កំណត់​ហេតុ​របស់​ជីវតា​ក្វាន់ ​អំពី​ប្រ​ពៃ​ណី​នៃ​អ្នក​ស្រុក​ចេន​ឡា (ភាគទី១) ៖ យោ​បល់​របស់​អ្នក​បក​ប្រែ

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
កំណត់​ហេតុ​របស់​ជីវតា​ក្វាន់ ​អំពី​ប្រ​ពៃ​ណី​នៃ​អ្នក​ស្រុក​ចេន​ឡា (ភាគទី១) ៖ យោ​បល់​របស់​អ្នក​បក​ប្រែ កំណត់​ហេតុ​របស់​ជីវតា​ក្វាន់ ​អំពី​ប្រ​ពៃ​ណី​នៃ​អ្នក​ស្រុក​ចេន​ឡា (ភាគទី១) ៖ យោ​បល់​របស់​អ្នក​បក​ប្រែ

កំណត់​ហេតុ​របស់​ជីវតា​ក្វាន់​អំពី​ប្រ​ពៃ​ណី​នៃ​អ្នក​ស្រុក​ចេន​ឡា ​ដែល​មិត្ដ​អ្នក​អាន​កំពុងកាន់​នៅ​ដៃ​នេះ​​ពិត​ជា​ឯកសារ​ពិសិដ្ឋ​មួយ​នៃ​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​យើង​។ ​សៀវភៅ​ប្រវត្ដិវិទ្យា​​ឫ​​អត្ថបទ​សិក្សា​ណា​មួយ​ដែល​ស្ដី​ពី​ស្រុក​ខ្មែរ​មិន​ដែល​ចន្លោះ​ឈ្មោះ​ឯកសារ​​ជីវ​​តា​ក្វាន់នេះ​ឡើយ​។ ​កូន​ខ្មែរ​គ្រប់​រូប​រៀន​ប្រវត្ដិ​ប្រទេស​របស់​ខ្លួន​មិន​ដែល​នរណា​មួយ​មិន​ស្គាល់ឈ្មោះ​​ជីវ​​តាក្វាន់​​ទេ ​ប៉ុន្ដែ​ការ​ដែល​យើង​ស្គាល់​នោះ​សុទ្ធ​តែ​ឮ​ពាក្យ​ត​ៗ​គ្នា​ កត់​ចម្លង​ត​ៗ​គ្នា ពី​សៀវ​ភៅ​មួយ​ទៅ​សៀវភៅ​មួយ​តាម​រយៈ​សៀភៅ​ដើម​ជា​ភាសា​បារាំង​ដែ​ល​លោក​​ ប៉ូល​​ប៉េល្លីយ៉ូ​ បាន​ប្រែ​សម្រួល​ចេញ​ពី​អត្ថបទ​ចិន​ហើយ​បោះ​ពុម្ពផ្សាយ​ដំបូង​ក្នុង​ព្រឹត្ដិប័ត្ដនៃ​ភាសា​បារាំង​នៅ​ចុង​បូព៌ា​​ Bulletin de ​l’ école Francaise ​d’ Extrème-Orient (BEFEO) ​ពីឆ្នាំ​១៩០២ ​​ហើយ​ក្រោយ​មក​ពេល​ដែល​លោក​​ប៉ូល​​ប៉េល្លីយ៉ូ​​ទទួល​មរណភាពទៅ​ លោក ​​ហ្សក សឺដេ ​ក៏​យក​ស្នាដៃ​នេះ​​មាន​ទាំង​អត្ថាធិប្បាយ​បន្ថែម​ក្បោះ​ក្បាយផង ទៅ​បោះពុម្ព​រួប​រួម​ជា​សៀវភៅ​មួយ​ឡើង​ពី​គ.ស​​១៩៥១​​។​​

