តើអ្នកធ្លាប់ស្គាល់(ខ្លោងទ្វារខ្មោច)ក្នុងចំណោមខ្លោងទ្វារទាំង៤នៃអង្គរធំដែរឬទេ?

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
តើអ្នកធ្លាប់ស្គាល់(ខ្លោងទ្វារខ្មោច)ក្នុងចំណោមខ្លោងទ្វារទាំង៤នៃអង្គរធំដែរឬទេ? តើអ្នកធ្លាប់ស្គាល់(ខ្លោងទ្វារខ្មោច)ក្នុងចំណោមខ្លោងទ្វារទាំង៤នៃអង្គរធំដែរឬទេ?

ខ្លោងទ្វារជ័យ (ទិសខាងកើត) ៖ ខ្លោងទ្វារខាងកើតមួយ ស្ថិតនៅចំផ្លូវខាងមុខព្រះពន្លាកិត្តិយសនៃព្រះលានជល់ដំរី បានប្រើប្រាស់សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ព បន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ ដូច្មេះខ្លោងទ្វារនោះត្រូវបានគេហៅថា ខ្លោងទ្វារជ័យ។
ខ្លោងទ្វារខ្មោច (ទិសខាងកើត) ៖ ខ្លោងទ្វារខាងកើតមួយផ្សេងទៀត ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័ន​មានមុខងារ​សម្រាប់​ដង្ហែរ​សាកសព​របស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច។

ខ្លោងទ្វារទន្លេអ៊ុំ (ទិសខាងត្បូង) ៖ ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនាម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹម (ថ្ងៃរះ) ទល់ព្រលប់ (ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមានភាពមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ ព្រោះគូរទឹកទាំងពីរនេះត្រូវបានគេប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុំទូក ដើម្បីរំលឹកអំពីការធ្វើចម្បាំងឈ្នះមកលើទ័ពជើងទឹករបស់កងទ័ពចាមនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។

ខ្លោងទ្វារតាកៅ (ទិសខាងលិច )​ ៖ ខ្លោងទ្វារខាងលិចត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បាន​ប្រព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារ ដោយជីរណ្តៅកប់និងយកដីឬថ្មកប់ក្របពីលើ (ឯកសារ ជីវ តាក្វាន់) បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារតាកៅ។

ខ្លោងទ្វារដីឆ្នាំង (ទិសខាងជើង) ៖ ខ្លោងទ្វារខាងជើងត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែរក្បួន ព្យុះហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសុំសេចក្តីប្រទានទោស ប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។ ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោសចំពោះអ្នកមានទោសស្រាលធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។ ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅម្ដុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម។

ប្រភព៖wikipedia.org រូបភាព credit by @PiakPhoto

បញ្ចេញមតិ
ស្លាក