ហេតុអ្វីបានជាមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ?
ដោយមើលឃើញនូវភាពច្របូកច្របល់ផ្នែកការបកស្រាយ ទើបយើងសូមរំលឹកប្រភព និងកាលបរិច្ឆេទនៃបុណ្យភ្ជុំបិណ្ឌឡើងវិញ ដោយសង្កត់ទម្ងន់លើចំណុចខ្លះតែប៉ុណ្ណោះ។ ទោះបីទិន្នន័យទាំងនេះមិនមែនជារឿងថ្មីថ្មោងក្តី ក៏ប៉ុន្តែអាចបំពេញកង្វះខាតផ្នែកអត្ថន័យខ្លះៗ ។ ការណ៍ដែលពុទ្ធសាសនិកខ្មែររមែងតែងតែប្រារព្ធបុណ្យភ្ជុំបិណ្ឌ បណ្តាលមកពីរឿងព្រេងមួយបែបពុទ្ធនិយម ដែលមានខ្លឹមសារដោយសង្ខេបដូចតទៅ ៖
ក. ប្រភពនៃបុណ្យភ្ជុំបិណ្ឌ
ក្នុងអតីតកាលដ៏យូរលង់ មានញោមញាតិរបស់ព្រះបាទពិម្ពិសារ សុទ្ធសឹងតែជាពុទ្ធបរិស័ទទាំងអស់ ប្រកបដោយទឹកចិត្តជ្រះថ្លា ។ ពួកគេបានបំពេញទានមិនស្រាកស្រាន្តឡើយ តែការណ៍ដែលពួកគេមិនបានទទួលនូវបុគ្គលផល គឺដោយសារតែទង្វើរបស់ពួកគេមិនមានលក្ខណៈបរិសុទ្ធ ពីព្រោះថា ពួកគេស៊ីបាយលោកសង្ឃ ។ ដូច្នេះហើយក្រោយទទួលមរណកាលទៅ ពួកគេក៏បានក្លាយជាប្រេត ហើយសោយទុក្ខសោកក្នុងនរកអវចី យ៉ាងវេទនាជាទីបំផុត ។ មិនតែប៉ុណ្ណោះសោត ពួកគេរស់ស្ថិតក្នុងសេចក្តីស្រេកឃ្លាន ភាពរសេះរសោះខ្លួនប្រាណដោយភ្លើងរោលហើយទុក្ខព្រួយគ្មានទីបញ្ចប់ ។
បន្ទាប់មកលុះដល់ព្រះសមា្មសម្ពុទ្ធអង្គព្រះនាមកុកសន្ធោ បានត្រាស់ដឹងជាព្រះពោធិសត្វ ពួកប្រេតទាំងនោះបានបបួលគ្នាសួរព្រះអង្គ តើថ្ងៃណាទៅពួកគេនឹងមានម្ហូបអាហារនឹងទទួលទានឲ្យគ្រប់គ្រាន់ ឆ្អែតឆ្អន់ ។ សំនួរដូចគ្នាក៏ត្រូវបានសួរទៅកាន់ព្រះពោធិសត្វទាំង៤អង្គទៀត ដូចជា ព្រះកោនាគមនោ ព្រះកស្សបោ ជាដើម តែពុំបានទទួលនូវចម្លើយជាវិជ្ជមានទេ ។
រីឯព្រះបាទពិម្ពិសាវិញទ្រង់រមែងតែធ្វើបុណ្យទាននៅវត្តវេលុវ័ន្ត ដូចសព្វដង តែមិនបានផ្សព្វផ្សាយឲ្យពពួកប្រេត ដែលត្រូវញោមញាតិដឹងឮឡើយ ដោយហេតុថា ទ្រង់ពុំបានជ្រាបនូវហេតុការណ៍ទាំងនោះសូម្បីតែបន្តិចបន្តួច ។ ក្រោយពីព្រះពុទ្ធអង្គមានព្រះពុទ្ធដីការទូលប្រាប់ទ្រង់នូវហេតុផល ទើបទ្រង់បានចាត់ចែងឲ្យមានការធ្វើបុណ្យទានឲ្យពពួកប្រេតទាំងនោះ ហើយពួកគេក៏បានទទួលផលក្រោយពីអនុមោទនា ។ ពួកគេក៏បានទៅកើតក្នុងទិព្វវិមានប្រកបដោយសេចក្តីសុខក្សេមក្សាន្តជា រៀងរហូត ។
ខាងលើនេះគឺជាមូលហេតុដែលនាំឲ្យពុទ្ធបរិស័ទខ្មែរប្រារព្ធបុណ្យ ភ្ជុំបិណ្ឌ ។ ដូចពោលខាងលើដោយមូលហេតុនេះហើយទើបកូនចៅញាតិញោមរមែងតែយកនំចំណី ម្ហូបអាហារ ទៀនធូប សំពត់អាវយកទៅអនុមោទនាជូនប្រេតទាំងនោះ រហូតតទៅដល់៧វត្ត ជារៀងរាល់ថ្ងៃ ពោលគឺពីថ្ងៃ ១រោច ដល់ ១៥រោច និងមានសែនព្រេនថ្ងៃចុងក្រោយ ដើម្បីជូនដំណើរពួកគេទៅកាន់ប្រភពដើមវិញ ។
ខ. កាលបរិច្ឆេទ
ខ្មែរនាអតីតកាលក៏ដូចជាបច្ចុប្បន្នដែរ រមែងតែងប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌដោយមានម្ហូបអាហារ ស្បង់ស្បៃ សំពត់ នារនោចនៃខែជារៀងរាល់ថ្ងៃពីថ្ងៃទី១ រោច ដល់ថ្ងៃទី ១៥រោច នៅក្នុងខែភទ្របទ ។
ហេតុដូចម្តេចបានជាគេបានជ្រើសរើសថ្ងៃរនោចដូច្នោះ ?