លោក ​​ប៉េលី្លយ៉ូ​​ បាន​បញ្ជាក់ក្នុង​អារម្ភកថាៈ​ថា​លោក​បាន​ព្យាយាម​បក​ប្រែ​តាម​ការ​ស្រាវ​ជ្រាវ​រក​ឯកសារ​របស់ជីវ​​តាក្វាន់​​ដែល​មាន​លោក​​អាប់បែលរ៉េមុសាត៍បាន​ប្រែ​ផ្សាយ​ម្ដង​ហើយ​ពី​គ.ស​​១៨១៩ ​ប៉ុន្ដែ​មិន​ទាន់​គ្រប់​សព្វ​។ ​ខ្លួន​លោក​បាន​ទៅ​នៅ​ប្រទេស​ចិន​អស់​ច្រើន​ឆ្នាំ​ទើប​ប្រែ​បានជា​ស្នា​ដៃ​នេះ​។​​ យើង​ជា​ខ្មែរ​យើង​សូម​គោរព​អរគុណ​ពិសេស​ចំពោះ​លោក​អ្នក​ស្រាវ​ជ្រាវ​ជំនា​ញទាំង​នេះ​ទុក​ដូច​ជា​ជួយ​រើក​កាយ​​កំណប់​ដ៏​មាន​តម្លៃ​មួយ​ឱ្យ​យើង​ដែរ​។ ​​ប៉ុន្ដែ​ដោយ​លោក​អ្នក​ប្រែ​នោះ​ឯង ​មិន​មែន​ជា​ខ្មែរ​ម្លោះ​ហើយ​យើង​ចេះ​តែ​មាន​ចិត្ដ​តូច​មួយ​មមៃ​នឹក​ជា​និច្ច​ថា ប្រសិន​ជា​ខ្មែរ​ណា​ប្រែ​ចេញ​ពី​អត្ថបទ​ភាសា​ចិន​ផ្ទាល់​តែ​ម្ដង​យើង​ដូច​ជា​អស់​ចិត្ដ​ជាង ​ទោះ​បី​ការ​បក​ប្រែ​នោះ​មិន​ជ្រៅ​ជ្រះ​ឆ្អិន​ឆ្អៅ​ណាស់​ណា​ក៏​ដោយ​។

​​ខ្ញុំ​ធ្លាប់​បាន​រៀន​អក្សរ​ចិន​អស់​បួន​ឆ្នាំ​កាល​នៅ​ពី​ក្មេង​តែ​ភ្លេច​ភ្លាំង​ទៅ​វិញ​ស្ទើរ​គ្មាន​សល់​ នៅ​ចាំ​បាន​តែ​តួ​អក្សរ​ណា​ធ្លាប់​ប្រើ​ញឹក​ញាប់​និង​នៅ​ចេះ​សរសេរ​ចំឡង​តាម​គេ​កើត​។​ លុះ​ដល់​ឃើញ​សេចក្តី​ប្រែ​របស់​លោក​​ ប៉េល្លីយ៉ូ​​ ទាំង​ពាក្យ​ទាំង​អក្សរ​ចិន​មក​បញ្ជាក់​ផង ដូច​ជា​ឈ្មោះ​ស្រុក ​ឈ្មោះ​របស់​ឈ្មោះ​ការ​ផ្សាយ​ជា​ដើម​​ ខ្ញុំ​ក៏​ចេះ​តែ​កត់​ទុក​នូវ​អក្សរ​ចិន​ទាំង​នោះ​គ្រាន់​ជា​ឯកសារ​។

សំណាង​មាន​ នៅ​ឆ្នាំ ​១៩៦២ ​ខ្ញុំ​បាន​ទទួល​បេ​សក​កម្ម​មួយ​ខាង​វប្បធម៌ ​ឱ្យ​ខ្ញុំ​ដឹក​នាំ​​គណៈ​ប្រតិភូ​អ្នក​និពន្ធ​ខ្មែរ​ ទៅ​កាន់​ប្រទេស​ចិន​។ ខ្ញុំ​នឹក​ជាប់​ក្នុង​ចិត្ដ​ជា​និច្ច​ថា​ក្នុង​ដំ​ណើរ​នេះ​​ខ្ញុំ​នឹង​សាក​សួរ​គេ​រក​ឯកសារ​ស្នា​ដៃ​ជីវ​​តាក្វាន់ ​ឱ្យ​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្ដង​ បំណាច់​បាន​មក​ជាន់​ដី​ស្រុក​កំណើត ​ជីវ​​តាក្វាន់​ហើយ​។

