាឈូក។

មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះ​បាន​ទទួល​ការកោតសរសើរ​ពី​ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ “រឿងរាមកេរ្តិ៏ខែ្មរ” មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។ប្រាសាទបន្ទាយ​ស្រី​ស្ថិត​នៅ​ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ ៣៩គីឡូ​ម៉ែត្រភាគ​ខាង​ជើង​ទី​រួម​ខេត្ត​សៀម​រាប ឃ្លាត​ពីស្រះស្រង់ ២៧គីឡូម៉ែត្រនិង​មាន​ចំងាយ​៣២គីឡូម៉ែត្រ​ពីប្រាសាទអង្គរវត្តតាមផ្លូវ ​ឆ្ពោះទៅ​ ភ្នំគូលេន ។

តាម​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​អាណា​ចក្រ​ខ្មែរ​បាន​កត់​ត្រា​​ថា ប្រា​សាទ​បន្ទាយ​ស្រី​បាន​កសាង​ឡើង​ក្នុង​គ្រិស្ត​សករាជ ៩៦៧ ក្នុង​រជកាល​ព្រះបាទរាជេន្រ្ទវរ្ម័នគឺ ​មុន​ការ​កសាងប្រាសាទអង្គរវត្ត​ និង​​​អង្គរធំ ដោយ​​ព្រហ្មណ៍​ម្នាក់ឈ្មោះ​ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់​ព្រហ្មញ្ញសាសនា ។ ប្រាសាទ​បន្ទាយ​ស្រី​ធ្វើ​ពី​ថ្ម​ភក់ពណ៌​ស៊ី​ជម្ពូ និង​រំលេច​ដោយ​​ទេព​អប្សរ​ចំនួន១៥០០ ដែល​ទេពអប្សរ​ទាំង​អស់​សុទ្ធ​តែ​ខុស​គ្នា ហើយ​លើស​ពីនេះ​សិលា​ចារឹក ផ្កា​ភ្ញីនៅ​ប្រា​សាទ​បន្ទាយ​ស្រីមានក្បាច់​ល្អ​លើស​ពី​ក្បាច់​ចម្លាក់នៅ​លើ ​ប្រាសាទអង្គរវត្តទៅទៀតគឺ ​ដូច​ជា​ក្បាច់​ដែល​បាន​ឆ្លាក់​លើ​ប្រាក់​លើ​ ស្ពាន់​​ដូច្នេះ​ដែរ ។

ប្រភពរូប៖ flickr.com

បញ្ចេញមតិ
ស្លាក