ប្រាសាទតោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទរាប់រយដែល…

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ប្រាសាទតោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទរាប់រយដែល… ប្រាសាទតោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទរាប់រយដែល…

ប្រាសាទតោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនរាប់រយទៀតនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥ Km ពីទីរួមខេត្ត។ ប្រាសាទ តោ សាងសង់នៅលើដីរាបស្មើមានទំហំ ៣ ហិកតា ដែលប្រាសាទនេះសង់ពីថ្មបាយគ្រៀម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ននៃគ.ស ៦១៦-៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយទៅដល់កិត្តិនាមព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនាកាលពីសម័យនោះ។

ប្រាសាទតោ ត្រូវបានសាងសង់ឡើងនៅក្នុង សតវត្សរទី ៩ ដោយព្រះបាទជ័យវរ្ម័នទី ២ ជារាជា មួយអង្គដែលបានស្ថាបនាសន្តតិវង្សអង្គ ពោលគឺសាងសង់ក្រោយក្រុមប្រាសាទសំបូរ និងប្រាសាទយាយព័ន្ធ ដែលបានសាងសង់នៅក្នុងសតវត្សទី ៧ នៅពេលស្តេចអង្គនេះបានគ្រប់គ្រងប្រទេសទាំង មូល។ ទីតាំងនេះក៏ជាផ្នែកមួយនៃទឹកដីរបស់ ព្រះអង្គដែរ ហើយទ្រង់បានសាងសង់ប្រាសាទនេះ ដើម្បីជានិមិត្តរូបនៃឬទ្ធានុភាពអំណាចរបស់ព្រះអង្គ ផ្ទាល់ផងដែរ។

ប្រាង្គប្រាសាទកណ្តាលនៃប្រាសាទតោ គឺជាសំណង់នៅល្អតែមួយគត់ក្នុងក្រុមប្រាសាទទាំងនេះ ប៉ុន្តែកាលពីដើមមានប្រាសាទធ្វើពីឥដ្ឋ ឬថ្មបាយគ្រៀមសង់ព័ទ្ធជុំវិញប្រាង្គប្រាសាទកណ្តាល ដែលបច្ចុប្បន្ននេះបានដួលរលំស្ទើរតែទាំងស្រុងអស់ទៅហើយ និងបានក្លាយជាទួលប្រាសាទទៅវិញ។ ប្រាង្គ ប្រាសាទកណ្តាលមានកម្ពស់រហូតដល់ទៅ ២០ ម៉ែត្រឯណោះហើយមេទ្វារត្រូវបានឆ្លាក់ក្បូរក្បាច់រចនា ជាលក្ខណៈភ្ញីស្លឹកឈើ ដែលឆ្លុះបញ្ចាំងពីរចនាបទ គូលេន នៅពាក់កណ្តាលទីមួយនៃសតវត្សរទី ៩។

លក្ខណៈសម្គាល់នៃរូបចម្លាក់តោ ដែលនៅ សង្ខាងកាំជណ្តើរមានភាពស្រដៀងគ្នាទៅនឹងចម្លាក់ តោនៅភ្នំគូលេនដែរ យោងតាមរយៈភស្តុតាងនេះ បង្ហាញថា ប្រាសាទតោត្រូវបានសាងសង់ឡើងនៅ ពេលតែមួយដំណាលគ្នាទៅនឹងការស្ថាបនា សន្តតិវង្សក្រុងអង្គរដូច្នោះឯង ម៉្យាងរូបចម្លាក់តោ ដែលបានឃើញនៅប្រាសាទនេះមានខ្លួនទាបជំហររឹង មាំទឹកមុខព្រមជាមួយនឹងរោមរួញកន្តាញ់គួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។

សព្វថ្ងៃប្រាសាទតោ ជាប្រាសាទមួយក្នុងចំណោមប្រាសាទពីរសំខាន់បំផុតនៅក្នុងខេត្តកំពង់ធំក៏ដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែលត្រូវបានគេផ្តោតចំណាប់អារម្មណ៍សាជាថ្មីឡើងវិញ។

ប្រាសាទនេះ កំពុងតែទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យទៅទស្សនា ព្រោះជាប្រាសាទមួយបែរមុខទៅទិសខាងត្បូង ខុសឆ្ងាយពីប្រាសាទផ្សេងៗ ដែលបែរមុខទៅទិសខាងកើត។ នៅមុខប្រាសាទនេះ មានរូបតោ២ កំពុងស្រែកបង្ហាញពីកម្លាំងនិងឥទ្ធិពលរបស់ប្រាសាទនេះ។ រូបសំណាក់តោនេះដែរ គេសង្កេតឃើញថាហាក់ខុសប្លែកពីតោធម្មតា តែបើក្រឡេកមើលឱ្យច្បាស់ទៅ គេគិតថាវាជាសំណង់ដូចទៅនឹងតោនៅលើភ្នំគូលែនដែរ ដោយហេតុនេះហើយបានជាមានគេគិតថាសំណង់នេះ ធ្វើឡើងស្របពេលជាមួយសំណង់នៅភ្នំគូលែន។

ប្រាសាទតោ សាងសង់នៅលើដីរាបស្មើ ដែលប្រាសាទនេះសង់ពីថ្មបាយក្រៀម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សទី៩ ពោលគឺសំណង់នេះសងក្រោយក្រុមប្រាសាទផ្សេងៗនៅតំបន់សំបូរព្រៃគុកទេ ដែលសាងសង់ឡើងតាំងពីសតវត្សទី៧។

មិនមានសេសសល់សិលាចារឹកណាមួយទាក់ទងនឹងប្រាសាទនេះឱ្យបានក្បោះក្បាយឡើយ ខណៈដែលឈ្មោះប្រាសាទតោនេះ គឺដោយសារតែអ្នកភូមិឃើញមានតោនៅពីមុខប្រាសាទទើបបានជានាំគ្នាដាក់ឈ្មោះថាប្រាសាទតោដូច្នេះទៅ៕

ប្រភពរូប៖ FB Page Alvinography

បញ្ចេញមតិ