នៅ​ពេល​ដែល​ខ្ញុំ​ជួប​សន្ទនា​ជា​មួយ​នឹង​រដ្ឋ​មន្រ្ដី​ក្រសួង​វប្បធម៌​ចិន​ដែល​កាល​នោះ​ជា​ប្រធាន​សមាគម​អ្នក​និពន្ធ​​​ចិន​ផង​នោះ ​ខ្ញុំ​បាន​ស្នើ​នឹង​គេ​អំពី​បំណង​ចង់​ឃើញ​​និង​​ចង់​ចម្លង​ឯកសារ ​ជីវ​​តាក្វាន់​​នេះ​។ រដ្ឋមន្រ្ដី​វប្បធម៌​នោះ​ឯង​ទទួល​រ៉ាប់​រង​បំពេញ​បំណង​ខ្ញុំ​។​ យប់​នោះ​ខ្ញុំ​អរ​ក្រៃ​លែង​​អរ​បន់​ឱ្យ​តែ​ភ្លឺ​ឆាប់នឹង​បាន​ទៅ​ទស្សនា​បណ្ណាល័យ​ជាតិ​របស់​គេ​​តែ​មិន​ទាន់​បាន​ទៅ​ភ្លាម​ទេ​ព្រោះ​មាន​កម្មវិធី​ទៅ​ទស្សនា​ទី​ឆ្ងាយ​ៗ​ពី​នេះ​សិន​។​ ទាល់​តែ​ប្រាំ​ថ្ងៃ​ក្រោយ​មក​ទើប​គេ​នាំ​ខ្ញុំ​ទៅ​កាន់​ទី​ទុក​ឯកសារ​នេះ​ដែល​គេ​ហៅ​ថា «​ផ្នែក​ខាង​សៀវ​ភៅ​កម្រ​»​ ស្ថិត​នៅ​​​​​ក្នុង​បណ្ណា​ល័យ​ជាតិ​ក្រុង​ប៉េ​កាំង​។ ​នាយក​បណ្ណាល័យ​នាំ​សហការី​គេ​ពីរ​នាក់​ទៀត​នៅ​រង់​ចាំ​ខ្ញុំ គឺ​នាយ​ផ្នែក​ខាង​សៀវ​ភៅ​កម្រ​និង​អ្នក​ឯកទេស​ខាង​ការ​ស្រាវ​ជ្រាវ​ប្រវត្ដិ​ចុង​បូព៌ា​ប្រទេស​ឈ្មោះ​​ទាស៊ីវម៉េង​ អាយុ​៦៩​ឆ្នាំ​។​ គឺ​លោក​ ទាស៊ីវម៉េង​​នេះ​ហើយ​ដែល​បាន​រើ​​​​សៀវភៅ​ក្រាស់​ៗ​មួយ​គំនរ​មក​ចាំ​បង្ហាញ​ខ្ញុំ​ដែល​សុទ្ធ​សឹង​ជា​សៀវភៅ​មានស្ដី​ទាក់​ទង​នឹង​ប្រវត្ដិសាស្រ្ដ​ខ្មែរ​ហើយ​សុទ្ធ​តែ​សៀវភៅ​ដែល​បោះពុម្ព​តាំង​ពីសតវត្ស​ទី​១៤​, ​១៥​,​១៦​និង ​១៧មក​ម្ល៉េះ​។​ គេ​សន្ទនា​នឹង​ខ្ញុំ​យ៉ាង​ច្រើនហាក់​ដូច​ជា​ចង់​ល្បង​ថា​តើ​ខ្ញុំ​ទទូច​រក​ឯកសារ​នេះ ជា​អ្នក​ចេះ​ដឹង​ខាង​ប្រវត្ដិ​ស្រុក​ទេស​មែន​ទែន​រឺ​ក៏​គ្រាន់​តែ​រក​ៗ​ទៅ​ទេ​?​ ជា​ភ័ព្វ​ល្អ​ខ្ញុំធ្លាប់បានមើលឯកសារច្រើន ស្ដីពីការទាក់ទងរវាងស្រុកទាំងពីរនេះ ហើយមុននឹងទៅស្រុកគេ ក៏ខ្ញុំបានកកត់ត្រាឯកសារនេះច្បាស់ៗទៀត ព្រោះបេសកកម្មខ្ញុំចំលើរឿងវប្បធម៌នេះ​ឯងផង ម៉្លោះហើយ ខ្ញុំឆ្លើយនឹងគេរហ័សហួនណាស់រហូតគូសន្ទនាទាំងបីនាក់​នោះនាំខ្ញុំទៅជួបនឹងបណ្ឌិតសភាខាងប្រវត្ដិសាស្រ្ដទៀត។

