មជ្ឈដ្ឋានភូមិសាស្ត្រខ្មែរសម័យបុរាណ

ដោយ៖ និស្សិត កំពង់ចាម​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ប្រវត្តិសាស្រ្ដ | 0 |
មជ្ឈដ្ឋានភូមិសាស្ត្រខ្មែរសម័យបុរាណ មជ្ឈដ្ឋានភូមិសាស្ត្រខ្មែរសម័យបុរាណ

ក្នុងសម័យដែលរុងរឿងបំផុត ទឹកដីខ្មែរបានលាតសន្ធឹងទៅលើភូមិភាគធំនៃអាស៊ីអគ្នេយ៍ដីគោក។ ក្រៅពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ទឹក​ដី​កូ​សាំង​ ស៊ីន​ទាំង​មូល ផ្នែក​ខាង​ត្បូង និង​កណ្ដាល​នៃ​ប្រទេសលាវ និងផ្នែកខាងកើតនៃប្រទេសថៃ ក៏ជារបស់ខ្មែរដែរ។ ហើយ​មាន​ពេល​ខ្លះ អំណាច​ខ្មែរ​បាន​លាត​សន្ធឹង​រហូត​ដល់​ជ្រោយ​ម៉ាលាយូ និង​ប្រទេស ភូមា​ថែម​ទៀត​ផង។

ពីស.វ. ទី១៣ ​ដល់ ១៩ ទឹក​ដី​ខ្មែរត្រូវ​រួញ​បន្ដិ​ចម្ដង​ៗ ដោយ​សារ​អំ​ពើ​រុក​រាន​របស់​ជន​ជាតិ​សៀម និង​ជន​ជាតិ​យួន ដែល​មាន​បំណង​យក​ទន្លេ​​មេ​គង្គ​ធ្វើ​ជា​ព្រំ​ដែន​រួម​របស់​គេ​។ ដោយ​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​ស្ដេច​ខ្មែរ ហើយ​ដែល​ស្រប​នឹង​ប្រ​យោជន៍​គេផង​នោះ បារាំង​បាន​ធ្វើ​អន្ដ​រា​គម​​ចូល​មក​ក្នុង​នយោ​​បាយ​ខ្មែរ ហើយ​ប្រ​ហែល​ដោយ​សារ​នោះ​ ជាតិ​ខ្មែរយើង​ក៏​អាច​នៅ​គង់​វង់​រហូត​ដល់​សព្វ​ថ្ងៃ ព្រម​​ទាំង​​អាច​​ថែ​​រក្សា​​ទឹក​​ដី​ ដែល​​ខ្លួន​​ធ្លាប់​​មាន​កាល​ពីស.វ​ទី​១៨​។ ប៉ុន្ដែ​​ជន​​ជាតិ​​ខ្មែរ​រាប់​លាន​នាក់ ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​មាតុ​ភូមិ​របស់​ខ្លួន ហើយ​ត្រូវ​រស់​នៅ​ក្រោម​​ការ​​គ្រប់​​គ្រង​​របស់​​ជន​​បរ​ទេស​ ដែល​បាន​យក​ទឹក​ដី​ខ្មែរ​ធ្វើ​ជា​ទឹក​ដី​របស់​គេ​។

ប្រទេស​ខ្មែរ​សព្វ​ថ្ងៃ​មាន​ផ្ទៃ​ដី​ប្រមាណ ១៨១០៣៥គ.ម​ក្រឡា ហើយ​ស្ថិត​នៅ​ចន្លោះ​ប្រ​ទេស​ថៃ ប្រ​ទេស​លាវ ប្រ​ទេស​​វៀត​​ណាម​​ខាង​​ត្បូង​ និង​ឈូង​សមុទ្រ​ថៃ​។ បើ​និយាយ​ពី​សណ្ឋាន​ដី គេ​ឃើញ​មាន​ភូមិ​ភាគ​ពីរ​ខុស​គ្នា មួយ​ផ្នែក​ជា​ដី​ខ្ពស់​នៅ​ខាង​ជើង ឦ​សាន និង​​នីរតី មួយ​​ផ្នែក​​ទៀត​ជាដី​ទំនាប​តំបន់​បឹង​ទន្លេ​​សាប អាង​ទន្លេ​មេ​គង្គ និង​តំបន់​ស​​ឆ្នេរ​​មុទ្រ​​។

