អត្ថន័យនៃពាក្យ បុរសដើមទ្រូងប្រាំហត្ថ
ចាស់បុរាណតែងតែនិយាយប្រាប់កូនចៅថា « មនុស្សប្រុសបើមិនបួស គឺមិនពេញលក្ខណៈជាបុរសមានដើមទ្រូងប្រាំហត្ថទេ។ ពាក្យថា ប្រុសដើមទ្រូងប្រាំហត្ថនេះជាពាក្យទំនឹមទំនៀមខ្មែរមានជាយូរមកហើយ ពាក្យនេះលោកមិនមែនសំដៅយកមនុស្សប្រុសគ្រប់ទាំងអស់នោះទេ គឺលោកចុចសំដៅចំពោះតែបុរសណាដែលបានឧបសម្បទាជាភិក្ខុតែប៉ុណ្ណោះ ព្រោះភិក្ខុតាមពុទ្ធប្បញ្ញាតិ្តតម្រូវឲ្យមានវត្ថពន្ធទ្រូងសម្រាប់ចងក្រវាត់ទ្រូងពីលើសង្ឃាដិកុំឲ្យធ្លាក់រយីករយោគ។
ខាងក្រោមនេះគឺជាអត្ថន័យសំខាន់ ២យ៉ាងនៃពាក្យ ដើមទ្រួង៥ហត្ថ ដែលត្រូវបានចាស់បុរាណលើកឡើង៖
អត្ថន័យទី១: អ្នកបួសជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនាមានបរិក្ខា ៨ (អដ្ឋបរិក្ខា)សម្រាប់ប្រើប្រាស់គឺ៖
១-ស្បង់សំពត់សម្រាប់ស្លៀក
២-ចីពរ សំពត់សម្រាប់បិតបាំងរាងកាយ
៣-សង្ឍាជី សំពត់សម្រាប់ដណ្តប់ការពាររងារ(សង្ឃាដីដេរត្រួតគ្នា ២ ជាន់
៤-វត្ថពន្ធចង្កេះ សំពត់សម្រាប់ក្រវ៉ាត់ពីលើស្បង់កុំឱ្យរបូត (ខ្សែក្រវ៉ាត់)
៥-បាត្រគឺជាសំភារៈ ឬជាឆ្នាំងសម្រាប់ទទួលចង្ហាន់ពីទាយកទាយិកា
៦-កាំបិតកោរ (ក្នុងពុទ្ធវិន័យផ្នែកអភិសមាចារអនុញ្ញាតឱ្យព្រះសង្ឃទុកសក់ត្រឹមរយៈពេល ២ ខែ គឺប្រវែងត្រឹម២ធ្នាប់ បើទុកឱ្យលើសពីនេះទៅទៀតនេះនឹងត្រូវអាបត្តិទុក្កដ)។
៧-បំពង់ម្ចុលសំភារៈសម្រាប់ដាក់ម្ជុល និង អំបោះដេរប៉ះសំលៀកបំពាក់ផ្ទាល់ខ្លួន
៨-តំរងទឹកប្រដាប់ត្រងទឹក ការពារមិនឱ្យសត្វមានជីវិតឬកករសម្រាមចូលក្នុងទឹកដែលត្រូវយកមកប្រើប្រាស់។
ដើម្បីរក្សាបរិក្ខារទាំងប៉ុន្មានឱ្យមានសណ្តាប់ធ្នាប់ ពិសេសត្រៃចីវរមិនឱ្យរយីករយាគ និងមានបរិមណ្ឌល ត្រឹមត្រូវនៅពេលធ្វើសង្ឃកម្មចាំបាច់ត្រូវប្រើបរិក្ខារមួយផ្សងទៀតគឺ វត្ថពន្ធទ្រូង ដែលមានបណ្តោយប្រវែង៥ហត្ថ (២.៥០ ម៉ែត្រ) ទទឹងប្រមាណ០.៨០ម មកចងក្រវ៉ាត់ត្រឹមដើមទ្រូង។ ត្រង់នេះហើយគេហៅថាដើមទ្រូង ៥ ហត្ថ ជាន័យត្រង់ ព្រោះសម័យបុរាណ មិនមានសាលារៀន ក្រៅពីវត្តអារាម និង ក្នុងព្រះបរមរាជវាំងទេ។ អ្នកបួសគឺជាអ្នកស្រឡាញ់ការសិក្សា អ្នកបួសពេលចាកផ្នួសមកប្រជាជនមានការគោរពរាប់អានដែលគេនិយមហៅថាអន្ទិត (បណ្ឌិត) មានន័យថាមានអ្នកដឹងការរាក់ជ្រៅ ជាអ្នកមានកាយវាចាបានអប់រំល្អ។
អត្ថន័យទី២: មនុស្សប្រុសដែលជាមនុស្សប្រុសពិតប្រាកដ ត្រូវមានអង្គលក្ខណៈ ៥ យ៉ាងគឺ៖
១-វិជ្ជាបរិបូរណ៌ដោយចំណេះដឹង ចំណេះធ្វើ យ៉ាងហោចណាស់ក៍ត្រូវមានមុខវិជ្ជាជីវៈណាមួយសម្រាប់រស់ដែរ(សម្មាអាជីវោ)។
២-ចរិយាសម្បត្តិបរិបូរណ៌ដោយចរិយាធម៌ សីលធម៌ល្អដែលសង្គមរាប់រក
៣-មានភាពជាទីសង្ឃឹមកក់ក្តៅនៃមាតាបិតា មិនធ្វើឱ្យមាតាបិតាមានទុក្ខលំបាក មានវិបដិសារៈ។
៤-ភាពជាស្វាមីដ៍ល្អរបស់នារីណាមួយ
៥-ស្នេហាមាតុភូមិ ស្រឡាញ់ទឹកដីព្រៃព្រឹក្សាស្រុកកំណើតប្រទេសរបស់ខ្លួន។
ប្រកបដោយអង្គ លក្ខណៈ ៥ យ៉ាងនេះដូចរៀបរាប់ខាងលើទើបពេញជាមនុស្សមានដើមទ្រូង៥ហត្ថ។
អត្ថបទដោយ៖ ទី សារឿន