ក្នុងបណ្តាសៀវភៅក្រាស់ៗទាំងនេះមានខ្លះនិយាយពីស្រុកយើងតែ១រឺ ២ទំព័រប៉ុណ្ណោះ​​​​ទេមានតែមួយប៉ុណ្ណោះ ដែលមានសេចក្ដី​វែង​ក្បោះ​ក្បាយ គឺប្រវត្ដក្នុងរាជសន្ដិវង្ស ​​​​​​ម៉ុងហ្គោល ដែលមានមួយភាគធំនិយាយពីការចាត់អ្នកកត់ត្រាមកស្រុកចេនឡាគឺ​​​​​លោក ជីវតាក្វាន់​ នេះ​ឯង។ ខ្ញុំសុំចម្លងអត្ថបទនេះទាំងស្រុងដែលមានចំនួន៦៣ទំព័រ គេក៏ព្រមថតចម្លងអត្ថបទនេះឱ្យខ្ញុំ បានជាហ្វីលមួយខ្សែវែង។ លុះ​មក​ដល់​ស្រុកវិញ ខ្ញុំផ្ដិតចេញជាសន្លឹកអក្សរ ហើយអនិច្ចា! នៅតែអង្គុយមើលៗវាយសេចក្ដីមិនបែក​​​​សោះ។ ខ្ញុំបានយកអក្សរថតផ្ដិត​នេះបិទ​ធ្វើជា​សៀវភៅមួយហើយយកទៅតំកល់ទុក​នៅសមាគមអ្នកនិពន្ធខ្មែរ ព្រោះសង្ឃឹមក្រែងថ្ងៃក្រោយ មានលោកណាមួយក្នុងបណ្តា​អ្នកនិពន្ធ​អ្នក​ស្រាវជ្រាវអាចធ្វើការបកប្រែអត្ថបទនេះបាន។ ស្រាប់តែពីរឆ្នាំក្រោយមក បាត់សៀវភៅនោះជាអាសារបង់ទៅ សួររកដើមចុង​មិនឃើញ​ខ្ញុំ​នឹក​ថា : អ្នកដែលឆ្លៀត​​​បំបាត់សៀវភៅនេះពិតជាមានបំណងយកទៅធ្វើឯកសារផ្ទាល់រឺមួយលាក់កំបាំងកុំឱ្យ​​​យើងធ្វើការបកប្រែបាន។ តែសំណាងល្អខ្ញុំនៅសល់ហ្វីលក៏ផ្ដិតបានមួយច្បាប់ទៀត ហើយក៏ចាត់ចែងបកប្រែបោះពុម្ពអោយបាន ទោះមិនទាន់ហ្មត់ចត់​ក៏បាន​ជាផ្លូវ​សម្រាប់​អ្នកសិក្សាអ្នកស្រាវជ្រាវមួយផ្នែកធំដែរ។

មួយទៀតសំរាប់អ្នកសិក្សាបានជាប្រភពមួយ​ទៀតប្រៀបធៀបនឹងប្រភពដទៃៗផង។ ការបកប្រែនេះបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំងព្រោះ​ខ្ញុំត្រូវការពឹងរកអ្នកចេះអក្សរចិនហើយរបៀបចិនបុរាណទៀត ឯអ្នកចេះចិនសម័យថ្មី អាន​មិន​យល់ច្បាស់វាយសេចក្ដីពុំបានន័យឡើយ។ មិត្ដខ្ញុំម្នាក់ឈ្មោះ អ៊ឺង ឡាយ ជាអ្នក​​​និពន្ធប្រលោមលោកច្រើនរឿងដែរ តាំង​ពីឆ្នាំ១៩៥៥ – ៥៦​ ហើយតមកគាត់ជាអ្នកឯកទេសប្រែរឿងភាពយន្ដចិន ទោះជារឿងបុរាណដែលប្រើពាក្យជំនាន់ចាស់ៗក៏គាត់​​​​ធ្លាប់ជួបប្រទះ​គ្មានសល់​។ មិត្ដអ៊ឺងឡាយបានធានាជួយខ្ញុំពេញកម្លាំង។ លោកប្រែអត្ថបទ​​​នេះមួយចប់ឱ្យខ្ញុំហើយត្រង់ពាក្យណាពិបាកពេក​គាត់ដេញសួរទៅ​វចនានុក្រម​ចិន ហើយកត់ទាំងពាក្យពន្យល់ទុកអោយខ្ញុំផង។ មានមិត្ដខ្ញុំម្នាក់ទៀតឈ្មោះ ម៉ាអៀត ធ្លាប់ធ្វើជាគ្រូបង្រៀន​អក្សរខ្មែរ​នៅ​សាលាចិន​ក៏បានជួយបកប្រែខ្ញុំមួយចំណែកផ្សេង​ទៀតដោយអន្លើខ្លះ មិនបានចប់ចុងចប់ដើមទេ។

