អាថ៌កំបាំងនៃរូបសំណាក ​តារាជ ​ដែល​ល្បីល្បាញ​នៅ​តំបន់​​ប្រាសាទ​​អង្គរ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
អាថ៌កំបាំងនៃរូបសំណាក ​តារាជ ​ដែល​ល្បីល្បាញ​នៅ​តំបន់​​ប្រាសាទ​​អង្គរ អាថ៌កំបាំងនៃរូបសំណាក ​តារាជ ​ដែល​ល្បីល្បាញ​នៅ​តំបន់​​ប្រាសាទ​​អង្គរ

រូបសំណាក ​តារាជ​ ដែល​មាន​ប្រវត្តិ​រាប់រយ​ឆ្នាំមក​ហើយ​ និង​មានភាព​ល្បីល្បាញ​​នៅតំបន់​ប្រាសាទ​អង្គរ។ រូបសំណាក​នេះ ​គឺមានទីតាំងនៅក្លោង​ទ្វារ​ខាង​លិច​​ចូលប្រាសាទ​អង្គរ​វត្តហៅថា​«គុកតារាជ»​ ជាបដិមា​ព្រះន​រាយណ៍​មួយ​ព្រះអង្គ​មាន​ព្រះហស្ត​៨ ​ កម្ពស់​ប្រមាណ​ជាង​ ​៣ ​ម៉ែត្រ​ សាងអំពី​ថ្មភក់ ហើយ​អ្នកស្រុក​ហៅបដិមា​នោះថា​«តារាជ»​ ​មានន័យថា​ ​ជាស្តេច​នៃទេពនិករ​ទាំងពួង​ដែលថែរក្សា​អង្គរវត្ត​។ ​អ្នកស្រុក​នៅខេត្ត​សៀមរាប​ទាំងមូល​ ​មកពីទីជិតឆ្ងាយ​ ​តែងតែមកបន់​ស្រន់ពុំ​ដែល​ដាច់​ ដើម្បីសុំ​សេចក្តីសុខ​ ហេតុនេះហើយទើប​តារាជ​ ក្លាយ​ជាបដិមា​ដ៍ល្បីល្បាញ​នៅ​អង្គរវត្ត​ព្រោះ​នៅតាម​ គុក​ ​ដែល​ជាខ្លោងទ្វារ​ទិស​ដ៍ទៃ​ទៀត​ខ្លះមាន​បដិមា​ស្នង​ខ្លះទៀត​ពុំមាននោះទេ​ ​។​ ​

កាល​ពីមុន​មាន​រូបសំណឹង​ សម្រាប់​បញ្ជាន់​តារាជ​នោះ​ តែងតែ​ជា​មនុស្ស​ស្រី​ ​តែរវាង​ ​១០​ ឆ្នាំ​ ​មកនេះរូប​នោះ​គឺជា ​តាសាន​ រស់​នៅភូមិគក្រៅ​។​ ក្រៅ​ពីការ​បន់ស្រន់​ ​ដែលមាន​ឈ្មោះ​ជាលក្ខណៈ​បុគ្គល​ ​អ្នកស្រុកនៅ​សៀមរាប​អង្គរ​ តែងប្រារព្ធ​ពិធីបុណ្យ​ឡើងតារាជ​ ​នៅថ្ងៃ​ ​៣​ ​កើត​ ​ខែមាឃ​ ​ជារៀង​រាល់ឆ្នាំ​ ​ដែលការ​រៀប​ចំពិធីនេះ​ម្តងៗ​ មានភាព​អធិក​អធមណាស់​ ​។​ ​ក្នុងប្រវត្តិ​បានបញ្ជាក់​ទៀតថា​ ​តារាជ ​ពុំដែលឆ្លង​ហេតុការណ៍​ ពិសេស​ដូចនៅ​ទសវត្សថ្មីៗ​នេះទេ​។​ ​

ជាក់សែ្តងនៅ​ឆ្នាំ ​១៩៨៥​ នាយប់​មួយមាន​ចោរមួយក្រុមមកដាប់ព្រះកេស​លោក​តារាជ​ ​ចេញពី​ដងខ្លួន​ ​ក្នុងគោលបំណង​យក​ទៅលក់​នៅ​ក្រៅប្រទេស​ ប៉ុន្តែដោយ​ការដាប់​នោះយូរ​ ​រហូតដល់​ថ្ងៃរះ ធ្វើជនទុច្ចរិតទាំងនោះបានបង្ខំចិត្តរត់គេច និង​ទុកព្រះកេស​នោះផ្ទាល់ដី​នៅជិតដងខ្លួន​។​ នេះជាសំណាង​ល្អ​ ដែលធ្វើឱ្យ​ស្ថាប័នដែល​គ្រប់គ្រង​មានលទ្ធភាព​យកមករក្សា​ទុកនៅ​មន្ទីរ​អភិរក្ស​អង្គរ​។​

​ដោយសារ​សម័យ​នោះពុំទាន់​មានសុវត្ថិភាព​ទើបឆ្នាំ​ ​១៩៩៣​ អជ្ញាធរ​មាន​សមត្ថ​កិច្ច​បានដឹក​ព្រះកេស​តារាជ ​រួមជាមួយ​វត្ថុបុរាណផ្សេងៗ​ទៀតមក​រក្សាទុក​នៅភ្នំពេញ​នាជាន់ក្រោ​មនៃទីនាំង​ទេវាវិនិច្ឆ័យ​ ​ក្នុង​ព្រះបរមរាជវាំង​ ក្រោយ​មកបាន​យកមក​តម្កល់​ទុកនៅ​សារមន្ទីរជាតិ​ ហើយ​ក្រោយ​មកទើប​គេតម្កល់​ព្រះកេស​តារាជ​ជូនសារធារណៈ​ជនទូទៅ​បានទស្សនា​ រីឯគុក​លោកតារាជ​នៅ​ប្រាសាទ​អង្គរ​វត្តវិញ​គេធ្វើ​ព្រះកេសជា​ស៊ីម៉ង់​តាមលំនាំ​ដើមមកភ្ជាប់​លើដងខ្លួន​ជាបណ្តោះអាសន្ន​។

លុះ​ក្រោយមក គេ​យល់​ឃើញ​ថា​ ​តារាជ​ ​មិនត្រឹមតែ​ជាបេតិកភណ្ឌ​រូបីមួយ​ដ៍ថ្លៃថ្លា​ប៉ុណ្ណោះទេ​ ​តែវាក៏ជាទេព​មួយដ៍​សំខាន់​ដែលអ្នក​ស្រុកបូជា​ពុំដាច់​នោះផង ​ទើបនៅថ្ងៃទី​៧​ ​ខែ​កុម្ភៈ​ ឆ្នាំ​ ​២០០៤​ គេបាន​យក​ព្រះកេស​ដែល​តាំង​នៅ​សារៈមន្ទីជាតិ​ ​ទៅភ្ជាប់​នឹងដង​ខ្លួន​ព្រះអង្គវិញ​ ​ព្រឹត្តិការណ៍​នោះ​បាន​ធ្វើឱ្យ​អ្នកស្រុកមានសេចក្តីរីករាយ និង ​សោមនស្ស​ពន់ប្រមាណ​។​

ប្រភពពី៖ senith.wordpress.com

កែសម្រួលដោយ៖ ទី សារឿន

បញ្ចេញមតិ