– ភូមិភាគដីខ្ពស់ ជាភូមិភាគសំបូរដោយព្រៃឈើ ហើយមានសន្ឋានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាប។
– នៅទិសនិរតីភ្នំក្រវាញ បានលាតសន្ធឹងតាមឆ្នេរសមុទ្រ តែមានកំពស់មធ្យមមិនហួសពី ១០០០ម. ឡើយ។
– នៅខាងជើង ជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃ។ នៅ​​ខាង​ត្បូង​ជួរ​ភ្នំ​នេះ គេ​ ឃើញ​មាន​ភ្នំ​ដង​រែក និង​ខ្ពង់​រាប​ខ្លះ ភ្នំ​គូលេន​។

នៅទិសឦសាន ខ្ពង់រាបក្រានិត (granite) បានលាតសន្ធឹងក្នុងខេត្ដរតនគីរី និងមណ្ឌលគីរី ហើយមានកន្លែងខ្លះមាន​កំពស់​រហូត​ដល់ ១០០០ម (កន្លែង​ប្រ​ជុំ​ព្រំ​ដែន ៣) ខ្ពង់​រាប​ទាំង​នេះ​ជា​ប្រ​ភព​នៃ​ស្ទឹង ៣ ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គ គឺស្រែពក សេសាន និង​សេ​កង​។ ផ្នែក​កណ្ដាល​ នៃ​ប្រ​ទេស​ខ្មែរ មាន​សន្ឋាន​ជា​បាត​ចាន​ដែក​ធំ​មួយ ដែលគេឃើញមានភ្នំនៅត្រង់ណេះខ្លះ នៅត្រង់ណោះខ្លះ គឺនៅត្រង់នោះហើយដែលមានម នុស្សរស់នៅច្រើនកុះករជាទីបំផុត ហើយដែលចិញ្ចឹមជីវិតដោយរបរកសិកម្ម ព្រោះដីមានជីជាតិ និងមានទំហំធំទូលាយជាងគេនៅអិណ្ឌូចិនទាំង មូលនេះ។

ទន្លេមេគង្គជាទន្លេធំតែមួយ ដែលបានឆ្លងកាត់វាលទំនាបខ្មែរ ពីខាងជើងរហូតដល់ចុងខាងត្បូង។ ទន្លេមាន​ប្រ​វែង​ជាង​៥០០០​គ.ម មាន​ប្រភព​ ចេញ​ពី​ខ្ពង់​រាប​ទី​បេ ហើយ​បាន​ហូរ​កាត់​ប្រទេសចិនខាងត្បូង ប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសខ្មែរ និង​ប្រ​ទេស​វៀត​ណាម​ខាង​ ត្បូង​។ នៅ​ត្រង់​ខោន​ប្រទេស​លាវ ដុំ​ថ្ម​ជា​ច្រើន​បាន​រាំង​ផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកំពស់ប្រមាណ២០ម ហើយ​ដែល​ជា​ហេតុ​បណ្ដាល​ អោយ​មាន​ល្បាក់​ទឹក​មិន​អាច​អោយ​កប៉ាល់​ធ្វើ​ចរាចរណ៍ទៅមកបានឡើយ។ ដីសន្ដរទន្លេមេគង្គមានដៃច្រើន ខ្លះមានទទឹង​ដល់​ទៅ​ ២.គម ហើយ​ មាន​ទំហំ​ប្រមាណ​៦០០​គ.ម​។

