សម្រស់ដ៏ទាក់ទាញរបស់រមណីយដ្ឋានធម្មជាតិល្បាក់ខោនឬទឹកធ្លាក់សុភមិត្រ
ស្ទឹងត្រែង គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាមានចំងាយ៤៤៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧។ ទោះបីខេត្តនេះ ពុំសូវមានរមណីយដ្ឋានវប្បធម៌ក៏ពិតមែន តែសម្បូរដោយរមណីយដ្ឋានធម្មជាតិមានព្រៃព្រឹក្សា ព្រែក ស្ទឹង ទន្លេ ដែលពោរពេញទៅដោយល្បាក់ទឹកហូរ ជ្រោះទឹកធ្លាក់ ពពួកសត្វស្លាប សត្វព្រៃនានា និងជាតំបន់មច្ឆជាតិពងកូនដ៏សម្បូរបែបសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត និងមកលំហែកាយស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធទៀតផង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយនៅលើទឹកដីខេត្តនេះ គឺស្ពានមិត្តភាពកម្ពុជា-ចិន ហៅស្ពានសេកុងមានប្រវែង១.០៥៧ម៉ែត្រ ឆ្លងកាត់ក្រុងស្ទឹងត្រែងឆ្ពោះទៅព្រំដែនឡាវ។ នេះជាការផ្តល់នូវសក្តានុពលមួយដល់តំបន់នេះសម្រាប់ការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមស្ពាននេះបន្តទៅ មុខប្រមាណជា៦០គីឡូម៉ែត្រទៀត នឹងបានឃើញរមណីយដ្ឋានមួយឈ្មោះថា ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ ស្ថិតនៅទន្លេមេគង្គក្នុងភូមិសាស្ត្រឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ និងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧នៅសល់ប្រហែល២០គីឡូម៉ែត្រពីព្រំ ដែនឡាវ ហើយបត់ឆ្វេងតាមផ្លូវលំរហូតដល់ឃុំអូរស្វាយ រួចជិះទូកសហគមន៍ទៅកាន់ឃុំព្រះរំកិលដែលនៅទីនោះមានផ្ទះ សំណាក់សម្រាប់បម្រើដល់ភ្ញៀវផងដែរ។ អ្នកទេសចរទាំងឡាយដែលបានស្នាក់នៅក្នុងសហគមន៍នឹងបានឃើញ ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់អ្នកភូមិ ជាពិសេសទៅទៀតសហគមន៍របស់គេនឹងនាំភ្ញៀវធ្វើដំណើរកំសាន្ត គយគន់សម្រស់ធម្មជាតិរហូតដល់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់ល្បាក់ខោន ឬសុភមិត្រ ដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃមាតុភូមិកម្ពុជាត្រូវបាន គេស្គាល់យ៉ាងច្បាស់ថា ទីនោះជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាម ថ្មដាដែលមានកម្ពស់រហូតដល់២៦ ម៉ែត្រ ហើយក៏ជាព្រំសីមានៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវដែរ។ នៅរដូវវស្សាពេលកម្រិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកំលាំងខ្លាំងជាទីបំផុតបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទនៃទឹកពេញនភាល័យអមដោយសន្ធឹកទឹកធ្លាក់ឮខ្ទរ ញ័រអស់ប្រឹថពី។ ចំណែកនៅរដូវប្រាំងវិញល្បឿននៃទឹកហូរធ្លាក់មានការថមថយមកនៅត្រឹមចន្លោះផ្ទាំងថ្មរដិបរដុបដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និងស្រួចតាមធម្មជាតិ ធ្វើឱ្យផ្ទៃលំហនៃទីតាំងទឹកធ្លាក់នោះបានក្លាយជាទីវាលថ្មចំរុះពណ៌គួរជាទីគយគន់ក្រៃលែង។
