សិលាចារឹកវត្តឧណ្ណាលោម នាចុង សតវត្សទី១៩ (ឆ្នាំ ១៨៩០គ.ស)

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
សិលាចារឹកវត្តឧណ្ណាលោម នាចុង សតវត្សទី១៩ (ឆ្នាំ ១៨៩០គ.ស) សិលាចារឹកវត្តឧណ្ណាលោម នាចុង សតវត្សទី១៩ (ឆ្នាំ ១៨៩០គ.ស)

ដោយសារសិលាចារឹកវត្តឧណ្ណាលោម មិនបានដាក់កាលបរិច្ឆេទនៃការចារក្នុងសមញ្ញាប័ដនេះនៅខាងដើម ដូចសិលាចារឹកនានា។ ប៉ុន្តែ បានចាររៀបរាប់អំពីសកម្មភាពទាំងឡាយ ចន្លោះពុទ្ធសករាជ ២៤១០ ដល់២៤៣៣ (គ.ស.1867 – 1890) ។ ដូច្នេះហើយ យើងខ្ញុំសូមកំណត់កាលបរិច្ឆេទយកត្រឹម ឆ្នាំក្រោយបង្អស់នៃការពិពណ៌នាសកម្មភាព ដោយគិតត្រឺម ព.ស.២៤៣៣ ដែលត្រូវនឹងគ្រិស្តសករាជ ១៨៩០ មកជម្រាបជូនលោកអ្នក ដូចតទៅ៖

#ការចម្លងតាមសិលាចារឹក_ដោយរក្សាអក្ខរាវិរុទ្ធបុរាណ

១. សុភមសឌៈ​ ព្រះពុទ្ធសករាជកនឡងទៅ ២៤១០ ឆ្នាំរោងសំរិទ្ធិសក្ស សម្ដេចព្រះមហាសំឃរាជ គុងវត្តឧណាឡោមបានសាងវិហារ
២. ឧណាឡោមម្ឌង ដលឆ្នាំរោងទោសក្ស ២៤២២ បានបដិសំខរណជួសជុលព្រះចេតិយត៏កុំពូល លាបបិតសំអិតសំអាងឡេិងជាថ្មីធ្វើ
៣. ឆាតប្ងាំពីលើ ឲកញាអគ្គមហាសែណាដេិមឈ្មោះ ប្រាក ជាអ្នកជួយទំនុកអំម្រុងការជួសជុល ដលឆ្នាំម្សាញត្រីសក្ស ២៤២៣
៤. ព្រះសិរិសុមង្គលាចារ៏លង្កាទ្វីបប្រេិមហាថេរមួ្យអង្គឈ្មោះឱណាថវិរិយ ឱយនាំ្មព្រះបរមសារិរិកធាតុមួ្យព្រះអង្គថ្វាយមកក្នំឆ្នាំម្សាញខែបុ-
៥. -ស អសនាហ្មិនមុក្ខមន្ត្រីធំតូចនៅអសប្រជារាសផងទ្ងាំហ្លាយ មានចិត្តត្រិកអរសាទរគ្រុព្វគ្នា ដលថ្ងៃ​ ១៣ កើតខែពិសាក្ខ បានរៀបសម្ពោ-
៦. -ធបូជាដោយគ្រេិងសការផ្សិង ៗ ហើយបាន​លៀងព្រះសង្ឃថ្វាយទៃយទានគ្រុព្វ ៣ថ្ងៃ ដលថ្ងៃពេញបូរមីខែពិសាក្ខដង្ហែព្រះ​បរមធាតុ
៧. ប្រទក្ខសិណបន្ចុះក្នំព្រះចេតិយធំ ដលឆ្នាំមមេបញ្ចសក្ស ២៤២៥ បានរេិវិហារ​ចាសផ្លាសធ្វើវិហារជាថ្មីធំទូលាយជាងវិហារចាសបាន
៨. រៀបករបាលង្កធ្វើជាថ្មីរេច្ចណាក្បូរក្បាចលាបបិតមាសដំកលព្រះជីធំក្នុងព្រះវិហារ ឲកញាសវ្វាតភោគាដេិមឈ្មោះសាមហូជាអ្នកជួយ


