វិមានអនុស្សាវរីយ៍ ២ធ្នូ សំណង់តំណាងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តមួយកាលពី ៤០ឆ្នាំមុន
វិមានអនុស្សាវរីយ៍ ២ធ្នូ មានទីតាំងស្ថិតនៅភូមិ ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ។ វិមាននេះត្រូវបានកសាងឡើង ដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើតឡើងនូវ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលដឹកនាំដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបច្ចុប្បន្ន។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅទីតាំងភូមិសាស្រ្តនៃវិមានអនុស្សាវរីយ៍នេះតែម្ដង។
ឈ្មោះរបស់វិមានអនុស្សារវរីយ៍មួយនេះ ត្រូវបានដាក់តាមព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃនាំទៅដល់ការផ្ដួលរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដូច្នេះហើយបានជានៅលើវិមាននេះ មានផ្ទាំងចម្លាក់ដែលបង្ហាញពីទិដ្ឋភាពទាហាន និងប្រជាជនក្នុងជំនាន់ខ្មែរក្រហម និងការទទួលជ័យជំនះលើការផ្ដួលរំលំរបបខ្មែរក្រហមដោយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
វិមានអនុស្សាវរីយ៍ ២ធ្នូ ដែលបានចំណាយទឹកប្រាក់សាងសង់ប្រមាណ ៣.៨លានដុល្លារសហរដ្ឋអាមេរិកនេះ ត្រូវបានសម្ពោធនៅថ្ងៃច័ន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៣ ក្នុងអំឡុងពិធីគម្រប់ខួបទី៣៥ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិនេះឡើង (២ ធ្នូ ឆ្នាំ១៩៧៨-២ ធ្នូ ឆ្នាំ២០១៣)។
អត្ថបទដោយ៖ ទី សារឿន