លោកហួត វុទ្ធរ៉ា ជាបុគ្គលិកនៅក្រុមហ៊ុន Explore-asia បានឱ្យដឹងថា ការធ្វើដំណើរកំសាន្តទៅកាន់កន្លែងទឹកធ្លាក់សុភមិត្រ គឺពិបាកបន្តិចដោយសារផ្លូវតូចចង្អៀត និងមានចំងាយ៨គីឡូម៉ែត្រពីភូមិអន្លង់ផ្សោតដោយអាចជិះកង់ ឬម៉ូតូបានតែ៥គីឡូម៉ែត្រប៉ុណ្ណោះ ហើយ៣គីឡូ ម៉ែត្រត្រូវធ្វើដំណើរដោយថ្មើរជើងដោយសារមានអូរធំមួយមិនអាចយកកង់ ឬម៉ូតូឆ្លងកាត់បាន។ ចំណែកឯភ្ញៀវទេសចរទៅទីនោះត្រូវ តែវេចចំណីអាហារទៅជាមួយពីព្រោះនៅទីនោះ ពុំមានអ្នកលក់នំចំណីទេ។
តាមរយៈសៀវភៅមគ្គុទេសក៍ភូមិភាគឦ សានកម្ពុជាបង្ហាញថា កាលពីអតីតកាលកម្រមានអ្នកទេសចរធ្វើដំណើរមកកំសាន្តនៅល្បាក់ខោននេះណាស់ ទើបតែប៉ុន្មានឆ្នាំថ្មីៗនេះមានក្រុមទេសចរចាប់ផ្តើមធ្វើដំណើរកំសាន្ត មកកាន់ ទីនេះ ប៉ុន្តែនៅមានចំនួនតិចនៅឡើយ ហើយភាគច្រើនពួកគេជាអ្នកស្រាវជ្រាវ។ ក្រុមអ្នកទេសចរចូលចិត្តធ្វើដំណើរទៅទីនោះដោយថ្មើរជើងជាងតាមទូក ព្រោះនៅរដូវប្រាំងតំបន់ល្បាក់ខោនគោក ចំណែកនៅរដូវវស្សាកន្លែងនោះ គឺជាតំបន់ទឹកធ្លាក់ហូរកួចឃើញផ្ទៃទឹកល្វឹងល្វើយហូរកាត់លើផ្ទៃ ទឹកទន្លេមេគង្គទាំងមូល។
កញ្ញាលួន ធានី អនុប្រធានមន្ទីរទេសចរណ៍ទទួលបន្ទុកផ្នែកព័ត៌មានផ្សព្វផ្សាយសេវាកម្ម ឧស្សាហកម្មទេសចរណ៍បានបញ្ជាក់ឱ្យដឹងកាលពី ថ្ងៃទី៦ តុលា ថា ទឹកធ្លាក់សុភមិត្រ គឺជាទឹកធ្លាក់មួយធំជាងគេនៅប្រទេសកម្ពុជា ព្រមទាំងមាន ទេសភាពធម្មជាតិដូចជាព្រៃភ្នំធំៗ និងមានសត្វព្រៃជាច្រើនប្រភេទផងដែរ។ សព្វថ្ងៃក៏ដូចជា ពេលអនាគតដ៏ខ្លីកន្លែងនេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ មួយអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនទាំងភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនានៅទីនេះ ដូច្នេះចាំបាច់ណាស់ យើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរជាងនេះ។
ជាការពិតណាស់ស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងតំបន់ដ៏មានសក្តានុពលនេះនៅមានបញ្ហាខ្លះៗទាក់ទងនឹង ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពាន ពុំទាន់មានការរៀបចំឱ្យក្លាយទៅជាកន្លែងរមណីយដ្ឋានដើម្បីបម្រើវិស័យទេសចរណ៍នៅឡើយទេ ដោយសារគ្មានផ្លូវទៅដល់ទីនោះ។ ស្ថានភាពធ្វើដំណើរទៅទស្សនារបស់ភ្ញៀវនាពេលបច្ចុប្បន្នអាចធ្វើ ទៅបានតែនៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា ឬខែឧសភា ហើយមធ្យោបាយធ្វើដំណើរ គឺប្រើទូក និងថ្មើរជើង។
ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយជួយរកប្រាក់ ចំណូលយ៉ាងច្រើន និងជួយកាត់បន្ថយភាពក្រីក្រផងនោះ ក្នុងនាមមន្ទីរទេសចរណ៍ខេត្ត ស្ទឹងត្រែងក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុង ឃុំព្រះរំកិល សូមសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់មេត្តាយកចិត្តទុកដាក់ក្នុងការស្វែងរកក្រុមហ៊ុន ឬអ្នកវិនិយោគដើម្បីមកអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍ មួយប្រកបដោយភាពទាក់ទាញជួយឱ្យប្រជាជន ដែលរស់នៅតាមបន្ទាត់ព្រំដែនមានមុខរបរ ដើម្បីចិញ្ចឹមគ្រួសារតាមរយៈការអភិវឌ្ឍន៍តំបន់នោះផង៕
ប្រភព៖ កោះសន្តិភាព