៩. ធ្វើ ដលឆ្នាំចអដ្ឋសក្ស ២៤២៧ នៅថ្ងៃ ១៣ កើតខែពិសាក្ខបានរៀបបន្ចុះសេមាអភិសេកព្រះឆ្លងវិហារព្រមទ្ងាំអសនៅថ្ងៃពេញបូរមី
១០. ខែពិសាក្ខ ដលឆ្នាំថោះត្រីសក្ស ២៤៣៣ បានសាងព្រះចេតិយទ្ងាំគូរខាងមុខក្ខ​ព្រះចេតិយធំ ស្អិតស្អាងគូរវាសលាបបិតមាសស្រាចហើយ
១១. បានសាងសិទ្ធព្រះជិនរូបស្នងអង្គមួ្យព្រះអង្គទំម្ងុន ៤ហាប ដំកលទុកក្នុងព្រះចេតិយខាងថ្បូង ឲកញានារាធិរាជដេិមឈ្មោះបក​សាងសិទ្ធមួ-
១២. -យព្រះអង្គស្នងគុណមាតាទំម្ងុន ៤ហាប ដំកលទុក្ខក្នុងព្រះចេតិយខាងជើង ហើយបានបដិសំខរណជួសជុលព្រះពុទ្ធសេយ្យាសលើមាតទ្វារ
១៣. ព្រះចេតិយធំ លាបដុះខាតបិតមាសអភិសេកព្រមគ្នាទ្ងាំ ៣ ព្រះអង្គសង្គាយនាឆ្លាងនៅថ្ងៃពេញបូរមីខែពិសាក្ខជាសូរេច នៅឆ្នាំមមីចត្វា-
១៤. -សក្ស ២៤២៥ បានសាងវត​ប្រជុំសាគរ ដលឆ្នាំកុរមហាថេរមួ្យឈ្មោះ រតនសារ ន្មាំដេិម ព្រះពោធិព្រិក្សពីព្រះអង្គ​មក​ថ្វាយ​ មួយដាំ
១៥. វតទុមវតី មួយព្រះអង្គដលឆ្នាំជូតបន្ចុះសេមា វត្តប្រជុំសាគរបានដង្ហេទៅនៅថ្ងៃ៦ កើតខែពិសាក្ខ​ដាំហើយសម្ភោធឆ្លងព្រមនិងសេមា។