ខ្ញុំយកសំណៅបកប្រែទាំងពីរនេះ​​​​​មកមើលម្រួលកែកុនផ្សំបញ្ចូលគ្នាដោយផ្ទៀងផ្ទាត់ខ្លះជាមួយអក្សរចិនជាអត្ថបទដើម​​​ដែលខ្ញុំមើល​បាន​ដោយអន្លើៗ ផ្សែផ្សំផងហើយខ្ញុំផ្ទៀងជាមួយនឹងស្នាដៃប្រែរបស់លោក​​ប៉េលី្លយ៉ូជាភាសាបារាំងទៀត។ប៉ុន្ដែនៅតែមិនអស់ចិត្ដ។ លុះថ្ងៃ​មួយ​ខ្ញុំជួបគ្រូចាស់ខ្ញុំ ដែលឥឡូវអាយុ៧១ឆ្នាំហើយ ឈ្មោះលោក តាំង ស៊ុយគង់។ កាលខ្ញុំរៀនអក្សរចិន​​​ (១៩៤០) លោក​ជា​សាស្រ្ដាចារ្យ​ខាងអក្សរសាស្រ្ដធ្លាប់ចេះចាំរឿងព្រេងសព្វគ្រប់ ជាអ្នកសិក្សាដោយខ្លួនឯង តាមរបៀបចិនបុរាណ។ ឥឡូវលោករស់នៅជាមួយកូន​​​​​​ចៅ  ដែលសុទ្ធសឹងជាមន្រ្ដីរាជការយើងខ្លះនិងខ្លះជាអ្នកជំនួញ។ ខ្ញុំស្នើសុំឱ្យគាត់ជួយ​ផ្ទៀងជាមួយខ្ញុំ។ លោកតាទទួលដោយរីករាយ ពេញ​ចិត្ដនឹងកិច្ចការនេះដូចមិត្ដខ្ញុំទាំង​ពីរខាងលើដែរ។ គាត់ពន្យល់ខ្ញុំម្ដងមួយវគ្គៗ ខ្ញុំផ្ទៀងមើលតើត្រូវន័យសព្វគ្រប់ដូច​​​សេចក្ដីប្រែរបស់ខ្ញុំរឺទេ? បើខ្វះខ្លះខ្ញុំក៏បន្ថែម បើមិនងាយយល់ខ្ញុំក៏ធ្វើន័យលក្ខណៈពន្យល់ខាងក្រោមតាមគាត់ប្រាប់។ អស់រយៈបីខែទៀតទើបបានសម្រេចយក​​​​សេចក្ដីបាន ហើយដែលចាត់ការបោះពុម្ពពេលនេះ។

ម្យ៉ាងទៀត អំពីសំនៀងភាសាចិនមានច្រើនយ៉ាងតាមគ្រាមភាសា (Dialeeles) ដូចជា​ភាសាប៉េកាំង ស៊ាងហៃ កន្ដាំង ទាជីវ ហុកគៀន៘ ខ្ញុំសូមបញ្ជាក់ថាលោក ជីវ តាក្វាន់ មានដើមកំណើតនៅវ៉េងតា ខែត្រ ជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។ ដូច្នេះសំដីភាសា​លោកក៏ពិសេសតាមស្រុកនោះដែរ។ តែមកដល់ប្រទេសចេនឡា គ្មានចិនស្រុកគាត់​មកនៅទេ មានតែចិនខែត្រគង់ទុង រឺ ក្វាងតាំង ខ្មែរយើងធ្លាប់ហៅ ចិនកន្ដាំង ចិនទាជីវ នេះឯងមករស់នៅ។ ម្លោះហើយសំឡេងពាក្យដែលគាត់ប្រែពីខ្មែរទៅពិបាកស្ដាប់​​​​​​ណាស់ព្រោះតាមសំនៀងពួកកន្ដាំងនិងទាជីវជាអ្នកប្រែអោយគាត់ផង និងតាម​សំនៀងភាសាផ្ទាល់របស់ស្រុកកំណើតគាត់ផង។ ក្នុងការបកប្រែនេះយើងខ្ញុំសម្រេច​​​​គ្នាថា យកតាមសំនៀងចិនទាជីវ ជាគោលព្រោះមានតែចិនទាជីវទេដែលរស់នៅភាគ​ច្រើនលើសលុបគេក្នុងស្រុកខ្មែរ ហើយអ្នកចេះភាសាចិនរឺក៏ពាក្យខ្មែរខ្លះដែលក្លាយ​មកពីចិនសុទ្ធតែអានតាមសំនៀងចិនទាជីវទាំងអស់។

ដូច្នេះខ្ញុំសូមអភ័យទោសជាមុនពីសំណាក់លោកអ្នកដែលចេះចិនជ្រៅជ្រះ ក្រែង​​​លោកខ្ញុំនិងគ្នីគ្នាខ្ញុំផ្សំគ្នាប្រែនេះ​មិនទាន់សព្វគ្រប់ខ្វះ​ចន្លោះ​ពាក្យពេចន៍។

​​​​​​​​​​​​​​​​​​ភ្នំពេញ ខែមិថុនា គ.ស. ១៩៧១

លី ធាមតេង

បញ្ចេញមតិ