វាលទំនាបទន្លេមេគង្គ បានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិន។នៅភ្នំពេញទន្លេនេះបានបែកជាបួនត្រង់កន្លែងដែលគេ​ហៅ​ថា «ទន្លេ​៤​មុខ»​ ទន្លេ​ធំ ទន្លេ​សាប ទន្លេ​តូច ទន្លេ​បា​សាក់​។ នៅខែមិនា មេសា ទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែង។ លុះ​ចូល​ដល់​រដូវ​ភ្លៀង​ជោគ​ជាំ ​នៅ​ខែ​កក្កដា ទឹក​ទន្លេ​ឡើង​ខ្លាំង ធារ​ទឹក​អាច​ដល់ ៥០.០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី (លើសទន្លេក្រហមទៅទៀតដែល​មាន​ធារ​ទឹក​តែ ៣០.០០០​ ម៉ែត្រ​ត្រី​គុណ​ក្នុង​មួយ​វិនាទី) ទន្លេ​តូច និង​ទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ ទឹកនោះក៏ហូរ​ចូល​ទៅ​ក្នុង​បឹង​ធំៗ ​(បឹង​ធំ បឹង​តូច) តាម​រយៈ​ទន្លេ​សាប​។ ដូច្នេះ​បឹង​ទន្លេ​សាប​ជា​នីយ​តករ (Régulateur) មួយ​យ៉ាង​សំខាន់ ទប់​ទល់​កុំ​អោយ​មាន​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា។

តាមការសិក្សារបស់អ្នកភូមិសាស្រ្ដ បឹងទន្លេសាបជាស្នាមនៃឈូងសមុទ្រមួយបិទជិតដីល្បាប់ ដែលទន្លេមេគង្គនាំមក​លប់​ជា​រៀង​រាល់​ឆ្នាំ​។ បឹង​ នេះ​មាន​ប្រ​វែង​សរុប ១៦០.គ.ម. (បឹង​ធំ បឹង​តូច +វាល​ភក់) ហើយមានទទឹងអតិបរមា ៣៥គ.ម.។ នៅរដូវសំរក (មិនា មេសា) ទំហំ​ផ្ទៃ​ទឹក​មាន​ប្រ​​មាណ ៣.០០០ គ.ម២​។​ នៅ​រដូវ​ទឹក​ឡើងខែកក្កដា នៅពេលដែលទឹកទន្លេមេគង្គហូរចូល កំពស់ទឹកឡើងពី ២ ដល់ ១៤ ម. ទឹក​ហៀរ​ចេញ​ពន្លិច​ តំ​បន់​ជិត​ខាង​រហូត​ដល់​ ២០ រឺ ៣០​គ.ម. ។ នៅខែតុលា វិច្ឆិកា ទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ គឺ​ក្នុង​អោ​កាស​នោះ​ហើយ​ ដែល​ប្រ​ជា​រាស្រ្ដ​ខ្មែរ​នាំ​គ្នា​ប្រា​រព្ធ​ធ្វើ​ពិធី​បុណ្យ​អុំ​ទូក សំពះព្រះខែ លយប្រទីប។

គួរគាត់សំគាល់ថា បឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេក្នុងពិភពលោក បើគិតតាមសមាមាត្រនៃទំហំ​បឹង​នេះ​។ ម្យ៉ាង​ទៀត​ នៅ​ប្រ​ទេស​ខ្មែរ​យើង​ភ្លៀង​ធ្លាក់​ទៀង​ទាត់ជាងនៅប្រទេសវៀតណាមខាងជើង ហេតុដូច្នេះហើយបានជាទឹកជំនន់នៅ​ទន្លេ​មេ​គង្គ​មាន​ភាព​ មិន​សូវ​មាន​ភាព​សាហាវ​ដូច​នៅ​ទន្លេ​ក្រហម​ទេ​។ គេមិនបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំនាំ គេគ្រាន់តែបង្ហូរ​ទឹក​ចេញ​ពី​កន្លែង​ ណា​ដែល​លិច​ទឹក និង​បញ្ចូល​ទឹក​ទៅ​ក្នុង​ដី​ត្រង់​ណា​ដែលពុំសូវមានទឹកដោយការជីកប្រលាយ។ នេះជាពិធីដែលអ្នកស្រុក​អា​ណា​ចក្រ​ភ្នំ ធ្លាប់​បាន​​អនុ​វត្ដ​ក្នុង​ការ​ប្រ​កប​របរ​កសិ​កម្ម​របស់​ខ្លួន​ជាយូរ​ណាស់​មក​ហើយ។

ប្រភព៖ khmer-kulturzentrum.ch

បញ្ចេញមតិ