សុភមស្តុៈ ព្រះពុទ្ធសករាជកន្លងទៅ២៤១០ ឆ្នាំរោងសំរិទ្ធិស័ក សម្តេចព្រះមហាសង្ឃរាជ គង់វត្តឧណ្ណាលោម បានសាងវិហារឧណ្ណាលោមម្តង។
ដល់ឆ្នាំរោង ទោស័ក ព.ស២៤២២ បានបដិសំខរណៈ[ជួសជុល]ព្រះចេតិយដល់កំពូល លាប បិត សម្អិតសម្អាងឡើងជាថ្មី ធ្វើឆ័ត្របាំងពីលើ [ដោយ]ឧកញ៉ាអគ្គមហាសេនាដើមឈ្មោះប្រាក់ ជាអ្នកជួយទំនុកបម្រុង[ក្នុង]ការជួសជុល។
ដល់ឆ្នាំម្សាញ់ ត្រីស័ក២៤២៣ (ទំនងជា សម័យសម្តេចព្រះមហាសង្ឃរាជព្រះនាម ទៀង ឬ សុវណ្ណកេសរៈ) ព្រះសិរីសុមង្គលាចារ្យលង្កាទ្វីប (ជាសង្ឃនាយកនៅលង្កាទ្វីប) ប្រើមហាថេរមួយអង្គឈ្មោះ ឱណាថវីរិយ(នាថវិរិយ) ឲ្យនាំព្រះបរមសារីរិកធាតុមួយព្រះអង្គ មកថ្វាយក្នុងឆ្នាំម្សាញ់ ខែបុស្ស អស់នាហ្មឺនមុខមន្ត្រីធំតូច នូវអស់ប្រជារាស្ត្រផងទាំងឡាយ មានចិត្តត្រេកអរសាទរគ្រប់គ្នា។ ដល់ថ្ងៃ១៣កើត ខែពិសាខ បានរៀបសម្ពោធបូជាដោយគ្រឿងសក្ការផ្សេងៗ ហើយបានលៀងព្រះសង្ឃថ្វាយទេយ្យទានគ្រប់៣ថ្ងៃ ដល់ថ្ងៃពេញបូរមី ខែពិសាខ ដង្ហែព្រះបរមធាតុ ប្រទក្សិណបញ្ចុះក្នុងព្រះចេតិយធំ។
ដល់ឆ្នាំមមែ បញ្ចស័ក២៤២៥ បានរើវិហារចាស់ផ្លាស់ធ្វើវិហារជាថ្មី ធំទូលាយជាងវិហារចាស់ ។បានរៀប ក បល្ល័ង្ក ធ្វើជាថ្មីរចនាក្បូរក្បាច់លាប បិតមាស តម្កល់ព្រះជីធំក្នុងព្រះវិហារ។ ឧកញ៉ាសវាតភោគា ដើមឈ្មោះ សាមហូ ជាអ្នកជួយ ធ្វើ។
ដល់ឆ្នាំច អដ្ឋស័ក២៤២៧ នៅថ្ងៃ១៣កើត ខែពិសាខ បានរៀបបញ្ចុះសីមា អភិសេកព្រះ ឆ្លង វិហារព្រម[សមិទ្ធិ]ទាំងអស់។ នៅថ្ងៃពេញបូរមី ខែពិសាខ។


ដល់ឆ្នាំថោះ ត្រីស័ក២៤៣៣ បានសាងព្រះចេតិយទាំងគូរ ខាងមុខព្រះចេតិយធំ ស្អិតស្អាងគូសវាស លាប បិតមាស ស្រេចហើយ បានសាងសិតព្រះជិនរូបស្នងអង្គ ១ព្រះអង្គទម្ងន់៤ហាប តម្កល់ទុកក្នុងព្រះចេតិយខាងត្បូង។ ឧកញ៉ា នារាធិរាជ ដើមឈ្មោះ បក សាងសិតមួយព្រះអង្គ សងគុណមាតាទម្ងន់ ៤ហាប តម្កល់ទុកក្នុងព្រះចេតិយខាងជើង ដោយបានបដិសំខរណៈ[ជួសជុល] ព្រះពុទ្ធសេយ្យាសន៍[ផ្ទុំ] លើមាត់ទ្វារព្រះចេតិយធំ លាប ដុសខាត់ បិតមាស អភិសេក ព្រមគ្នាទាំង៣។ ព្រះអង្គសង្គាយនាឆ្លង នៅថ្ងៃពេញបូរមីខែពិសាខ ដារសម្រេច។
នៅឆ្នាំមមី ចត្វា ស័ក ព.ស.២៤២៥ បានសាងវត្តប្រជុំសាគរ។
ដល់ឆ្នាំកុរ មហាថេរមួយឈ្មោះ រតនសារៈ នាំដើមព្រះពោធិព្រឹក្ស ពីរព្រះអង្គ មកថ្វាយមួយ[ដើមដាំនៅវត្តនេះ][និង]ដាំ[នៅ]វត្តបទុមវតី មួយព្រះអង្គ [ទៀត]។
ដល់ឆ្នាំជូត បញ្ចុះសីមា វត្តប្រជុំសាគរ បានដង្ហែទៅ នៅថ្ងៃ៦កើត ខែពិសាខ ដាំហើយសម្ពោធឆ្លងព្រម[គ្នា]នឹង[បញ្ចុះ]សីមា៕

ប្រភព៖កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ

បញ្ចេញមតិ