ការណ៍ដែលយើងយកកាលបរិច្ឆេទនេះមកធ្វើវិភាគ យើងអាចសន្មតបានថា ថ្ងៃរនោចនេះមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់អំពីអត្ថន័យរបស់បុណ្យភ្ជុំបិណ្ឌ ពីព្រោះថា ការតាំងបរិច្ឆេទនេះ អាចផ្តល់ឲ្យយើងមិនបំភ្លេចចោលរូបភាពនៃបុណ្យភ្ជុំបិណ្ឌ។ ម្យ៉ាងវិញទៀតការដែលបុព្វការីជនខ្មែរបានយកថ្ងៃរនោច មកកំណត់ពេលវេលា ដើម្បីប្រារព្ធពិធីកម្មនៃបុណ្យភ្ជុំបិណ្ឌខាងលើនេះ គឺបណ្តាលមកពីពួកគេសង្កេតឃើញថា នាពេលនោះពន្លឺព្រះច័ន្ទកាន់តែហោចទៅៗ ហើយពេលវេលាយប់កាន់តែងងឹតទៅបន្តិចម្តងៗទៅ ។ពេលនេះ ជាពេលវេលាមួយដ៏សមស្របបំផុត សម្រាប់ស្តេចមច្ចុរាជ ធ្វើការដោះលែងពួកប្រេត ឲ្យឡើងរកស៊ីនៅស្ថានមនុស្សលោក ។ ផ្នែកនិមិត្តរូបភាព យើងឃើញថាពួកប្រេតដែលជាមនុស្សអាក្រក់ មានបាបកម្មតំណាងឲ្យភាពអវិជ្ជាល្ងង់ខ្លៅ ឬភាពងងឹតតែងតែខ្លបខ្លាចនឹងពន្លឺ ឬថ្ងៃ ដែលតំណាងការត្រាស់ដឹង ឬវិទ្យា ឬក៏ពុទ្ធិ ។
ដើម្បីសម្របតាមជំនឿ ឬទស្សនៈនេះទើបខ្មែរ ធ្វើបុណ្យឧទ្ទិសបុណ្យកុសលឲ្យពួកប្រេត ដែលជាញោមញាតិជាសន្តាន នៅពេលយប់នៅតាមវត្តអារាម បើពុំដូច្នោះទេពួកគេនឹងទទួលនូវការក្តៅក្រហាយ ប្រទេចផ្តាសាររស់មិនសុខសប្បាយឡើយ ។ ជាសេចក្តីសន្និដ្ឋានយើងសូមលើកជាសំនួរថា តើពិធីបុណ្យភ្ជុំបិណ្ឌក្នុងសង្គមខ្មែរបច្ចុប្បន្ន ពិសេសនៅក្នុងពេលបច្ចុប្បន្នសុទ្ធសឹងតែជាប្រពៃណី បែបពុទ្ធនិយមមកពីឥណ្ឌាឬយ៉ាងណា ? ។ ការវិភាគស៊ីជម្រៅនូវពិធីកម្មខាងលើនេះបង្ហាញថា ទំនៀមទម្លាប់នេះមិនមែនសុទ្ធតែជារបស់ឥណ្ឌាទេ ។ ក្នុងករណីខ្លះគេសង្កេតឃើញមានលក្ខណៈជាជីវចលនិយមខ្មែរ ដែលជាវប្បធម៌ របស់ប្រជាជនខ្មែរយ៉ាងប្រាកដ ហើយជួនកាលទៀតមានលក្ខណៈជាខ្មែរ ។ នេះក៏ជាសញ្ញាបង្ហាញឲ្យឃើញថា បុណ្យភ្ជុំបិណ្ឌមានលក្ខណៈជាសកលដែរ ដោយហេតុថា ពាក់ព័ន្ធទៅនឹងការគោរពបូជានូវបុព្វការីជន ៕
ប្រភព៖ប្រវត្តិសាស្រ្ត នឹង អរិយធម៌ ខ្មែរ