ស្នាព្រះហស្ថព្រះបាទអង្គឌួងដែលបានបន្សល់ទុកសម្រាប់ប្រជារាស្រ្តខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ស្នាព្រះហស្ថព្រះបាទអង្គឌួងដែលបានបន្សល់ទុកសម្រាប់ប្រជារាស្រ្តខ្មែរ ស្នាព្រះហស្ថព្រះបាទអង្គឌួងដែលបានបន្សល់ទុកសម្រាប់ប្រជារាស្រ្តខ្មែរ

ព្រះបាទអង្គឌួង​ ប្រសូតនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ ស្តេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយទៅគង់នៅប្រទេសសៀម ជាង១ទសវត្ស។ ព្រះបាទអង្គឌួង​ ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៨៤១ ដែលយើងអាចទុកថា ព្រអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួន​នៅខែធ្នូ​ ឆ្នាំ១៨៤៥ បានសុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមកព្រះបាទអង្គឌួងវិញ។

ព្រះបាទអង្គឌួង​​ បានទទួលពិធីរាជាភិសេក នៅឧដុង្គ នាថ្ងៃទី៧ មីនា ១៨៤៨ ក្នុងព្រះជន្មាយុ ៥២ ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ ”ព្រះបាទ សម្តេចព្រះហិររក្សា រាមាឥស្សរាធិបតី ព្រះស្រីសុរិយាពណ៌ បរមសុរេន្រ្ទា មហាចក្រពត្រាធិរាជ បរមរាថ…”។ បន្ទាប់ពី​ឡើង​សោយ​រាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំង បង្កើតស្ថាបន័ផ្នែកសង្គមកិច្ច ពោលគឺ ប្រជារាស្រ្តក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និងឆាន់ប្រចាំថ្ងៃ។

ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្តិភាព ក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបាន​បង្កើតរចនាសម្ព័ន្ធ​នានា​សម្រាប់​បង្រ្កាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះបាទ អង្គឌួង​ បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយ​ព្រះអង្គ​ផ្ទាល់​ជាអធិបតី​លើតុលាការទី២ នេះ។ ចាប់ពីឆ្នាំ ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។

ព្រះបាទអង្គឌួង​ បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គចាប់ផ្តើមឲ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាឲ្យមន្រ្តីធ្វើកេណ្ឌប្រជាជនឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំងឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្រ្តស្រែចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។

ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណៈប្រតិភូ មានមន្រ្តីសេនាបតីខ្មែរ ២រូប ទៅគាល់ស្តេចសៀម នៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីសូមឲ្យស្តេចសៀមបញ្ជូនមកស្រុកខ្មែរវិញនូវព្រះសង្ឃមួយអង្គ ដែលមានចំណេះខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រះនាមព្រះមហាប៉ាន ព្រមទាំងសូមឲ្យយកទាំងគម្ពីរព្រះត្រៃបដិក មកផង។ បានសេចក្តីថា ពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកកម្ពុជា ចាប់ពីពេលនោះមក។

ជនជាតិបារាំងម្នាក់ឈ្មោះ ហង់រី មូហូត បានជួបស្តេចអង្គឌួង​រវាងឆ្នាំ ១៨៥៨ ហើយបានសរសេរពីរូបសម្បត្តិ ព្រះអង្គថា៖ “ព្រះអង្គ ប្រមាណ ៦០ព្រះវស្សា មានព្រះកាយទាប ធាត់ក្រអាញ ព្រះកេសាខ្លី។ ទឹកព្រះភ័ក្រ្ត បង្ហាញប្រាជ្ញាញាណវាងវៃ និងមានសមានចិត្តល្អ”។

ព្រះបាទអង្គឌួង​ បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រះចេញពីការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ។ ព្រះអង្គ បានចូលទីវង្គត់នៅឆ្នាំ១៨៦០។ ព្រះអង្គ មានបុត្រពីរអង្គ បានឡើងគ្រងរាជ្យបន្តបន្ទាប់ ស្នងព្រះអង្គ។

ព្រះបាទ អង្គឌួង​ រាជឧិសេសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា។ តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ថព្រះអង្គមាន រឿងកាកី និពន្ធនៅឆ្នាំ​១៨១៥ និងច្បាប់ស្រី នៅឆ្នាំ១៨៣៧។

ប្រភព៖ ប្រវត្តិសាស្រ្តកម្ពុជា និង​ វរជន ខ្មែរ

បញ្ចេញមតិ
អត្ថបទទាក់ទង